(ភ្នំពេញ)៖ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវសប្បុរសជនទាំងអស់ បន្តគាំទ្រ និងបរិច្ចាគបន្តទៀត ព្រោះថាមន្ទីរពេទ្យគន្ធបុប្ផានៅតែមានតម្រូវការការគាំទ្រផ្នែកហិរញ្ញវត្ថុជារៀងរាល់ថ្ងៃ ដោយចំណាយប្រមាណ ១២ម៉ឺនដុល្លារក្នុង ១ថ្ងៃ និង ៤៣លានដុល្លារ ក្នុង១ឆ្នាំ។

លោកបណ្ឌិត ចន ណារិទ្ធ បានលើកឡើងថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥នេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបំផុសស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីពលរដ្ឋកម្ពុជារួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើររបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងមានបេសកកម្មសង្គ្រោះជីវិតស្រ្តីមានផ្ទៃពោះ ទារក និងកុមារនៅកម្ពុជា ប្រកបដោយគុណភាព មិនគិតថ្លៃ និងមិនមានការរើសអើង។

លោកបណ្ឌិត ចន ណារិទ្ធ បានអំពាវនាវយ៉ាងដូច្នេះថា៖ «បើទោះបីជាយុន្ធនាការយើងនេះ «១ម៉ឺនរៀល ១ម៉ឺននាក់» រយៈពេល១ខែ បានបញ្ចប់មែន ប៉ុន្តែ តម្រូវការគឺនៅមានបន្តបន្ទាប់ អ៊ឹចឹងខ្ញុំ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋយើង សូមមេត្តាបន្តចូលរួមចំណែកទ្រទ្រង់សកម្មភាព របស់មន្ទីរពេទ្យគន្ធបុប្ផា និងនិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប តាមរយៈការចូលរួមបរិច្ចាគថវិកា»

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ ដែលផ្តួចផ្តើម និងដឹកនាំដោយផ្ទាល់ ដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ទទួលជោគជ័យគួរជាទីមោទន ជាមួយនឹងការទទួលបានសប្បុរសជនចូលរួមបរិច្ចាគប្រមាណ ៣០ម៉ឺននាក់ និងថវិកាប្រមាណ ៥,៥លានដុល្លារអាម៉េរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានចេញផ្សាយការពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ។

សូមជម្រាបជូនថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ បានរៀបចំពិធីបើកជាផ្លូវការការពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

បន្ទាប់ពីពិធីបើកជាផ្លូវ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានរៀបចំសកម្មភាពសំខាន់ៗប្រចាំសប្តាហ៍នីមួយៗនៃខែមិថុនា ឆ្នាំ២០២៥ ផងដែរ ដូចជាការដាក់តាំងបង្ហាញស្តង់នៅផ្លូវថ្មើរជើងចតុមុខ, នៅខេត្តសៀមរាប និងការតាំងបង្ហាញស្តង់ និងកម្មវិធីរត់កម្សាន្តនៅខេត្តកំពតដើម្បីភាពញញឹមរបស់ទារក និងកុមារនៅកម្ពុជា ផងដែរ៕