(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោកស្រី Ms. Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាតិប្រចាំកម្ពុជា (UNDP Resident Representative) ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកស្រី បានបញ្ចប់បេសកកម្មនៅកម្ពុជា នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ក្នុងជំនួបនេះ រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានជម្រាបជូន លោកស្រី Ms. Alissar អំពីវឌ្ឍនភាពការងាររបស់ក្រសួង ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកឌីជីថល គម្រោងបង្កើតសួនឌីជីថល ការងារធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការអភិវឌ្ឍថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថល ជាពិសេស verify.gov.kh និង SupperApp។
បន្ថែមលើនេះ រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានកោតសរសើរខ្ពស់ ចំពោះបេសកកម្មរបស់លោកស្រី Ms. Alissar លើកិច្ចសហប្រតិបត្តិការកន្លងមក រវាងក្រសួង និង UNDP ព្រមទាំងប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការ ជាមួយតំណាងបេសកកម្មថ្មី ដែលនឹងមកដល់នាពេលខាងមុខ៕