(ភ្នំពេញ)៖ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក ណាហ្គាស៊ីម៉ា អាគិហិសា (NAGASHIMA Akihisa) ទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រី និងជាសមាជិករដ្ឋសភា​ជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព ។

ក្នុងជំនួបនេះ លោកសមាជិករដ្ឋសភាជប៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ជូន​ចំពោះសម្ដេចមហាបវរធិបតី ដែលបានផ្ដល់នូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងបាន​ចំណា​យ​ពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែង​ការគួរសម និងពិភាក្សាការងារនាឱកាសនេះ។ លោកបានសម្ដែងការពេញចិត្ត និង វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅជប៉ុន-កម្ពុជា នៅក្នុងវិស័យ​គន្លឹះ​នានា។

ចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខ, លោកបានសម្ដែ​ង​ការ​ពេញ​ចិត្ត, ជាពិសេសកិច្ចសហប្រតិបត្តិរវាងកងស្វ័យការពារជេីងគោកជប៉ុន និង កងទ័ពជេីងគោកកម្ពុជា តាមរយៈការបន្តផ្ដល់ការគាំទ្រដល់ការបណ្ដុះបណ្ដាល និង​ពង្រឹងសមត្ថភាពដល់កងទ័ពកម្ពុជា។ ទន្ទឹមនេះ លោកបានថ្លែងអំណរគុណ​ដល់​រាជ​រដ្ឋាភិបាលកម្ពុជាដែលបានស្វាគមន៍ និងអនុញ្ញាតឱ្យនាវាកងស្វ័យ​ការពារជើង​ទឹក​ជប៉ុន បំពេញទស្សនកិច្ចនៅមូលដ្ឋានសមុទ្ររាម ដែលនឹងរួមចំណែកដល់ការស្វែង​រក​ឱកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ នាពេលអនាគត។

ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច, សមាជិកសភាជប៉ុនរូបនេះ បានសម្ដែង​ការ​ស្វាគមន៍ចំពោះកញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន ( Economic Co-Cr​e​a​tions Package) ដែលនេះ គឺជាកាលានុវត្តភាពថ្មីមួយ នៅក្នុងការទាក់ទាញ​នូវ​វិនិ​យោគិនជប៉ុនបន្ថែមទៀតមកវិនិយោគនៅប្រទេសកម្ពុជា។ ចំពោះកិច្ចសហប្រតិបត្តិ​ការ​ត្រីភាគី លេីការបណ្តុះបណ្តាល ការបោសសម្អាតមីនមនុស្សធម៌, ជប៉ុន នឹងបន្ត​សហ​ការជាមួយកម្ពុជា ជួយដល់ប្រទេសអ៊ុយក្រែននិង ប្រទេសផ្សេងទៀត។ សមា​ជិក​សភា បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការពង្រឹង និងពង្រីក ទំនាក់​​ទំនង និងកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា ឱ្យកាន់តែរីកចម្រេីន និងរឹងមាំ​បន្ថែម​ទៀ​ត ស្របតាមទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ជាការឆ្លើយតប សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានសម្ដែងការស្វាគមន៍​យ៉ាង​កក់​ក្ដៅចំពោះឯឧត្តមសមាជិករដ្ឋសភាជប៉ុន និងគណៈប្រតិភូ ដែលបានអញ្ជើញមក​បំពេញ​ទស្សន​កិច្ចនៅកម្ពុជានាពេលនេះ។ សម្ដេចមហាបវរធិបតី​ក៏បានថ្លែង​អំណរ​គុណ​រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួម​ចំណែក​​ដល់ដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា ក៏ដូចជាការអភិវឌ្ឍ​សង្គម-​សេដ្ឋ​កិច្ច។

សម្ដេចមហាបវរធិបតី បានសម្ដែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះការរីក​ចម្រើន​ដ៏ល្អ នៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ និងបានថ្លែងអំណរ​គុណ​​ដល់ភាគី​ជប៉ុន ដែលបានផ្ដល់នូវការគាំទ្រដល់ការបណ្ដុះបណ្ដាល និងកសាង​សមត្ថ​ភាពដល់កងទ័ពកម្ពុជា។ ជាមួយគ្នានេះ, សម្ដេចបវរធិបតី បានសម្តែការពេញ​ចិត្ត​យ៉ាងខ្លាំងចំពោះការដាក់ចេញយន្តការថ្មីសម្រាប់កិច្ចសហ​ប្រតិបត្តិការ​កម្ពុជា​-ជប៉ុន ផ្តោតលើសសរស្តម្ភសំខាន់ៗទាំង៣ និងបានគូសបញ្ជាក់ថា ក្រសួង ស្ថាប័ន កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហការជា​មួយ​ភាគី​ជប៉ុន ដេីម្បីអនុវត្តយន្តការនៃកិច្ចសហប្រតិបត្តិការថ្មីនេះ ឱ្យទទួលបាន​ជោគ​ជ័យ។

សម្ដេចមហាបវរធិបតី ក៏បានអរគុណដល់ភាគីជប៉ុន ដែលបានផ្ដល់ការគាំទ្រដល់​សកម្ម​ភាព​បោសសម្អាតមីននៅកម្ពុជានាពេលកន្លងមក និងបានគូសបញ្ជាក់អំពីការ​បន្តនូវការគាំទ្ររបស់កម្ពុជាទៅលើគំនិតផ្ដួចផ្ដើរមរបស់ជប៉ុនទៅលើសកម្មភាពបោសសម្អាតមីនមនុស្សធម៌ ដើម្បីជាការរួមចំណែកត្រឡប់ទៅវិញរបស់កម្ពុជា ជាមួយសហ​គមន៍​អន្តរជាតិ តាមរយៈការបញ្ជូននូវកងកម្លាំងថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការ​សហ​ប្រជាជាតិ ដែលផ្ដោតទៅលើការបោសសម្អាតមីន និងការថែរក្សាសន្តិភាព ដែល​ពីមុន កម្ពុជាជាប្រទេសដែលធ្លាប់ទទួលកងរក្សាសន្តិភាពអង្គការសហប្រជាជាតិ៕