(ព្រះវិហារ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមការងារ និងសិល្បករសិល្បការិនី ប្រមាណ១៥០នាក់ មកចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយនឹងបងៗវីរកងទ័ព ដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហាននៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ ស្ថិតនៅក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥។
ជាមួយគ្នានោះ លោកជំទាវអ្នកឧកញ៉ា បាននាំយកនូវថវិកាចំនួន ២០០លានរៀល ទៅប្រគល់ជូនកងទ័ពជួរមុខ ដែលក្នុងនោះថវិកាចំនួន១២០លានរៀល ជាថវិការបស់សមាគមសិល្បករខ្មែរ និង៨០លានរៀលទៀត ជាថិវកាផ្ទាល់ខ្លួនរបស់លោកជំទាវអ្នកឧកញ៉ា ហើយក៏មានរបស់របរប្រើប្រាស់ និងគ្រឿងឧបភោគ-បរិភោគ មួយចំនួនធំអមជាមួយផងដែរ។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានសង្កត់ធ្ងន់ថា ថ្វីដ្បិតថា ទាំងចំនួនថវិកា, របស់របរប្រើប្រាស់ និងគ្រឿងឧបភោគ-បរិភោគ មានចំនួនតិចតួចក៏ពិតមែន ប៉ុន្តែធាតុពិតនៅពីក្រោយនេះ គឺស្មារតីសាមគ្គីរួមគ្នាជាធ្លុងមួយរវាងសមរភូមិមុខ និងសមរភូមិក្រោយ ដើម្បីការពារសុខសន្តិភាព បូរណភាពទឹកដី និងដែនអធិបតេយ្យភាពជាតិកម្ពុជាយើង។
វត្តមាននៅតំបន់ជួរមុខនាពេលនេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានប្រតិភូសមាគមសិល្បករខ្មែរ បានបញ្ជាក់ថា នេះជាបេសកកម្មមួយដាច់ដោយឡែកផ្សេងទៀត ដែលថ្នាក់ដឹកនាំនៃសមាគមសិល្បករខ្មែរ បានមូលមតិគ្នា រៀបចំនូវរបស់របរប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផ្សេងទៀត ធ្វើដំណើរដោយផ្ទាល់មកទីនេះ ក្នុងន័យចង់បញ្ជាក់ពីក្តីគោរពស្រលាញ់ សាមគ្គីភាពរួមគ្នាជាធ្លុងមួយក្នុងនាមខ្មែរតែមួយ ហើយការលះបង់ ការតស៊ូរបស់ថ្នាក់ដឹកនាំ និងវីរកងទ័ពទាំងអស់ ពិតមានទំហំធំធេងមិនអាចគណនាបាន ទោះក្នុងកាលៈទេសៈណា បេះដូងដែលមានឈាមជ័រខ្មែរតែមួយ ពួកយើងនឹងបន្តកៀកស្មារួមគ្នាជានិច្ច។
សូមបញ្ជាក់ថា ក្នុងស្មារតីសាមគ្គីរួមគ្នាជាធ្លុងមួយរវាងសមរភូមិមុខ និងសមរភូមិក្រោយ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមការងារ និងសិល្បករ-សិល្បការិនី ប្រមាណ១៥០នាក់ មកចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយនឹងបងៗវីរកងទ័ព ដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហាន នៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ ស្ថិតនៅក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមិញនេះ។
ដំណើរមកកាន់ខេត្តព្រះវិហារនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោកជំទាវអ្នកឧកញ៉ា ក៏ទើបតែដឹកនាំបិទបញ្ចប់ការកៀរគរមូលនិធិ ស៊ីធីអិន ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ក្នុងដំណាក់កាលទី១ កាលពីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដោយទទួលបានថវិកាសរុបប្រមាណជាង ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយថវិកា និងគ្រឿងឧបភោគ-បរិភោគទាំងនោះ នឹងត្រូវប្រគល់ជូនរាជរដ្ឋាភិបាល ចាត់ចែងតាមភាពជាក់ស្តែងក្នុងការងារ និងបច្ចេកទេសកងទ័ពកម្ពុជា៕