(រតនគិរី)៖ ទិវាមច្ចាជាតិនេះ ត្រូវបានរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី ប្រារព្ធធ្វើឡើងនៅបឹងកន្សែង ស្ថិតក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ជា ថាវរិទ្ធ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាលខេត្ត និងលោកស្រី។
លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានលើកឡើងថា ទិវាមច្ឆាជាតិនាថ្ងៃនេះ កូនត្រីចម្រុះប្រមាណ ៤០,០០០ក្បាល និងមេត្រីពូជមួយចំនួនទៀត ត្រូវបានលែងចូលបឹងកន្សែង ដូចជា៖ត្រីក្រាញ់ ត្រីកន្ធរ ត្រីអណ្តែង និងត្រីរ៉ស់ ដើម្បីធ្វើឱ្យអាងទឹកនេះសម្បូរទៅដោយត្រី សម្រាប់បម្រើគោលដៅទេសចរ និងសេចក្តីត្រូវការហូបចុករបស់ប្រជាពលរដ្ឋក្នុងតំបន់ខាងក្រោមនៃបឹងនេះ។
លោកបានបន្តថា ប៉ុន្មានឆ្នាំកន្លងមកនេះ ខណ្ឌរដ្ឋបាលជលផលខេត្តរតនគិរី បានលែងកូនត្រីពូជ រាប់ម៉ឺនកូន និងលៀសរាប់តោន ទៅក្នុងដែនទឹកធម្មជាតិ ដែលជាជម្រកត្រីសហគមន៍ និងជាកន្លែងស្តុកម្ហូបអាហារសម្រាប់ប្រជាជនក្នុងខេត្តរតនគិរី។ តាមព័ត៌មានពីប្រជានេសាទនៅតាមទីតាំងដែលបានលែងត្រី ផលនេសាទ មានការកើនឡើងគួរឱ្យកត់សំគាល់ នៅតាមដែននេសាទធម្មជាតិ។ ការកកើតលៀសច្រើននេះបាននាំឱ្យប្រជានេសាទ ទាំងប្រុស ទាំងស្រី ជាច្រើនបាននាំគ្នាទៅនេសាទ ដើម្បីយកមកធ្វើជាម្ហូបអាហារប្រចាំថ្ងៃ មិនតែប៉ុណ្ណោះមានប្រជានេសាទខ្លះអាចរកបានច្រើន អាចបានដល់លក់ទៀតផង ដែលបានប្រាក់ចំណូលក្នុងគ្រួសារ ដោះស្រាយជីវភាពប្រចាំថ្ងៃ បានមួយចំនួន ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ និងផែនការអភិវឌ្ឍវិស័យកសិកម្មដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍វិស័យកសិកម្មឱ្យក្លាយជាកម្លាំងចលករដ៏រឹងមាំក្នុងការធានាសន្តិសុស្សស្បៀង ចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច និងលើកស្ទួយជីវភាពប្រជាកសិករ ប្រកបដោយ និរន្តភាពបរិស្ថាន កសិកម្ម និងសេដ្ឋកិច្ច ដោយសម្រេចបានលទ្ធផលជាច្រើនគួរជាទីមោទន។
លោក ញ៉ែម សំអឿន បានលើកឡើងថា ទិវាមច្ឆជាតិ បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំស្របតាមច្បាប់ស្តីពីជលផល ក្នុងឆ្នាំនេះរដ្ឋបាលខេត្តបានរៀបចំនៅបឹងកន្សែង ក្នុងគោលបំណងបំផុសប្រជាពលរដ្ឋ ចូលរួមចំណែកការពារ អភិរក្ស និងអភិវឌ្ឍន៍វិស័យជលផល ក្នុងទិសដៅធានានិរន្តរភាពនៃធនធានជលផលដើម្បីផលប្រយោជន៍សេដ្ឋកិច្ច-សង្គម និងបរិស្ថាន។
លោកអភិបាលខេត្តបានបន្តថា បច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានសភានៃរដ្ឋសភា បាននិងកំពុងខិតខំប្រឹងប្រែងជំរុញអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ និងផែនការ អភិវឌ្ឍវិស័យកសិកម្មដើម្បីបង្កើនល្បឿនអភិវឌ្ឍវិស័យកសិកម្មឱ្យក្លាយជាកម្លាំងចលករដ៏រឹងមាំក្នុងការធានា សន្តិសុខស្បៀង ចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច និងលើកស្ទួយជីវភាពប្រជាកសិករប្រកបដោយនិរន្តភាព កសិកម្ម បរិស្ថាន និងសេដ្ឋកិច្ច ដោយសម្រេចបានលទ្ធផលជាច្រើនគួរជាទីមោទន។ ជាក់ស្តែងកំណើនវិស័យ កសិកម្មមានការប្រែប្រួលជាមធ្យម ក្នុងចន្លោះពី ០,២% ទៅ១,១% ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ (គិតជាតម្លៃថេរ) ដែលបញ្ជាក់ពីការចូលរួមចំណែកជាវិជ្ជមានរបស់វិស័យកសិកម្ម ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និង កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
លោកបានស្នើឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូបចាត់ទុកថា ការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពត្រូវផ្សារភ្ជាប់ការធ្វើអាជីវកម្មទៅនឹងការអភិរក្សជលផល ការធ្វើវារីវប្បកម្ម និងការពារបរិស្ថាន គឺជាបញ្ហាដែលមានសារៈសំខាន់ និងមានតម្លៃបំផុតសម្រាប់ទ្រទ្រង់ជីវិតមនុស្ស សត្វ រុក្ខជាតិ និងជីវចម្រុះផ្សេងៗទៀតជាច្រើន។ ដូច្នេះ ត្រូវប្តេជ្ញារួមគ្នាការពារ អភិរក្ស និងគ្រប់គ្រងធនធាន ផលផល ធម្មជាតិដែលមានតម្លៃធំធេងនេះឱ្យខាងតែបាន ដើម្បីរក្សាជាកេរ្តិ៍ដំណែលដល់កូនចៅយើងជំនានក្រោយៗទៀត៕