(ព្រះសីហនុ)៖ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបន្តចុះរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិស្រវឹងអ្នកបើកបរយានយន្ត និងមិនពាក់មួកសុវត្ថិភាព យានយន្តទាំង ឡាយណា ដែលបំពាក់ភ្លើងសញ្ញាសម្រាប់រថយន្តអាទិភាព លើរថយន្ដស៊ីវិលខុសច្បាប់ កែច្នៃភ្លើងខុសបច្ចេកទេស ប្រើប្រាស់ស៊ីម៉ាំងកែឆ្នៃលឺសឡេងខ្លាំងដែលបង្កការរំខានខ្លាំងដល់អ្នកដទៃ។
ប្រតិបត្តិការនេះធ្វើឡើក្រោមការយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។ ដោយគោរពតាមបទបញ្ជា នាយប់ថ្ងៃទី១ ខែកក្ដដា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក នី ចាន់ណារ៉ា នាយការិយាល័យចរាចរណ៍ផ្លូវគោក បានចាត់ឲ្យលោកវរសេនីយ៍ទោ ភិន សារ៉ាវុធ ដឹកនាំកម្លាំងចុះដាក់គោលដៅត្រួតពិនិត្យនៅលើផ្លូវឯករាជ្យ ត្រង់ចំណុចវេទិការ៧មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
លោកវរសេនីយ៍ទោ ភិន សារ៉ាវុធ បានឲ្យដឹងថា នេះជាយុទ្ធនាការ ដើម្បីទប់ស្កាត់កាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ ដែលបង្កឡើងដោយការធ្វេសប្រហែស ក្នុងការបើកបរ មិនពាក់មួកសុវត្ថិភាព បើកបរក្នុងស្ថានភាពស្រវឹង។
លោកបន្តថា ដោយគោរពតាមបទបញ្ជាដ៏ម៉ឺងម៉ាត់នៅយប់នេះកម្លាំង បានផាកពិន័យទៅលើអ្នកបើកបរយានយន្តគ្រប់ប្រភេទរួមមាន៖ មិនពាក់មួកសុវត្ថិភាព មិនពាក់ខ្សែក្រវ៉ាត់ ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេសបង្កសម្លេងរំខាន បើកបរស្ថានភាពស្រវឹង យកមកពិន័យ និងណែនាំស្តីពីច្បាប់ចរាចរណ៍ឲ្យកាន់តែយល់ច្បាស់បន្ថែមទៀត។
លោកវរសេនីយ៍ទោ បានអំពាវនាវអ្នកបើកបរគ្រប់ប្រភេទដូច្នេះថា ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺយើងត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នា ទាំងសមត្ថកិច្ច ទាំងអ្នកធ្វើដំណើរតាមដងផ្លូវត្រូវចូលរួមអនុវត្តច្បាប់ គោរពច្បាប់ ស្វែងយល់ពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ កុំភ្លេចពាក់មួកសុវត្តិភាព កុំបើកបរលើសល្បឿនកំណត់ កុំវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ កុំបើកបរក្នុងស្ថានភាពស្រវឹង ជាពិសេសត្រូវចាំថាយើងមានក្រុមគ្រួសារ កំពុងតែរង់ចាំនៅផ្ទះ៕