(សៀមរាប)៖ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានដាក់បទបញ្ជាដល់បណ្តាកងរាជអាវុធហត្ថក្រុង ស្រុក និងកងអនុសេនាធំចល័ត ត្រូវប្រកាន់ភ្ជាប់រាល់បទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាល ក្នុងការត្រៀមកម្លាំងអន្តរាគមន៍ ដើមី្បជួយដល់ប្រជាពលរដ្ឋ រងគ្រោះដោយគ្រោះធម្មជាតិ និងឧប្បវទ្ទហេតុផ្សេងៗ ព្រមទាំងត្រៀមលក្ខណៈគ្រប់ពេលវេលា និងក្តាប់ឲ្យបាននូវមុខសញ្ញាក្រុមទុច្ចរិត ដែលមានឧបាយកលបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន។
ការដាក់នូវបទបញ្ជាយ៉ាងដូច្នេះរបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារ អនុវត្ថតួនាទីភារកិច្ច ប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២៥ របស់កងរាជអាវុធហត្ថខេត្តសៀមរាប នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក លោកស្រីជា មេបញ្ជាការរង ជានាយសេនាធិការ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ ប្រធានអង្គភាពនគរបាលយុត្តិធម៌ នាយការិយាល័យ នាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកទាំង១៣ និងមេបញ្ជាការ កងអនុសេនាធំចល័ត។
លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានធ្វើការវាយតម្លៃខ្ពស់អំពីលទ្ធផល ដែលគ្រប់កងឯកភាពទាំងអស់ អនុវត្តលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំខាន់សន្តិសុខ សុវត្ថិភាពជូនដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងអន្តរជាតិ ព្រមទាំងភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ត្រូវយកចិត្តទុកដាក់ខ្ពស់ធ្វើការបណ្តុះបណ្តាល ហ្វឹកហ្វឺនជាប្រចាំដល់កងកម្លាំងនូវគ្រប់មុខវិជ្ជាយុទ្ធសាស្ត្រ របស់កងទ័ព និងអប់រំចិត្តសាស្ត្រជាដើម។ បច្ចុប្បន្ននេះ ការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ក្នុងការពង្រឹង ខឿន ការពារជាតិ តាមរយៈការផ្ដល់នូវចំណេះដឹង និងចំណេះធ្វើពិតប្រាកដដល់កងទ័ព។
ជាមួយនេះដែរ លោកឧត្តមសេនីយ៍ត្រី ក៏បានលើកអំពីស្ថានភាព សន្តិសុខនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ ការពារ ជាតិ សាសនា ព្រះមហាក្សត្រ សុខសន្តិភាព ស្ថិរភាព សណ្ដាប់ធ្នាប់សាធារណៈ និងសេចក្ដីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋកម្ពុជា ទោះស្ថិតក្នុងតម្លៃណាក៏ដោយ៕