(ភ្នំពេញ)៖ ក្នុងឱកាសនៃការប្រារព្ធទិវាបរិស្ថានពិភពលោក ធនាគារ វីងបានពួតដៃជាមួយអាជ្ញាធរសង្កាត់ស្ទឹងមានជ័យ៣ និងខណ្ឌមានជ័យបានបើកយុទ្ធនាការជំរុញសហគមន៍ ដើម្បីប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ដែលជាតំបន់ពាណិជ្ជកម្មមមាញឹកបំផុតមួយក្នុងរាជធានីភ្នំពេញ។ ធ្វើឡើងក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក» យុទ្ធនាការនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងទៅដល់អាជីវករ ក៏ដូចជាប្រជាពលរដ្ឋទូទៅរស់នៅក្នុងសហគមន៍ អំពីផលប៉ះពាល់នៃការប្រើប្រាស់បា្លស្ទិកចំពោះបរិស្ថាន និងសុខភាព ព្រមទាំងមានការផ្សព្វផ្សាយ អំពីការប្រើប្រាស់មធ្យោបាយផ្សេងទៀត ដែលអាចជំនួសដោយប្លាស្ទិក ដើម្បីលើកកម្ពស់និរន្តរភាពនៅក្នុងសហគមន៍។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា «ការបំពុលដោយប្លាស្ទិកមិនគ្រាន់តែជាបញ្ហាប្រឈមក្នុងទីក្រុងនោះទេ ប៉ុន្តែវាក៏បង្កផលប៉ះពាល់ដល់សុខភាព សេដ្ឋកិច្ច និងមនុស្សជំនាន់ក្រោយរបស់យើងផងដែរ។ កាលណាកាកសំណល់ប្លាស្ទិកបង្កការកកស្ទះប្រព័ន្ធបង្ហូរទឹក នោះវានឹងបណ្តាលឱ្យមានការជន់លិច ហើយបើដុត វានឹងបញ្ចេញផ្សែងពុលទៅក្នុងបរិយាកាស។ មិនតែប៉ុណ្ណោះការប្រើប្រាស់ប្លាស្ទិក នៅក្នុងខ្សែច្រវាក់អាហារ វាក៏បង្កការគំរាមកំហែងជីវិតសត្វ និងសុខុមាលភាពរបស់មនុស្សផងដែរ។ ហេតុដូចនេះហើយទើបការរួបរួមគ្នា ក្នុងគំនិតផ្តួចផ្តើមមួយនេះ គឺត្រូវតែធ្វើឡើងជាបន្ទាន់»

កាកសំណល់ប្លាស្ទិកនៅតែចោទជាបញ្ហា គំរាមកំហែងដល់បរិស្ថានក្នុងប្រទេសកម្ពុជា។ យោងតាមក្រសួងបរិស្ថានបានបង្ហាញថា ពលរដ្ឋកម្ពុជាបានបង្កើតកាកសំណល់ប្រហែល ៤លានតោនក្នុងមួយឆ្នាំ ហើយក្នុងនោះប្រហែល ៦០% ជាសំណល់សរីរាង្គ និងជាង ២០%ទៀតជាសំណល់ប្លាស្ទិក ដែលប្រើប្រាស់បានតែមួយដងដូចជា ប្រអប់ស្នោ ដបប្លាស្ទិក និងថង់ប្លាស្ទិកជាដើម។ កាកសំណល់មួយផ្នែកទៀតរួមមាន កាកសំណល់ផ្សេងៗ និងកាកសំណល់ដែលចោលមិនបានត្រឹមត្រូវ។ នៅតាមតំបន់ទីក្រុងដូចជារាជធានីភ្នំពេញ កាកសំណល់ប្លាស្ទិកដែលគ្រប់គ្រងមិនបានត្រឹមត្រូវ បានបង្កការកកស្ទះប្រព័ន្ធលូ ឆាប់ជន់លិច និងការរិចរិលនៃបរិស្ថាន ដែលទាំងនេះអាចបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀត។

ជាការឆ្លើយតបដោយផ្ទាល់ទៅនឹងបញ្ហាប្រឈមទាំងនេះ បុគ្គលិកធនាគារ វីង ជាង ២៥០នាក់ បានចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសហគមន៍ក្នុងយុទ្ធនាការប្រកបដោយអត្ថន័យមួយ។ យុទ្ធនាការនេះមានសកម្មភាពជាច្រើនដូចជា ការចុះទៅផ្សព្វផ្សាយដោយផ្ទាល់ ទៅកាន់អាជីវករចំពោះការប្រើប្រាស់សម្ភារៈ ដែលជួយដល់បរិស្ថាន ការណែនាំអំពីជម្រើសផ្សេងៗ ក្រៅពីការប្រើប្រាស់ប្លាស្ទិកសម្រាប់ការវេចខ្ចប់ ក៏ដូចជាសកម្មភាពសម្អាតសំរាមនៅតាមដងផ្លូវវេងស្រេង និងការកាន់បដា ដើម្បីលើកទឹកចិត្តទៅសាធារជនឲ្យមានការចោលសំរាម ប្រកបដោយការទទួលខុសត្រូវ និងលើកកម្ពស់សោភ័ណភាពបរិស្ថាន។ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តចំពោះសហគមន៍ ធនាគារ វីង ក៏បានបរិច្ចាគគ្រឿងឧបភោគ-បរិភោគមួយចំនួនដល់សង្កាត់ស្ទឹងមានជ័យ៣ និងខណ្ឌមានជ័យ សម្រាប់ចែកជូនដល់គ្រួសារដែលខ្វះខាតផងដែរ។

គំនិតផ្តួចផ្តើមនេះស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ពោលគឺគោលដៅទី១១ ស្តីអំពីទីក្រុង និងសហគមន៍ប្រកបដោយនិរន្តរភាព និងគោលដៅទី១២ ស្តីអំពីការប្រើប្រាស់ និងផលិតកម្មប្រកបដោយការទទួលខុសត្រូវ ដែលនេះជាការពង្រឹងការប្តេជ្ញាចិត្តរបស់ធនាគារ វីង បន្ថែមទៀត សំដៅជំរុញផលវិជ្ជមានចំពោះបរិស្ថាន រួមជាមួយនឹងបេសកកម្មរបស់ខ្លួន ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាផងដែរ។

លោក ឌី សុខខែម អភិបាលរងខណ្ឌមានជ័យ បានលើកឡើងថា «ការបំពុលដោយប្លាស្ទិកបានបន្តគំរាមកំហែងដល់សហគមន៍ ប្រព័ន្ធលូ និងសុខភាពសាធារណៈ។ យើងខ្ញុំពិតមានការកោតសរសើរចំពោះការដឹកនាំ និងស្មារតីបុរេសកម្មរបស់ធនាគារ វីង ចំពោះបញ្ហាកង្វល់បរិស្ថាន។ យុទ្ធនាការនេះ គឺជាឧទាហរណ៍ជាក់ស្តែងមួយអំពីកិច្ចសហការ រវាងអាជ្ញាធរមូលដ្ឋាន និងកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនឯកជន ដែលអាចជំរុញឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានយ៉ាងពិតប្រាកដ និងប្រកបដោយនិរន្តរភាព។ យើងខ្ញុំសង្ឃឹមយ៉ាងមុតមំាថា គំនិតផ្តួចផ្តើមបែបនេះ នឹងបំផុសឡើងជាច្រើនទៀតនៅគ្រប់តំបន់នៃរាជធានីភ្នំពេញ»

បន្ថែមពីលើនេះទៀត ធនាគារ វីង ក៏បានដាក់បញ្ចូលការគិតគូអំពីបរិស្ថាន ទៅក្នុងប្រតិបត្តិការរបស់ខ្លួន។ ជាក់ស្តែងការប្រើប្រាស់ប្រព័ន្ធឌីជីថល សំដៅកាត់បន្ថយការប្រើប្រាស់ក្រដាស និងការដាក់ឲ្យដំណើរការកាតធនាគារ ដោយបានផលិតចេញពីសារធាតុងាយរលាយ មិនប៉ះពាល់ដល់បរិស្ថានជាដើម ដែលទាំងនេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ វីង ក្នុងការកាត់បន្ថយផលរំខានទៅដល់បរិស្ថានជាអប្បបរមា។ ជាមួយគ្នានេះ ធនាគារ វីង ក៏បានចូលរួមលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានបៃតង ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម ដែលផ្តល់ផលវិជ្ជមានដល់បរិស្ថាន ក៏ដូចជាលើកទឹកចិត្តដល់ការអនុវត្តក្នុងការសន្សំថាមពល និងការកាត់បន្ថយកាកសំណល់ នៅក្នុងការិយាល័យរបស់ខ្លួន។

ធនាគារ វីង នឹងបន្តបង្កើនការផ្សព្វផ្សាយអំពីបរិស្ថាន ដោយផ្សារភ្ជាប់ជាមួយចំណេះដឹង ហិរញ្ញវត្ថុ ហើយថែមទាំងខិតខំបង្កើតដំណោះស្រាយនិរន្តរភាព ដើម្បីជាប្រយោជន៍សម្រាប់សហគមន៍ និងការគាំពារបរិស្ថាន នៅក្នុងប្រទេសកម្ពុជាប្រកបដោយចីរភាព៕