(ភ្នំពេញ)៖ រាល់ជំនួបជាមួយភ្ញៀវបរទេស សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា មិនរំលងនោះឡើយនូវការលើកឡើងពីទំនាស់ព្រំដែនរវាងកម្ពុជា និងថៃ ដែលផ្តើមចេញពីការឈ្លានពានរបស់ទ័ពថៃ។
នៅថ្ងៃអង្គារ ទី១ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានជួបភ្ញៀវបរទេស៣រូបជាបន្តបន្ទាប់។ ក្នុងជំនួបទាំង៣នេះ សម្តេចតេជោ តែងឆ្លៀតលើកបង្ហាញពីទំនាស់ព្រំដែនរវាងកម្ពុជា និងថៃ។
ជាក់ស្តែងនៅល្ងាចនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យលោក Abdullah ibn Muhammad Al ash-Sheikh ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រអារ៉ាប៊ី សាអូឌីត ជួបសម្តែងការគួរសម និងពិភាក្សាការងារ។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនៅក្តីរីករាយដែលបានជួបលោកប្រធានសភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត សម្ដេចបានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកប្រធានសភា នៅកម្ពុជានាពេលនេះ ជាផ្នែកដ៏សំខាន់ នៃការជំរុញទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត ឱ្យកាន់តែល្អប្រសើរទាំងក្នុងក្របខណ្ឌនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។
សម្ដេចតេជោ បានអរគុណចំពោះការទទួលស្វាគមន៍សម្ដេចយ៉ាងរាក់ទាក់ពេលសម្ដេចទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីតនាពេលកន្លងទៅ។
លោកប្រធានសភាអារ៉ាប់ប៊ី សាអូឌីត បានអរគុណចំពោះសម្ដេចតេជោដែលបានចំណាយពេលវេលាឱ្យលោកបានជួបពិភាក្សានាពេលនេះ។ លោកបានសរសើរអំពីទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីតដែលមានការរីកចម្រើនជាបន្តបន្ទាប់។
លោកប្រធានសភា ក៏ចង់ឃើញភាពរីកចម្រើនរវាងប្រទេសទាំងពីរកាន់តែមានភាពល្អប្រសើរកើនឡើងទៀត តាមរយៈភាគីទាំងពីរផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ច នៃថ្នាក់ដឹកនាំប្រទេសទាំងពីរ ដើម្បីឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
លោកក៏បានបញ្ជាក់ពីការជំរុញទំនាក់ទំនងប្រទេសទាំងពីរតាមរយៈការផ្សាភ្ជាប់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលឯកឧត្តមបានចាត់ទុកថាជាចំណុចសំខាន់ ក្នុងការរុញច្រើនទំនាក់ទំនងនេះឲ្យកាន់តែល្អប្រសើរ។ លោក ក៏ចាប់អារម្មណ៍លើវិស័យកសិកម្ម និងទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ដែលក្នុងវិស័យទេសចរណ៍ឯកឧត្តមបានលើកឡើងថា ប្រទេសទាំងពីរនៅមិនទាន់មានជើងហោះហើរ ហើយក៏មិនទាន់មានក្រុមហ៊ុនទេសចរណ៍ច្រើនដែលទៅទស្សនកិច្ចនៅអារ៉ាប៊ី សាអូឌីត និងនាំទេសចរណ៍ពីអារ៉ាប៊ី សាអូឌីតមកកម្ពុជាច្រើនដែរ។
លោកប្រធានសភាចង់ឱ្យភាគីទាំងពីរ បង្កើននូវកិច្ចសហប្រតិបត្តិការមួយគ្នាឱ្យកាន់តែល្អប្រសើរ លើវិស័យទេសចរណ៍និងកសិកម្ម ជាដើម។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាពចំពោះការលើកឡើងរបស់លោកប្រធានរដ្ឋសភាអារ៉ាប៊ី សាអូឌីត ហើយសម្ដេចក៏បានលើកឡើងអំពីសក្តានុពលរបស់ប្រទេសកម្ពុជា ដែលអ្នកវិនិយោគរបស់អារ៉ាប៊ីសាអូឌីតគួរតែសម្លឹងមក នឹងធ្វើការសិក្សា ក៏ដូចជាវិនិយោគក្នុងវិស័យសំខាន់ៗក្នុងប្រទេសកម្ពុជាគឺវិស័យកសិកម្មតែម្ដង។
សម្ដេចបញ្ជាក់ថាវិស័យកសិកម្មនៅកម្ពុជា គឺមានសក្តានុពលច្រើនដែលត្រូវការវិនិយោគពីក្រៅប្រទេស ហើយប្រសិនបើអារ៉ាប់ប៊ី សាអូឌីត ចាប់អារម្មណ៍គួរតែពិនិត្យទៅលើការវិនិយោគលើវិស័យកសិកម្ម កសិឧស្សាហកម្ម ពិសេសកាកែច្នៃផលិតផលកសិកម្មដើម្បីធ្វើការនាំចេញ។ កម្ពុជាសព្វថ្ងៃមានសមត្ថភាពផលិត ដែលជាវត្ថុធាតុដើម ប៉ុន្តែនៅមានកង្វះខាតក្នុងការកែច្នៃដើម្បីនាំចេញ។
សម្ដេចតេជោក៏បានលើកឡើងទាក់ទងទៅនឹងអង្កររបស់កម្ពុជាទទួលបានការចាប់អារម្មណ៍លើទីផ្សារអន្តរជាតិជាច្រើន ដែលជាអង្ករមិនមានជាតិគីមី ហើយទទួលបានការផ្ដល់តម្លៃហើយអាចវាយលុកទៅលើទីផ្សារគ្រប់ទីកន្លែង ប៉ុន្តែចំណុចសំខាន់គឺនៅខ្វះការកែច្នៃដើម្បីនាំចេញ។
ទាក់ទងទៅនឹងទេសចរណ៍ សម្ដេចតេជោ ហ៊ុន សែន ចង់ឃើញអារ៉ាប់ប៊ីសាអូឌីតមានការហោះហើរត្រង់មកកាន់ប្រទេសកម្ពុជា ដែលមិនត្រឹមតែប្រជាជនរ៉ាប៊ីសាវ៉ាឌីតមកកាន់ប្រទេសកម្ពុជាប៉ុណ្ណោះនោះទេ តែប្រជាជននៅតំបន់មជ្ឈឹមបូព៌ា និងអាចធ្វើដំណើរមកកាន់ប្រទេសកម្ពុជាបានផងដែរ ហើយក៏ជាការបង្កើតនូវកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរប្រជាជននិងប្រជាជនផងដែរ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានចែករំលែកអំពីស្ថានភាពបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសម្ដេចបានបញ្ជាក់ពីមូលហេតុដែលបានកើតឡើង គឺផ្ដើមឡើងដោយទាហានថៃចូលមកបាញ់សម្លាប់ទាហានកម្ពុជាកាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅនេះ និងថៃ បានបិទព្រំដែនជាឯកតោភាគី និងការគំរាមកំហែងផ្សេងៗជាច្រើនទៀត។
លោកប្រធានរដ្ឋសភាអារ៉ាប៊ីសាអូឌីត ក៏បានអរគុណសម្តេចតេជោ ដែលបានប្រាប់អំពីមូលហេតុបញ្ហាព្រំដែនកម្ពុជា-ថៃ ហើយលោកបានដឹងច្បាស់អំពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ហើយបច្ចុប្បន្ននេះ កម្ពុជាមានការរីកចម្រើន និងមានសុខសន្តិភាព ហើយលោកសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា និងអារ៉ាប៊ីសាអូឌីត នឹងកាន់តែរីកចម្រើនបន្ថែមទៀតនាពេលអនាគត៕