(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ សាសាសនិកឥស្លាមកម្ពុជា ចំនួន៣១៩នាក់ហើយ បានវិលត្រឡប់ពីប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីបានបញ្ចប់កិច្ចប្រតិបត្តិបុណ្យធម្មយាត្រាហាជ្ជប្រកបដោយជោគជ័យ ខណៈឆ្នាំ២០២៥នេះ មានចំនួន១២១៦នាក់ ក្នុងនោះទទួលបានការឧបត្ថម្ភពីព្រះចៅ សាល់ ម៉ាន់ ពិនអាប់ឌុលអាហ្សីស អាល់ស៊ូអ៊ូឌ ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត និងព្រះអង្គម្ចាស់ មហាំម៉ាត់ ពិន សាល់ម៉ាន់ ព្រះរាជទាយាទ និងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត ចំនួន១៦នាក់។ សាសនិកឥស្លាមកម្ពុជា នឹងបន្តធ្វើដំណើរវិលត្រឡប់មកកម្ពុជាវិញ រហូតដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥។
នេះជាការបញ្ជាក់របស់លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងទទួលដំណើរនិវត្តន៍របស់សាសនិកឥស្លាមកម្ពុជាចំនួន៩០រូប នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។
លោកបានបន្តថា សម្រាប់ឆ្នាំ២០២៥នេះ ក្នុងចំណោមសាសនិកឥស្លាមកម្ពុជា ចំនួន១,២០០នាក់ ដែលទៅតាមរយៈក្រុមហ៊ុនឯកជន ចំណាយថវិកាសរុបចំនួនប្រមាណជាង៦,៦០០,០០០ដុល្លារអាមេរិក ដោយក្នុងម្នាក់ៗចំណាយ៥,៥០០ដុល្លារ។ តាមរបាយការណ៍ សាសនិកឥស្លាមទូទាំងពិភពលោក បានទៅធ្វើបុណ្យហាជ្ជចំនួនជាង១,៦៧៣,០០០នាក់ ដោយស្នាក់នៅចន្លោះពី២០-៤៥ថ្ងៃ។
ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានបញ្ជាក់ថា កាលពីឆ្នាំ២០២៤ កន្លងទៅអ្នកទៅធ្វើបុណ្យហាជ្ជ មានចំនួនត្រឹមតែ៩៦៥នាក់ប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០២៥នេះ មានការកើនឡើងចំនួនជាង២០០នាក់ នេះហើយដោយសារប្រទេសកម្ពុជា មានសុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយមានភាពងាយស្រួល ក្នុងការចេញដំណើរទៅប្រតិបត្តិសាសនា ជាពិសេសសេដ្ឋកិច្ចមានការរីកចម្រើនយ៉ាងឆាប់រហ័ស ធ្វើប្រជាពលរដ្ឋអាចមានលទ្ធភាពទៅប្រតិបត្តិបុណ្យនេះ។
ទន្ទឹមគ្នានេះ ទេសរដ្ឋមន្ត្រី គ្រោងនឹងជួបរដ្ឋមន្ត្រីក្រសួងហាជ្ជ និងអ៊ុរ៉ោះអារ៉ាប៊ីសាអូឌីត ដើម្បីស្នើសុំបង្កើនចំនួនអ្នកទៅធ្វើបុណ្យហាជ្ជបន្ថែមទៀត ចន្លោះពី១,៥០០ ទៅ២,០០០នាក់ សម្រាប់ឆ្នាំក្រោយៗទៀត ខណៈកន្លងមកកម្ពុជាមានកូតាត្រឹម ១,២០០នាក់ប៉ុណ្ណោះ។
សូមជម្រាបថា ការទៅចូលរួមប្រតិបត្តិបុណ្យធម្មយាត្រាហាជ្ជ គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ របស់សាសនាឥស្លាម ដែលជារៀងរាល់ឆ្នាំ សាសនិកឥស្លាម នៅទូទាំងពិភពលោក ពីគ្រប់ទិសទី អញ្ជើញទៅធ្វើបុណ្យនេះនៅឯទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត៕