(តាកែវ)៖ នៅក្នុងឱកាសអញ្ជើញចូលរួមប្រារព្ធមិទិញថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា នៅស្រុកបូរីជលសារ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ លោកបណ្ឌិត ស៊ូ ភិរិន្ទ អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ និងប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានស្រុកបូរីជលសារ បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តតាកែវ សូមគាំទ្រការដឹកនាំ និងការដោះស្រាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយធ្វើការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។

លោកបណ្ឌិត ស៊ូ ភិរិន្ទ បានថ្លែងថា ប្រជាពលរដ្ឋខេត្តតាកែវទាំងអស់ត្រូវរួមសាមគ្គីគ្នា ជាមួយរាជរដ្ឋាភិបាល ផ្សាភ្ជាប់ និងផ្ដល់ការគាំទ្រដល់កងកម្លាំងប្រដាប់អាវុធ ដើម្បីពង្រឹងខឿនការពារជាតិរបស់ប្រជាជន ឲ្យកាន់តែរឹងមាំ និងត្រូវនាំគ្នាសម្ដែងនូវការគោរពចំពោះវីរភាពរបស់កងទ័ព និងកងនគរបាល ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន ជាមួយប្រទេសជិតខាងប្រកបដោយជំហរលះបង់ និងការប្ដេជ្ញាចិត្ត យ៉ាងមោះមុតបំផុត។

លោកបណ្ឌិត ស៊ូ ភិរិន្ទ បានចាត់ទុកសកម្មភាពវាយប្រហារខុសច្បាប់ ដោយកងទ័ពថៃមកលើកងទ័ពកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅ នៅតំបន់មុំបីក្នុងទឹកដីកម្ពុជា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើ អធិបតេយ្យភាពកម្ពុជា សម្រាប់គណបក្សប្រជាជនកម្ពុជា គាំទ្រពេញទំហឹងនូវជំហរដ៏ម៉ឺងម៉ាត់ច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្នុងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងគាំទ្រ ជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែន នៅចំណុចផ្សេងទៀតក្រៅពីចំណុចទាំង៤ ដោយសន្តិវិធីស្របតាមអនុស្សារណៈ នៃការយោគយល់គ្នារវាងប្រទេសទាំងពីរនៅឆ្នាំ២០០០៕