(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី១ ខែកក្កដា ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួបនេះ លោកស្រី Alissar Chaker បានថ្លែងអំណរគុណយ៉ាង​ជ្រាល​ជ្រៅជូនចំពោះសម្ដេចមហាបវរធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាត​ឱ្យរូបលោកស្រី និងសហការីបានចូលជួបសម្ដែងការគួរសម និងជម្រាបលា នាឱកាសនេះ។ លោកស្រី Alissar Chaker បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីសមិទ្ធផល នៃភាពជាដៃគូដ៏ល្អរវាង UNDP និងរាជរដ្ឋាភិបាលកម្ពុជា ដោយបាន​រួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា នាពេលកន្លងមក ព្រមទាំង​បាន​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងស្ថាប័ន​ពាក់​ព័ន្ធ ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អ ជាមួយ UNDP, ជាពិសេសនៅ​ក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកស្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលគ្រោងនឹងចាកចេញពីចំណាត់ថ្នាក់ក្រុម​ប្រទេស​អភិវឌ្ឍន៍តិចតួច(LDC) នៅក្នុងឆ្នាំ ២០២៩ ដែលនេះ គឺជាជោគជ័យមួយ​បន្ថែមទៀត របស់កម្ពុជា ហើយលោកស្រីសង្ឃឹមថា UNDP នឹងបន្តចូលរួមចំណែក និងគាំទ្រដល់កម្ពុជានៅក្នុងការរៀបចំការចាកចេញនេះ។

លោកស្រីក៏បានកោតសរសើរចំពោះភាពជោគជ័យរបស់កម្ពុជាលើសកម្មភាពបោសសម្អាតមីន ដោយលោកស្រីបានគូសបញ្ជាក់ថា ជាមួយការគាំទ្រពីអង្គការសហ​ប្រជា​ជាតិ ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា, កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចាត់​ចែង​លើសកម្មភាពបោសសម្អាតមីនដោយប្រសិទ្ធភាព, ប្រកបដោយភាពម្ចាស់ការ និង ស្វ័យប្រវត្តិ។

លោកស្រី Alissar Chaker បានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសដែលមានសក្តា​នុ​ពលជាច្រើន និង ជាប្រទេសដែលបានចាប់ផ្ដើមកសាងប្រទេសឡេីង​វិញពីចំណុច​សូន្យក្រោយពីសង្គ្រាម ឱ្យមានការអភិវឌ្ឍលេីគ្រប់វិស័យដូចពេលបច្ចុប្បន្ននេះ។

លោក​ស្រីបានសង្កត់ធ្ងន់ថា សន្តិភាពបាននាំមកនូវការអភិវឌ្ឍ ហើយគ្មានការអភិ​វឌ្ឍ​ណា​ដែល​អាចប្រព្រឹត្តទៅបាន ដោយគ្មានសន្តិភាពនោះទេ។ លោកស្រី Alissar Chaker មានជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុ​វិស័យរបស់សម្ដេចមហាបវរធិបតី,  កម្ពុជា នឹងកាន់តែមានការអភិវឌ្ឍ, រីកចម្រើន និងរឹងមាំបន្ថែមទៀត។

លោក ស្រី Alissar Chaker ក៏បានជម្រាបជូនសម្តេចបវរធិបតី អំពីការបន្តកិច្ច សហប្រតិបត្តិការ របស់ UNDP ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា និងសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា នឹងនៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយ UNDP ក្នុងភាពជាដៃគូប្រកបដោយទំនុកចិត្ត។

ជាឆ្លើយតប, សម្ដេចមហាបវរធិបតី បានសម្ដែងនូវការវាយតម្លៃខ្ពស់ និងអរគុណ​ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់ UNDP តាមរយៈកម្មវិធីនានា ដែល​បានចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា និងបានផ្តល់នូវផល​ប្រយោជន៍ជាក់ស្តែងដល់ប្រជាជនកម្ពុជា។

សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ថា ចាប់តាំងពីកម្ពុជាបានបញ្ចប់សង្គ្រាម​ទាំង​ស្រុងនៅចុងឆ្នាំ១៩៩៨, រាជរដ្ឋាភិបាលបានខិតខំកៀរគរ ប្រមូលកម្លាំង និងធនធាន​មនុស្ស ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ សម្ដេចបវរធិបតីគូសបញ្ជាក់ថា គោលនយោ​បាយ​របស់រាជរដ្ឋាភិបាល គឺផ្ដោតទៅលើប្រជាជន ជាចម្បង តាមរយៈការ​ពង្រឹង​វិស័យ​អប់រំ , វិស័យសុខាភិបាល, ការបង្កើតការងារជូនដល់ប្រជាជនកម្ពុជាសំដៅដល់ការ លេីកកម្ពស់ មូលធនមនុស្សកម្ពុជា ព្រមទាំង ការដាក់ឱ្យអនុវត្តនូវប្រព័ន្ធគាំពារសង្គម និងការបណ្ដុះបណ្ដាលជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយ​រងហា​និភ័យចំនួន ១.៥លាននាក់ ឱ្យមានចំណេះដឹង និងជំនាញមួយច្បាស់លាស់ ដែល នឹងរួមចំណែកដល់ការត្រៀមខ្លួនរបស់កម្ពុជាក្នុងការចាកចេញពីប្រទេស ដែលមាន ការអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៩ ប្រកបដោយភាពធន់។

សម្ដេចមហាបវរធិបតីបានគូសបញ្ជាក់អំពីការបន្តការគាំទ្រដល់កិច្ចសហប្រតិបត្តិការ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយ UNDP និងលេីកទឹកចិត្តដល់ UNDP ឱ្យបន្ត​ធ្វើ​ការ​ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹង និង​ពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែម​ទៀត៕