(តាកែវ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គាំទ្រផលិតផលរបស់ខ្មែរជារៀងរហូត សូមឲ្យស្មារតីជាតិនិយម ស្ថិតស្ថេរជារឿងរហូត។
ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាស សម្ដេច អញ្ជើញជាធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១,៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
ចំពោះមុខអង្គពិធី សម្ដេចបានបញ្ជាក់ថា
ទោះព្រំដែនមិនបើក រដ្ឋាភិបាលត្រៀមលក្ខណៈរួចជាស្រេច ដើម្បីសម្រួលដល់កសិករកម្ពុជា ទោះបីទីផ្សារប្រទេសខាងលិចមិនបើក ក៏នៅមានទីផ្សារប្រទេសផ្សេងទៀតជំហរ។
។ រដ្ឋាភិបាលមិនឱ្យកសិករស្លាប់ និងមិនឱ្យគេមើលងាយ ទោះបីគ្មានជំនួយពីប្រទេសខាងលិចនោះដែរ។ ឆ្លៀតឱកាសនេះ សម្ដេច ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានគាំទ្រផ្នែកស្មារតីយ៉ាងផុលផុសដើម្បីការពារផលប្រយោជន៍ជាតិ។
ជាមួយគ្នានេះ សម្ដេច បានមានប្រសាសន៍ថាការចូលរួមពីផ្សារទំនើបជាច្រើនក្នុងស្រុក ក្នុងការទទួលទិញកសិផលខ្មែរពីប្រជាកសិករ រួមមានផ្សារទំនើបជីបម៉ុង,AEON, BigC, តេលា និងការចូលរួមពីក្រុមហ៊ុនដឹកជញ្ជូនជាច្រើនដូចជាវីរៈប៊ុនថាំង, ZTO, CO, E-Gets សុទ្ធសឹងតែបង្ហាញពីស្មារតីខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ដែលធ្វើដោយស្ម័គ្រ។
ត្រង់ចំណុចនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានគូសរំលេចថា៖ «ប៉ុន្តែការជួយរយៈពេលខ្លីបែបនេះ មិនគ្រប់គ្រាន់ទេ យើងត្រូវគិតជាយុទ្ធសាស្រ្តរយៈពេលវែង ខ្ញុំបានបញ្ជាតាំងពីពន្ធ ហើយគណៈកម្មាការគោលនយោបាយ ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម ពិនិត្យមើលនៅក្នុងការឈានទៅដល់ភាពម្ចាស់ការជាជំហានៗ ទៅលើការផលិតជាជំហានៗ ទៅលើផលិតផលមួយចំនួន ទោះបីជាយើងមិនអាចផលិត១០០០មុខក៏ដោយ...តែត្រូវបង្កើនផលិតផលដែលយើងអាចមានលទ្ធភាពនៅក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុករបស់យើង ឱ្យមានប្រសិទ្ធភាពទៅថ្ងៃក្រោយ»។
លើសពីនេះទៅទៀត យើងមានអង្ករ ជ្រូក ដែលមិនត្រូវការការនាំចូលមកតែត្រូវពង្រីកផលិតផលបន្ថែមទៀត ដូច្នេះក្រសួងកសិកម្ម ត្រូវពិនិត្យមើលពីពូជសាច់ដែលយើងមានប្រៀបហើយអាចចិញ្ចឹមបាន ដើម្បីអាចផ្គត់ផ្គង់ក្នុងស្រុកនិងអាចនាំចេញទៅក្រៅដោយជំនួសការនាំចូល សម្រាប់បន្លែដូចគ្នា។ នេះបើយោងតាមប្រសាសន៍របស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
សម្ដេចបវរធិបតី បានថ្លែងបន្តថាក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ពង្រឹងកសិឧស្សាហកម្មនៅទិសខាងលិចឱ្យខ្លាំង ដើម្បីជំរុញការច្នៃប្រឌិតផលិតផលកសិកម្មនៅហ្នឹងកន្លែង ឈានទៅដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលនេះជាការធ្វើពិពិធកម្មសេដ្ឋកិច្ច។
ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ បានបង្កើតឱ្យមានសកម្មភាពខ្មែរជួយខ្មែរ តាមរយៈការចូលរួមគាំទ្រផលិតផលរបស់ខ្មែរ, ទោះបីយ៉ាងនេះក្ដី សម្ដេចប្រមុខរដ្ឋាភិបាលកម្ពុជា នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គាំទ្រផលិតផលរបស់ខ្មែរជារៀងរហូត ហើយសូមឱ្យស្មារតីជាតិនិយមនេះ នៅតែស្ថិតស្ថេរជារៀងរហូត៕