(ព្រះវិហារ)៖ ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ លោក យូ សិរីវុឌ្ឍ ប្រធានក្រុមចលនាកសាងគណបក្សប្រជាជនកម្ពុជារាជធានី-ខេត្ត និងលោក ភឺន ផល្លា អនុប្រធានក្រុមចលនាកសាងគណបក្សប្រជាជន កម្ពជារាជធានី-ខេត្ត បានដឹកនាំក្រុមការងារនាំយកសម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកា ជូនដល់កងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅព្រំដែន។

ពិធីប្រគល់អំណោយទាំងនេះ បានធ្វើឡើងនៅទីតាំងកងពលធំអន្តរាគមន៍លេខ៣ ដោយមាននាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជាអ្នកទទួល។

ក្នុងនោះ សម្ភារដែលគិតជាថវិកាជាង៥ម៉ឺនដុល្លារ ហើយសាច់ប្រាកសុទ្ធ ចំនួន២០០លានរៀលដល់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់។ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ជួសមុខឱ្យកងទ័ពខេមរភូមិន្ទ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងារដែលដឹកនាំដោយលោក យូ សិរីវុឌ្ឍ និងលោក ភឺន ផល្លា ព្រមទាំងសមាជិកសមាជិកាបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមគាំទ្រដល់កងកម្លាំងប្រដាប់ អាវុធដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា-ថៃ។

នាឱកាសនោះដែរ លោក យូ សិរីវុឌ្ឍ និងលោក ភឺន ផល្លា សូមថ្លែងអំណនូវការកោតសរសើរចំពោះការលះបង់របស់កងកម្លាំងប្រដាប់អាវុធ ដែលបានលះបង់នូវសេចក្ដីសុខរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដី ប្រឆាំងនឹងការឈ្លានពានពីសំណាក់កងទ័ពបរទេសមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានផ្ដល់សេចក្ដីសុខឱ្យប្រជាជន ប្រសិនបើគ្មានកងកម្លាំងប្រដាប់អាវុធឈរជើងដ៏អង់អាចប្រឆាំងនឹងជនឈ្លានពាន ច្បាស់ណាស់មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋនឹងមិនអាចអង្គុយធ្វើការស្រួលនោះទេ។ ទាំងនេះ គឺជាទឹកចិត្ដមួយដែលប្រជាពលរដ្ឋកម្ពុជាទាំងអស់មិនអាចបំភ្លេចបានឡើង។

លោក យូ សិរីវុឌ្ឍ និងលោក ភឺន ផល្លា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន ពីសំណាក់សម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំ បង្រួបបង្រួម ផ្សះផ្សារជាតិ តាមរយៈការដាក់ចេញគោលនយោបាយឈ្នះឈ្នះ រហូតធ្វើឱ្យប្រទេសកម្ពុជា បានបិទបញ្ចប់ភ្លើងសង្គ្រាមស៉ីវិលទាំងស្រុង បញ្ចប់អង្គការចាត់តាំង យោធាខ្មែរក្រហមនៅឆ្នាំ១៩៩៨។ ត្រង់ចំណុចនេះហើយ បទពិសោធន៍របស់កម្ពុជាកាលពីឆ្នាំ២០០៨ និងឆ្នាំ២០១១ ដំណាក់កាលដែលកម្ពុជា និងថៃ បានច្បាំងគ្នានៅតាមបន្ទាត់ព្រំដែន គឺបានស្តែងយ៉ាងច្បាស់ពីយុទ្ធវិធី ទេពកោសល្យ និងការដឹកនាំប្រទេសជាតិប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន។

ជាមួយគ្នានេះដែរ លោក យូ សិរីវុឌ្ឍ និងលោក ភឺន ផល្លា បានលើកឡើងថា បន្ទាប់ពីទាហានឈ្លានពានបានលួចឆ្មក់មកបាញ់ប្រហារបណ្តាឱ្យកងទ័ពកម្ពុជាយើងម្នាក់បានពលី នៅតំបន់មុំ៣ រាជរដ្ឋាភិបាលកម្ពុជា មិនបានឈរឱបដៃនោះទេ ពោលគឺកម្ពុជា បានប្រើប្រាស់យុទ្ធវិធីសន្តិភាពតាមរយៈការបញ្ជូនពាក្យបណ្តឹងទៅអង្គការយុត្តិធម៌អន្តរជាតិ ICJ ព្រមទាំងប្រើប្រាស់វិធីការពារខ្លួន, ការទូត ការត្រៀមកម្លាំងជាប់ជានិច្ចដើម្បី ការពារកងទ័ពឈ្លានពានមករំលោភទឹកដែលអធិបតេយ្យភាព បូរណភាពទឹកដី និងការប្រើប្រាស់សរភូមិពព័ត៌មាន ដើម្បីវាយបកទៅលើការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងចេតនាកេងចំណេញលើស្មារតី សតិអារម្មណ៍។

លោក យូ សិរីវុឌ្ឍ និងលោក ភឺន ផល្លា អះអាងថា រាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស គឺនៅឈរពីក្រោយខ្នង លើកទឹកចិត្តនិងជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងជូនដល់បងប្អូន កងកម្លាំងនៅជួរមុខជានិច្ច ពោលគឺមិនឈរឱបដៃមើលពីការលំបាកណាមួយជាដាច់ខាត។ ខណៈប្រជាពលរដ្ឋជាច្រើន ដែលប្រើប្រាស់បណ្តាញនាក់ទំនងសង្គម គឺបានចូលរួមជាមួយកងកម្លាំងជួរមុខ តាមរយៈការលើកទឹកចិត្ត បើទោះបីជាពួកគាត់មិនបានមកចូលរួមក្នុងទីលានផ្ទាល់ក៏ដោយ។

លោក យូ សិរីវុឌ្ឍ និងលោក ភឺន ផល្លា បានបន្ថែមថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត គឺជាបង្គោលដ៏រឹងមាំ ឈរជាមួយកងទ័ពនៅជួរមុខដ៏មានភាពអង់អាចក្លាហាន ការរួមគ្នាសាមគ្គីភាព ជាធ្លុងមួយ ប្រឆាំងនឹងជនឈ្លានពានទាំងឡាយ។ ដូច្នេះ បងប្អូនកងទ័ព ពិតជាមានកម្លាំងចិត្ដ ពីព្រោះមានរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋឈរពីក្រោយជាបង្អែកដ៏រឹងមាំផ្ដល់នូវការគាំពារ ក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជា៕