(ភ្នំពេញ)៖ វិទ្យាស្ថានចក្ខុវិស័យអាស៉ី AVI នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានបើកសម្ពោធជាផ្លូវការនៃគម្រោង «មេគង្គ-ឡាងឆាង ការលើកកម្ពស់សន្តិសុខស្បៀងនៅបណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គ» ដែលស្ថិតក្រោមមូលនិធិកិច្ចសហប្រតិបត្តិការពិសេស មេគង្គ-ឡានឆាង។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពី វិស័យពាក់ព័ន្ធនានា ដូចជា កសិកម្ម ទេសចរណ៍ វិទ្យាសាស្ត្រអាហារ បរិស្ថាន និងអភិវឌ្ឍន៍។ ភ្ញៀវសំខាន់ៗរួមមាន ក្រសួងជាតិ ស្ថាប័នសិក្សា ដៃគូអភិវឌ្ឍន៍ ទូត អ្នកចាត់ការគោលនយោបាយ យុវជន វិស័យគិតគូរ (Think Tanks) និងអង្គការមិនមែនរដ្ឋាភិបាល (NGOs) ដែលភ្ញៀវសរុបប្រមាណ ៥០នាក់។
លោក សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា ដែលបានអញ្ជើញជាអធិបតីក្នុងពិធីនេះ បានលើកឡើងថា គម្រោងនេះជាគំនិតផ្តួចផ្តើមទាន់ពេលវេលានៃសារៈសំខាន់ដ៏ធំធេងចំពោះមហាអនុតំបន់មេគង្គ ដែលជាផ្ទះសម្រាប់ប្រជាជនប្រមាណ ៣៣០លាននាក់ ជាមួយនឹងធនធានជាតិសម្បូរបែប និងចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៃទន្លេមេគង្គ វប្បធម៌ និងភាពធន់។
លោកបានគូសបញ្ជាក់ថា សន្តិសុខស្បៀងមិនមែនជាបញ្ហាឯកោទៀតទេ ពោលបញ្ហានេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងសន្តិសុខបរិស្ថាន សន្តិសុខទឹក សន្តិសុខថាមពល ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងសហគមន៍ សន្តិសុខមនុស្ស និងសុខភាព តម្លៃវប្បធម៌ និងភាពធន់ក្នុងតំបន់។ បញ្ហាសន្តិសុខស្បៀង បានឆ្លងកាត់ពេលវេលា និងលំហ ដើម្បី ត្រួតត្រាភូមិសាស្ត្រនយោបាយ សន្តិភាព សន្តិសុខ និងការ អភិវឌ្ឍអន្តរជាតិ។
បើតាមលោក សួស យ៉ារ៉ា, យន្តការកិច្ចសហប្រតិបត្តិការអនុតំបន់នេះបានដើរតួជាអ្នកផ្តល់លទ្ធភាពដ៏សំខាន់ នៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍នៅទូទាំងតំបន់ ហើយព្រឹត្តិការណ៍ថ្ងៃនេះបានឈរជាសក្ខីភាពច្បាស់លាស់ចំពោះផលប៉ះពាល់របស់វា។
លោកបន្ដថា គម្រោងនេះផ្តោតលើផ្នែកសំខាន់ពីរគឺ ១៖ ការគ្រប់គ្រងការបាត់បង់ចំណីអាហារ ដើម្បីដោះស្រាយភាពគ្មានប្រសិទ្ធភាពក្នុងដំណាក់កាលផលិតកម្ម ក្រោយពេលប្រមូលផល និងការបែងចែក ដើម្បីកាត់បន្ថយកាកសំណល់ និងធ្វើអោយប្រសើរឡើងនូវលទ្ធភាពប្រើប្រាស់ និង២៖ ទេសចរណ៍ធម្មជាតិតាមសហគមន៍ ដើម្បីលើកកម្ពស់ទេសចរណ៍ធម្មជាតិប្រកបដោយនិរន្តរភាព ជាការអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាព ស្របជាមួយនឹងការថែរក្សាបរិស្ថាន និងសហគមន៍ទន្លេ។
លោក សួស យ៉ារ៉ា ជឿជាក់ថា គម្រោងនេះនឹងផ្តល់អន្តរាគមន៍ជាក់ស្តែង និងបង្កើតមូលដ្ឋានគ្រឹះដ៏ទូលំទូលាយសម្រាប់ការបង្កើតគោលនយោបាយផ្អែកលើភស្តុតាង។ វានឹងជួយកែលម្អការប្រមូល និងគ្រប់គ្រងទិន្នន័យក្នុងតំបន់ ការចូលរួមសហគមន៍ និងការចែករំលែកចំណេះដឹង ដើម្បីបង្កើតការយល់ដឹងដែលនឹងជូនដំណឹងអំពីយុទ្ធសាស្ត្រជាតិ និងគំនិតផ្តួចផ្តើមពហុភាគី។
សូមជម្រាបថា គម្រោងនេះគាំទ្រដល់ផែនទីផ្លូវប្រព័ន្ធអាហារជាតិឆ្នាំ២០២១-២០៣០របស់កម្ពុជា ដែលផ្តល់អាទិភាពដល់ការកាត់បន្ថយការបាត់បង់ស្បៀង ធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពទទួលបានស្បៀង និងការជំរុញប្រាក់ចំណូលនៅតាមជនបទ។ នៅថ្នាក់តំបន់ វារួមចំណែកដល់ការអនុវត្តផែនការ៥ឆ្នាំ ឡានឆាង-មេគង្គសកម្មភាព (២០២៣-២០២៧) និងបំពេញបន្ថែមផែនការយុទ្ធសាស្រ្តរបស់អាស៊ានស្តីពីសន្តិសុខស្បៀង (SPA-FS 2021-2025) ដែលអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់ប្រព័ន្ធស្បៀងអាហារដែលធន់នឹងអាកាសធាតុ និងនិរន្តរភាព៕