(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះកងទ័ពទាំងអស់ ដែលបានខិតខំប្រឹងប្រែងលះបង់ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។
សម្ដេចមហាបវរធិបតី ក៏មិនភ្លេចផងដែរចំពោះការថ្លែងអំណរអរគុណ ចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានគាំទ្រផ្នែកស្មារតីយ៉ាងផុសផុល ដើម្បីការពារផលប្រយោជន៍ជាតិ។
ថ្លែងក្នុងឱកាសអញ្ជើញប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីចំនួន១.៥លានក្បាល ចូលបឹងទន្លេបាទី នាព្រឹកថ្ងៃទី០១ កក្កដា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា «ខ្ញុំសូមអរគុណណាស់ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ក្នុងថ្ងៃទី១៨នោះ បានចេញសម្លេងយុវជនច្រើនណាស់ ចេញមកគាំទ្ររាជរដ្ឋាភិបាល និងកងទ័ពជួរមុខរបស់យើងខ្ញុំសូមអរគុណ។ ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសបានចូលរួមនាំគ្នាចែករំលែកយ៉ាងច្រើនផុសផុល ដើម្បីស្មារតីគាំទ្រដល់កងទ័ព និងរាជរដ្ឋាភិបាល ក្នុងការចាត់វិធានការ ត្រៀមលក្ខណៈការពារបូរណៈភាពទឹកដី ក៏ដូចជាការការពារអធិបតេយ្យភាព និងកិត្តិយសមុខមាត់ជាតិរបស់យើង ខ្ញុំពិតជាសូមអរគុណខ្លាំងណាស់»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ដថា ការណ៍នេះបានបង្ហាញឲ្យឃើញស្មារតីរួបរួមគ្នា និងសូមអរគុណសាជាថ្មីជូន ដល់កងកម្លាំងប្រដាប់អាវុធរបស់យើង ដែលខិតខំប្រចាំជារៀងរាល់ថ្ងៃនេះ បង្កើនការប្រុងប្រយ័ត្នទាំងភូមិភាគ៣ ខេត្តកោះកុង ពោធិ៍សាត់, បាត់ដំបង ភូមិភាគ៥ បន្ទាយមានជ័យ, ឧត្តរមានជ័យ, ភូមិភាគ៤ ព្រះវិហារ ភ្ជាប់ទៅដល់បន្ទាយមានជ័យទាំងអស់ ដែលបានខិតខំបង្កើនការយកចិត្តទុកដាក់ ទាំងកងទ័ព ទាំងកងនគរបាលជាតិ ដើម្បីត្រៀមការពារទឹកដី។ ពិតណាស់កម្ពុជាយើងមិនចង់មានសង្គ្រាមនោះទេ ប៉ុន្ដែយើងក៏មិនអនុញ្ញាតឲ្យ អ្នកណាមកបំពានបាននោះទេ។
សម្តេចមហាបវរធិបតីបានបញ្ជាក់ថា «ខ្ញុំក៏សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានផ្ដល់ការគាំទ្រគ្រប់រូបភាពមិនថា ថវិកា, ស្បៀងអាហារ, ការផ្ដល់កម្លាំងចិត្តលើកទឹកចិត្ត, តាមបណ្ដាញសង្គមគ្រប់យ៉ាង ជូនដល់បងប្អូនរបស់យើង ក្នុងនោះមានការតែងនិពន្ធចម្រៀងលើកទឹកចិត្តកងទ័ពរបស់យើង។ សូមអរគុណដល់ក្រុមគ្រួសារទ័ព សូម្បីតែប្រជាជនដែលភៀសខ្លួន នៅខេត្តព្រះវិហារសុទ្ធសឹងតែជាក្រុមគ្រួសារទ័ព ដែលលះបង់ និងការចូលរួមយ៉ាងធំធេងរបស់ជាតិខ្មែររបស់យើង។ ពិសេសពេលមានការគម្រាងកំហែងលើ កិត្តិយសជាតិ បូរណៈភាពទឹកដី ខ្មែរយើងរួមគ្នា»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា កម្ពុជាចង់បានសុខសន្ដិភាព យើងធ្លាប់មានសង្គ្រាមរាប់សិបឆ្នាំមកហើយ ប៉ុន្ដែកម្ពុជាយើងមិនអាចទទួលបានការប្រមាថបាននោះដែរ [........]៕