(កោះកុង)៖ រដ្ឋបាលខេត្ត និងមន្ទីរព័ត៌មានខេត្តកោះកុង បានរួមសហការបើកយុទ្ធនាការនិយាយថា «ទេចំពោះព័ត៌មានក្លែងក្លាយ! Say No to Fake News» ដោយមានការចូលរួមក្រោមអធិបតីភាព លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ព្រមទាំងលោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មាន មន្ត្រីរាជការគ្រប់ស្ថាប័ន កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សិស្សានុសិស្ស យុវជនកាយរិទ្ធ និងយុវជនកាកបាទក្រហមជាច្រើនរូប។
ពិធីនេះបានរៀបចំឡើងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅសាលមហោស្រពខេត្ត។
លោកស្រី មិថុនា ភូថង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ គឺជាមែកធាងនៃប្រព័ន្ធគ្រប់គ្រងរដ្ឋ និងមានតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយសកម្មភាព និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលជូនសាធារណៈជន ហើយនាំយកបញ្ហាសង្គម និងទុក្ខធុរៈរបស់ប្រជាជនមកប្រាប់រាជរដ្ឋាភិបាលវិញ។
ក្នុងន័យនេះរាជរដ្ឋាភិបាលកម្ពុជា បានប្រាជ្ញាលើកស្ទួយការគោរពសិទ្ធិសេរីភាពសារព័ត៌មានដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីរបបសារព័ត៌មាន។ កន្លងមករាជរដ្ឋាភិបាលបានដាក់ចេញនៅផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤ ដល់ ២០២៨ ក្នុងគោលបំណងជំរុញការកែទម្រង់វិស័យព័ត៌មាន និងសោតទស្សន៍ដោយផ្ដោតលើការកសាង និងអភិវឌ្ឍន៍ធនធានមនុស្សការរក្សាសណ្ដាប់ធ្នាប់ សារព័ត៌មាន និងបង្កើតគុណភាពមាតិកាខ្លឹមសារការផលិត។
លោកស្រីអភិបាលខេត្តបានបន្តថា ក្នុងបរិបទនៃការរីកចម្រើនឥតឈប់ឈរ នៃបច្ចេកវិទ្យានិងការផ្សព្វផ្សាយព័ត៌មានបែបទំនើបតាមប្រព័ន្ធឌីជីថល ជាពិសេសតាមរយៈបណ្ដាញសង្គមនានា បានកើនឡើងជាលំដាប់ហើយការបង្កើតមាតិកាព័ត៌មានក្លែងក្លាយនៅតាមបណ្ដាសង្គមក៏មានការកើនឡើងជាបន្តបន្ទាប់។
លោកស្រីថា ជាក់ស្ដែងរយៈពេលចុងក្រោយនេះ នៅលើពិភពលោកបាននិងកំពុងប្រឈមបញ្ហាភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច ដែលត្រូវប្រឈមមុខចំពោះការបញ្ចេញព័ត៌មានក្លែងក្លាយ ដែលប៉ះពាល់ដល់កិច្ចប្រឹងប្រែង ការពារសន្តិភាព។
លើសពីនេះទៅទៀតបញ្ញាសិប្បនិមិត្ត (AI) ត្រូវបានគេយកទៅប្រើប្រាស់បង្កើតនៅព័ត៌មានដែលមានចរិតបំភាន់ និងបំពុលសង្គម ព្រមទាំងងាយស្រួលបោកប្រាស់ប្រជាពលរដ្ឋ ដែលមិនសូវចេះប្រើប្រាស់បច្ចេកទេសទំនើប ឬយើងហៅថា «អ្នកអក្ខរកម្មព័ត៌មាន»។
ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយប្រើប្រាស់ប្រព័ន្ធឌីជីថលថ្មីបានបង្កើតឲ្យមានការផ្ទុះឡើងនៅអំពើហិង្សាការស្អប់ខ្ពើមការរើសអើងការម៉ាក់ងាយដែលធ្វើឲ្យមានផលប៉ះពាល់។ ទៅដល់ផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់សង្គមសេដ្ឋកិច្ចនយោបាយ និងប៉ះពាល់ដល់ទំនាក់ទំនងសង្គម។
លោក មុំម៉ាលិកា បានលើកឡើងថា យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្រុមប្រធានបទ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ! Say No to Fake Fews» ពលរដ្ឋឌីជីថលត្រូវស្វែងយល់បន្ថែមពីរបៀប ក្នុងការកំណត់អត្តសញ្ញាណព័ត៌មានក្លែងក្លាយវិធានការទប់ស្កាត់ការវិស័យ និងការបន្សាព័ត៌មានក្លែងក្លាយ។ ត្រូវចូលរួមបំផុសការបង្កើតទម្លាប់ប្រើប្រាស់បណ្ដាញសង្គមដោយការទទួលខុសត្រូវ។ ដោយផ្សព្វផ្សាយតគ្នា អំពីវិធានការសុវត្ថិភាពឌីជីថល។ ភាពចាំបាច់ និងរបៀបក្នុងការបង្ការហានិភ័យ និងសកម្មភាពនានាចាំបាច់ក្នុងការធានាសុវត្ថិភាពព័ត៌មានក្នុងសង្គមរស់នៅ៕