(ព្រៃវែង)៖ កាលពីជាង១០ឆ្នាំមុន សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម កំពុងឋិត​ក្នុងវ័យជរា និងយាយីដោយរោគា តាមដំណើរធម្មជាតិនៃសត្វលោក ដូចព្រះពុទ្ធ​ដីការ មានរូប មានទុក្ខ ជរា ព្យាធិ និងមរណៈ។ ទោះបីមានសុខភាពទ្រុឌទ្រោម ពឹង​អាស្រ័យការធ្វើដំណើរដោយមានជំនួយពីរទេះរុញ សម្ដេច ជា ស៊ីម នៅតែមាន​កម្លាំង​ចិត្តមិនថមថយ ដោយសម្ដេចបានធ្វើដំណើរមកពិនិត្យវឌ្ឍនភាព​នៃការអប់រំ​បណ្ដុះ​បណ្ដាល នៅសាកលវិទ្យាល័យកំចាយមារ ដែលសម្ដេចផ្ទាល់ បានផ្ដួចផ្ដើមជាមួយ​ថ្នាក់​ដឹក​នាំគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ព្រមទាំងសប្បុរសជន និង​អង្គការម្ចាស់ជំនួយ បង្កើតជាលើកដំបូងក្នុងខេត្តព្រៃវែង ដែលជាទឹកដីកំណើតតស៊ូ។

នៅថ្ងៃនេះ ក្រុមគ្រួសារសម្ដេចអគ្គមហាធម្មពោធិសាល និងលោកជំទាវ តំណាង​ដោយ​លោកជំទាវ ញ៉ែម សាខន សម្ដេចក្រឡាហោម ព្រមទាំងលោកអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី បានអញ្ជើញប្រារព្ធកិច្ចជយតុ សម្ពោធរូបសំណាក សម្ដេចអគ្គ​មហាធម្មពោធិសាល ជា សុីម ឈរតម្កល់ក្នុងបុស្បុក នៃបរិវេណសាកលវិទ្យាល័យ​ជាតិ ជា ស៊ីម កំចាយមារ។ ពិធីនេះ បានរៀបចំក្នុងឱកាសនៃពិធីបុណ្យរំលឹក​ខួបជូន​សម្ដេច និងលោកជំទាវ ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ នៅឃុំក្របៅ ស្រុកកំចាយ​មារ ខេត្តព្រៃវែង។

ជាងមួយទសវត្សរ៍បន្ទាប់ពីទទួលអនិច្ចកម្មឃ្លាតចាកមាតុភូមិ ក្រុមគ្រួសារ និងជនរួម​ជាតិ និងដោយឡែកឃ្លាតពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ វត្តមានរូប​សំណាក សម្ដេចអគ្គមហាធម្មពោធិសាល ជា សុីម នាថ្ងៃនេះ មានអត្ថន័យបញ្ជាក់ថា ចាប់ពីពេលនេះតទៅ សម្ដេចនៅឈរញញឹមជានិមិត្តរូបអមតៈ លើកទឹកចិត្តកូនចៅ​ជំនាន់​ក្រោយ ឱ្យខិតខំសិក្សារៀនសូត្រ ដ្បិតកាលពីជំនាន់សម្ដេចនៅរៀន តស៊ូ និង​ក្រោយការដួលរលំនៃរបបខ្មែរក្រហម តំបន់នេះជាមូលដ្ឋានក្រីក្រ និងលំបាក​សិក្សា​រៀនសូត្រ។

ពាក់ព័ន្ធប្រវត្តិនៃការបង្កើតសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ សម្ដេចក្រឡា​ហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបច្ចុប្បន្នជាឧត្តម​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ ធ្លាប់បានមានប្រសាសន៍ថា «សម្ដេច ជា ស៊ីម កាលគាត់​មាន​ព្រះជន្ម គាត់បានចង្អុលសុំទៅអង្គការវេទមហាឬស្សី មានមូលដ្ឋាននៅប្រទេស​អូស្រ្តាលី ដែលមិនសូវមានធនធានច្រើនប៉ុន្មានទេ តែមានឆន្ទៈ មានធនធានមនុស្ស មានគ្រូ និងមានកម្មវិធីសិក្សាល្អៗ។ សម្ដេច គាត់ចង្អុលឱ្យមកធ្វើសាលានៅកន្លែង​ហ្នឹង (សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ) ហើយគ្នាក៏មកធ្វើមែន។ ធ្វើហើយ​ដំណើរ​ការតិតក់ៗ ព្រោះមិនមានលុយដើម្បីធ្វើអគារល្អៗនៅឡើយ»។

បើតាមកំណត់ត្រាក្នុងសៀវភៅទស្សនៈ សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២២ រៀប​រៀងដោយលោក រ៉េន រតនៈ នាពិធីសម្ពោធអគារសិក្សាសាលាបឋមសិក្សានៅឃុំបឹង​ព្រះ ស្រុកបាភ្នំ កាលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចក្រឡាហោម បានរំលឹកថា «នៅពេលដំណើរការដំបូងដោយអង្គការវេទមហាឫស្សី សាលានេះមានសភាព​ខ្វះ​ខាត​​ខ្លាំង សូម្បីតែផ្ទះគ្រូក៏បាំងស្លឹកត្នោត ប្រក់ស្លឹកត្នោត ផ្ទះសិស្សនិស្សិតស្នាក់នៅ​ក៏ដូច​គ្នា។ ចំណែកសាលសហសិក្សាធ្វើពីដែកចាស់ៗប្រក់សង្កសី គ្មានក្រាលការ៉ូ ឬបេតុងអ្វីទេ រៀនលើដីតែម្ដង។ ឃើញវេទនាបែបនេះ ខ្ញុំក៏ចាប់ផ្ដើមជួយអគារ​មួយខ្នង​៧បន្ទប់។ ក្រោយមក អង្គការក៏សុំដកខ្លួន។ ខ្ញុំក៏សុំឱ្យទុកសាលាហ្នឹង ទុកឱ្យខ្ញុំជួយគាំ​ទ្រ​​បន្ត ព្រោះសម្ដេច ជា ស៊ីម លោកខំផ្ដួចផ្ដើម និងជួយច្រើនឆ្នាំហើយដែរ»

បន្តរំលឹកដល់សម្ដេច ជា ស៊ីម សម្ដេចក្រឡាហោម ស ខេង ដែលត្រូវជាប្អូនថ្លៃ និង​​ជា​អតីតសហការីរួមចំណែកតស៊ូរំដោះជាតិជាមួយសម្ដេច និងថ្នាក់ដឹកនាំផ្សេងទៀត បាន​មានប្រសាសន៍ទាំងទឹកមុខស្រងូតស្រងាត់ អំពីវត្តមានចុងក្រោយរបស់សម្ដេច ជា សុីម នៅសាកលវិទ្យាល័យនេះថា «កាលសម្ដេច ជា ស៊ីម លោកនៅមានព្រះជន្ម ខ្ញុំធ្លាប់បានអញ្ជើញគាត់ មើលសាលាហ្នឹងម្ដងដែរ តែកាលហ្នុងគាត់ជិះរទេះ​រុញទៅ​ហើយ គាត់ឈឺធ្ងន់ហើយ តែគាត់បានមកមើលលើកចុងក្រោយ គាត់សប្បាយចិត្ត​គាត់​ណាស់ ព្រោះយើងធ្វើឱ្យបានសមរម្យសម្រាប់ជាកន្លែងអប់រំនៅជនបទ សម្រាប់​កូន​ចៅយើងបានរៀនសិក្សារៀនសូត្រ»

សូមបញ្ជាក់ថាបច្ចុប្បន្ន សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ មានបរិវេណសិក្សា​ទំនើប រួមមានបណ្ណាល័យ មន្ទីរពិសោធន៍ និងមជ្ឈមណ្ឌលកុំព្យូទ័រ ដើម្បីគាំទ្រដល់​ការសិក្សា និងការស្រាវជ្រាវរបស់និស្សិត។ សាកលវិទ្យាល័យ មានកម្មវិធីសិក្សា​ជា​ច្រើន​កម្រិតឧត្តមសិក្សា រួមមានកម្រិតបរិញ្ញាបត្រ និងអនុបណ្ឌិត ក្នុងវិស័យផ្សេងៗ​ដូចជា កសិកម្ម គ្រប់គ្រងអាជីវកម្ម ការអប់រំ បច្ចេកវិទ្យាព័ត៌មាន និងសិក្សាសង្គម។ បច្ចុប្បន្នសាកលវិទ្យាល័យ បានបង្កើតបន្ថែមនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខណៈរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយក​រដ្ឋមន្ត្រី បន្តមកដល់បច្ចុប្បន្នដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បាននិងកំពុងគាំទ្រការរៀបចំទីតាំងសាកលវិទ្យាល័យទាំងមូលឱ្យក្លាយជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគ្រប់កម្រិត ចាប់ពីថ្នាក់មតេយ្យ រហូតដល់ក្រោយឧត្តមសិក្សា៕