(ព្រៃវែង)៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិព្រែកតាសរ ឃុំអ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង បាននាំគ្នាដាំដំណាំពោត ព្រោះថាដំណាំមួយនេះនៅតែមានទីផ្សារល្អ ដោយអាចជួយសម្រួលជីវភាពគ្រួសារបានមួយចំណែកផងដែរ។
កសិករ សរ ម៉ានី បានឱ្យដឹងថា ដំណាំពោតដែលគាត់បានដាំនេះ ជាពោតសម្រាប់យកទៅកែច្នៃជាចំណីសត្វដោយពោតនេះមាន ទីផ្សារល្អ ដូច្នេះគាត់តែងតែដាំជារៀងរាល់ឆ្នាំហើយក្នុងមួយឆ្នាំគាត់អាចដាំបាន២ដង។
លោកថា ពោតបានដាំនេះ នៅលើផ្ទៃដី៣ហិចតា ដោយក្នុង១ហិចតាពោតឲ្យផលពី១០ តោនទៅ ១១តោន ទៅតាមពោតល្អ ឬមិនសូវល្អ។ ក្នុងមួយគីឡូលក់បាន៧០០រៀល ទៅ ៧៥០រៀល អាស្រ័យលើកទីផ្សារឡើងចុះ។ ចំពោះការថែទាំពោតមិនជាមានផលលំបាកប៉ុន្មាននោះទេ ហើយចំពោះទីផ្សារពោតក៏មិនពិបាកលក់នោះដែរ ឲ្យតែដល់រដូវពោតផ្លែគឺមានឈ្មួញមកកក់រួចជាស្រេចតែម្ដង។
កសិករ សរ ម៉ានី បានឲ្យដឹងបន្ថែមថា ដំណាំពោតនៅក្នុងស្រុកពាមរក៏នេះ គឺប្រជាពលរដ្ឋតែងតែដាំ ជារៀងរាល់ឆ្នាំព្រោះតំបន់នេះ គឺជាប្រភេទដីសណ្តរលិចទឹកដែលមានជីវជាតិល្អ ដូច្នេះប្រជាពលរដ្ឋអាចធ្វើកសិកម្មវិលជុំរហូត អស់ពីធ្វើស្រែមកដាំបន្លែផ្សេងៗ ដែលអាចធ្វើឲ្យគាត់បានប្រាក់ចំណូល បន្ថែមទៀតផងដែរ។
បើតាមលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឲ្យដឹងថា ដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មរដូវវស្សាឆ្នាំ២០២៥ (គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥) ដំណាំសាកវប្បកម្ម មានបន្លែគ្រប់មុខ ពោតស ឪឡឹក និងម្ទេសគ្រប់មុខ សម្រេចបានលើផ្ទៃដីសរុប១២៨៤ ហិកតា ស្មើនឹង១០៧,០០% នៃផែនការ១ ២០០ហិកតា។
ប្រមូលផលសរុប២៤៣ហិកតា បរិមាណផលសរុប ៤៤៣០តោន។ ដំណាំឧស្សាហកម្ម មានពោតក្រហម សណ្តែកបាយ សណ្តែកដី ល្អ អំពៅ ដំឡូងមី និងឈូក សម្រេចបានលើ ផ្ទៃដីសរុប៥ ១០៩ហិកតា ស្មើនឹង១០៤,២៧%នៃផែនការ៤ ៩០០ហិកតា។ ប្រមូលផលសរុប ៣៣៧ហិកតាបរិមាណផលសរុប៦០៧តោន៕