(សៀមរាប)៖ នាយឧត្ដមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន យុវនារី ប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ NoDrug ដើម្បីធ្វើជាភ្នែក ច្រមុះ និងត្រចៀករបស់សមត្ថកិច្ច ក្នុងការរាយការណ៍ ដើម្បីយកបញ្ហាគ្រឿងញៀនចេញពីសហគមន៍ដែលយើងរស់នៅ ក៏ដូចជាទទួលបានសារអប់រំទូលំទូលាយផងដែរ និងសូមបន្តស្មារតីរួបរួម និងចលនាជាតិមួយ អនុវត្តខ្លឹមសារនៃ ប្រធានបទទិវារបស់យើង គឺ «រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» ដោយចាប់ពី ពេលនេះ គឺយើងត្រូវរួបរួមយ៉ាងណាកាត់ផ្តាច់ឲ្យបាននូវ ឫសគល់នៃបញ្ហាគ្រឿងញៀន។
ការអំពាវនាវយ៉ាងដូច្នេះរបស់នាយឧត្ដមសេនីយ៍ មាស វីរិទ្ធ នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាបង្ការទប់ស្កាត់ និងកាត់ផ្ដាច់ឬសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» ដោយមានការចូលរួមពីលោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត, លោក សំកុល សុចិត្រា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រៀងញៀនខេត្ត និងលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំកងកម្លាំងទាំង៣ មន្ទីរអង្គភាព អាជ្ញាធរក្រុងស្រុក និងយុវជនជាច្រើនផងដែរ។
នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ បានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានបន្តដាក់ចេញនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ កាលពីខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ ជាមួយនឹងការបែងចែក ភារកិច្ចរបស់គណៈបញ្ជាការដឹកនាំយុទ្ធនាការច្បាស់លាស់ រឹងមាំ និងមុតស្រួច ដែលមានការទទួលខុសត្រូវពីគ្រប់វិស័យ គិតចាប់តាំងពីការងារផ្សព្វផ្សាយអប់រំ ការអនុវត្តវិធានការរដ្ឋបាល ការអនុវត្តវិធានការច្បាប់ ការងារព្យាបាលនិងស្តារ នីតិសម្បទា ការគ្រប់គ្រងសារធាតុញៀននិងគីមីផ្សំ និងការងារពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ ក៏បានណែនាំដល់គ្រប់អង្គភាពអនុវត្តច្បាប់ ត្រូវឈរលើស្មារតី «៣ កុំ ១ រាយការណ៍» គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍ ដោយត្រូវមានភាពម៉ឺងម៉ាត់ច្បាស់លាស់ និងប្រើប្រាស់វិធាន ក្តៅដោយគ្មានការលើកលែង ក្នុងការបង្ក្រាបបទឧក្រិដ្ឋ នៃគ្រឿងញៀន បង្ក្រាបឲ្យបានដល់មេក្លោងចែកចាយ ដើម្បីកាត់ផ្តាច់ចរន្តទីផ្សារ ឈានទៅលុបបំបាត់ឲ្យបាននូវឫសគល់ នៃបញ្ហាគ្រឿងញៀនក្នុងសហគមន៍។
លោក សំកុល សុចិត្រា បានក្រើនរំលឹកដល់យុវជន យុវនារី សូមកុំចង់សាកល្បងគ្រឿងញៀន និងត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន កុំជឿតាមការញុះញង់ បោកបញ្ឆោតរបស់នរណាម្នាក់ ឈានដល់ការប្រើប្រាស់ រហូតធ្លាក់ខ្លួនជាអ្នកញៀនគ្រឿងញៀន ដែលធ្វើឲ្យប៉ះពាល់ដល់អនាគតរបស់ខ្លួន។
លោកបានបន្តថា អាណាព្យាបាល ក៏ដូចជាអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ត្រូវចូលរួមទាំងអស់គ្នា ដើម្បីឲ្យសហគមន៍របស់យើងមិនមានគ្រឿងញៀន។ លោកក៏បានសំណូមពរដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ យុវជនកាយរិទ្ធ យុវជនកាកបាទក្រហមសិស្សានុសិស្ស និងប្រជាពលរដ្ឋ ព្រមទាំងវិស័យឯកជននានា សូមចូលរួមសហការ និងចូលរួមចំណែកដល់ការអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យបានព្រមៗគ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន។
យោងតាមរបាយណ៍របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី បានឲ្យដឹងថា រយៈពេល៥ខែ ដើមឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត មន្ទីរ អង្គភាព ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងអង្គការមិនមែនរដ្ឋាភិបាល បានចុះបង្រ្កាបលទ្ធផលរួមចំនួន ២២៣ករណី ឃាត់ខ្លួន១,០៨៨នាក់ ស្រី៨២នាក់ គ្រឿងញៀនសរុប១៧,៨៦៣.៦៧ក្រាម ប្រភេទរុក្ខជាតិកញ្ឆា (កញ្ឆាក្រៀម បារីកញ្ឆា កញ្ឆាគ្រាប់) សរុបទម្ងន់៣១.៧៧៣.៦៨ក្រាម។
ក្នុងនោះ មានដូចជា៖ ករណីជួញដូរ និងរក្សាទុក១២២ករណី, ឃាត់ខ្លួន៣២៣នាក់ ស្រី៣៣នាក់, ករណីប្រើប្រាស់៨០ករណី ឃាត់ខ្លួន ៧៥១នាក់ ស្រី៤៤នាក់ និងអនុវត្តដីកាចំនួន២១ករណី ឃាត់ខ្លួនចំនួន ១១នាក់។ ហើយមជ្ឈមណ្ឌលស្តារនីតិសម្បទាគ្រឿងញៀន ខេត្តសៀមរាប បានទទួលអ្នកញៀនគ្រឿងញៀនចំនួន៨៣៦នាក់ និងស្រី៦៤នាក់ផងដែរ៕