(ភ្នំពេញ)៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅថ្អៃទី២ ខែកក្កដា ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍ជុំវិញការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង និងការមើលថែទាំសត្វនៅភ្នំតាម៉ៅ។
បើតាមការបង្ហោះលើគណនីហ្វេកប៊ុកផេក Wildlife Alliance Cambodia-អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថាលោក ទ្រី ស៊ីថេង បានដាក់លិខិតលាលែងពីការងារដោយស្ម័គ្រចិត្តខ្លួនឯង ដោយលាឈប់ពីការងារចាប់ពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៥តទៅ។ គាត់មិនត្រូវបានគេបញ្ឈប់ ឬក៏ស្នើសុំឱ្យលាលែងពីការងារនោះឡើយ។
នៅភ្នំតាម៉ៅ ការផ្តល់ចំណី និងការថែទាំសត្វ មិនថាសត្វដំរី ឬសត្វផ្សេងៗទៀតនោះទេ គឺនៅតែបន្តផ្តល់ និងថែទាំជាប្រចាំតាមធម្មតា។
បច្ចុប្បន្ននេះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃចំណាយប្រាក់ជាង ១,៥០០០ ដុល្លាសហរដ្ឋអាមេរិកក្នុងមួយខែសម្រាប់តែចំណីសត្វប៉ុណ្ណោះនៅភ្នំតាម៉ៅ។
តាមរយៈសំណេរដដែល អង្គការសម្ព័ន្ធមិត្តសត្វព្រៃប្តេជ្ញាចិត្តរក្សាសុខុមាលភាពរបស់សត្វដំរីទាំងអស់ដែលកំពុងរស់នៅភ្នំតាម៉ៅ ដោយធ្វើការសហការជាដៃគូជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕