(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ណែនាំលោកមេឃុំថ្មី ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីការទទួលខុសត្រូវ និងសាមគ្គីភាពផ្ទៃក្នុងខ្ពស់។ លោក សាយ គឹមឡម បានថ្លែងក្នុងពិធីប្រកាសទទួលស្គាល់ ប្រធានក្រុមប្រឹក្សាឃុំបន្ទាយស្ទោង(ថ្មី) នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ នៅសាលាឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

លោកបានសង្កត់ធ្ងន់ថា ក្នុងនាមជាមេឃុំថ្មី ត្រូវតែមានទំនួលខុសត្រូវខ្ពស់សព្វបែបយ៉ាងមិនថាកិច្ចការតូចធំឬស្រាលធ្ងន់ ត្រូវរែកពន់ទាំងអស់ ដើម្បីប្រយោជន៍រួមរបស់រដ្ឋបាលឃុំ ជាពិសេសបម្រើផលប្រយោជន៍រួម របស់ប្រជាពលរដ្ឋនៅក្នុងឃុំបន្ទាយស្ទោង ក៏ដូចជាការចូលរួមចំណែកយ៉ាងធំធេងជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការលើកកំពស់ជីវភាពពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

លោកបានបន្ថែមថា ក្នុងនាមយើងជាអ្នកបន្តវេនត្រូវបន្តវប្បធម៌ដ៏ផូរផង់ និងថែរក្សាការពារសមិទ្ធផលដ៏ត្រចះត្រចង់របស់លោកមេឃុំចាស់ដែលបានបន្សល់ជូន ហើយត្រូវសិក្សារៀនសូត្រនូវបទពិសោធន៍ល្អៗរបស់គាត់ ដែលមួយជីវិតរបស់លោក សូត អ៊ុល បានលះបង់សព្វបែបយ៉ាង ដើម្បីប្រជាពលរដ្ឋនៅក្នុងឃុំបន្ទាយស្ទោង និងបានចំណាយពេលវេលាមួយជីវិតរបស់លោកធ្វើជាមេឃុំបន្ទាយស្ទោងអស់រយៈកាលជាង៤០ឆ្នាំ។

អភិបាលស្រុកស្ទោង បានណែនាំបន្ថែមទៀតដល់អាជ្ញាធរភូមិ ឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រធានមណ្ឌលសុខភាព ត្រូវខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព ជាពិសេសគឺការផ្ដល់សេវាប្រកបដោយគុណភាព ប្រសិទ្ធភាព ឆាប់រហ័ស និងជឿជាក់បំផុតពីប្រជាពលរដ្ឋ ជាពិសេសប្រធានមណ្ឌលសុខភាពក៏ដូចជាមន្ទីរពេទ្យបង្អែកស្ទោងត្រូវយកចិត្តទុកដាក់ថែមទៀតដល់សុខទុក្ខសុខុមាលភាព ប្រជាពលករដែលបានទើបធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃមកក្នុងមូលដ្ឋាន ត្រូវខិតខំយកចិត្តទុកដាក់ផ្ដល់សេវានិងព្យាបាលជូនពួកគាត់ដោយឥតគិតថ្លៃទោះគាត់គ្មានបណ្ណសមធម៌ក៏ដោយ។

សូមបញ្ជាក់ថា នៅក្នុងពិធីនេះគឺលោក ទិញ វឿន ត្រូវបានប្រកាសតែងតាំងជាប្រធានក្រុមប្រឹក្សាឃុំបន្ទាយស្ទោងជំនួសលោក សូត អ៊ុល ដែលបានទទួលមរណភាព ហើយលោកស្រី ចិន្តា សារ៉ាង ជំនួសលោក ទិញ វឿន ដែលបានប្រកាសតែងតាំងជាប្រធានក្រុមប្រឹក្សាឃុំ៕