(ភ្នំពេញ)៖ អាជ្ញាធរអគ្គិសនីកម្ពុជា បានប្រាប់ឲ្យក្រុមហ៊ុនចំនួន២ បញ្ឈប់ការចេញវិក្កយបត្រថ្លៃប្រើប្រាស់អគ្គិសនី និងថ្លៃសេវាផ្សេងៗ ជា «ប្រាក់បាត» របស់ថៃ។ នេះបើតាមលិខិតរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥។

អាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់ការទិញអគ្គិសនីទាំងស្រុងពីប្រទេសថៃ មកផ្គត់ផ្គង់ឱ្យតំបន់ទាំងអស់នៅតាមបណ្តោយព្រំប្រទល់ ប្រទេសកម្ពុជា-ថៃ។

ដូច្នេះ អាជ្ញាធរអគ្គិសនីកម្ពុជា ស្នើសុំបញ្ឈប់ការចេញវិក្កយបត្រ ថ្លៃប្រើប្រាស់អគ្គិសនី និងថ្លៃ សេវាផ្សេងៗ ជា «ប្រាក់បាត» នៅតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់ក្រុមហ៊ុន អិល.វ៉ាយ.ភី នៅខេត្តកោះកុង និងតំបន់ អូរស្មាច់ ស្រុកសំរោង ខេត្តឧត្តរមានជ័យ និងនៅតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់ក្រុមហ៊ុន អានកូ តំបន់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕