(តាកែវ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា កម្ពុជាមិនបានលូកដៃនៅក្នុងកិច្ចការផ្ទៃក្នុងនយោបាយរបស់ប្រទេសណានោះទេ រឿងជម្លោះកើតក្នុងប្រទេសខ្លួន ត្រូវរកដំណោះស្រាយដោយខ្លួនឯង ហើយត្រូវបញ្ឈប់ការលាបពណ៌មកលើកម្ពុជា បើមិនដូច្នេះទេ កម្ពុជាត្រូវតែតបទៅវិញ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងបែបនេះ ក្នុងឱកាសសម្តេចអញ្ជើញប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥លានក្បាល ចូលបឹងទន្លេបាទី នាព្រឹកថ្ងៃទី០១ កក្កដា ឆ្នាំ២០២៥នេះ។
ជុំវិញបញ្ហាជម្លោះនយោបាយដែលកើតឡើងក្នុងប្រទេសថៃរីករាលដាលកាន់តែធំឡើង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចន្លងមកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ចេញមតិពាក់ព័ន្ធនឹងរឿងនយោបាយ ប៉ុន្តែការសម្រេចចិត្តនយោបាយបញ្ជាស្ថាប័នរដ្ឋ គឺស្ថិតនៅលើនាយករដ្ឋមន្រ្តី។ ហើយការដែលកម្ពុជាបានបញ្ចេញមតិពាក់ព័ន្ធនឹងរឿងនយោបាយរបស់ថៃ គឺជាការឆ្លើយទៅវិញ ចំពោះអ្វីដែលថៃតែងតែចោទប្រកាន់ និងលាបពណ៌មកលើកម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «ឥលូវមកចោទថា រាជរដ្ឋាភិបាល ជាពិសេសទៅចោទសម្តេចតេជោ ថាទៅលូកលាន់ផ្ទៃក្នុងនយោបាយរបស់ប្រទេសគេ។ [....] កម្ពុជាមិនបានធ្វើអ្វីទៅលូករឿងផ្ទៃក្នុងរបស់គេ រឿងបក្សយ៉ាងម៉េច ដកអ្នកណា ដាក់អ្នកណា ជារឿងរបស់គេ ប៉ុន្តែរឿងដែលប៉ះពាល់កម្ពុជា កម្ពុជាត្រូវតែឆ្លើយតបហើយ»។
សម្តេចមានប្រសាសន៍ថា ដល់ពេលហើយដែលកម្ពុជាត្រូវឆ្លើយតប ខណៈកន្លងមកកម្ពុជាតែងតែអត់ធ្មត់ ដើម្បីកុំឱ្យមានបញ្ហាជាមួយគ្នា បើទោះបីជាកន្លងមក ថៃតែងតែមូលបង្កាច់ និងលាភជាច្រើនលើកច្រើនសារមកលើកម្ពុជា។ កម្ពុជាមានភស្តុតាងច្រើនណាស់ ចំពោះការបង្កាច់បង្ខូចទាំងនោះ ប៉ុន្តែកម្ពុជាមិនចង់មានបញ្ហាជាមួយប្រទេសជិតខាង។
សម្តេចមហាបវរធិបតី គូសបញ្ជាក់ថា ការចាត់វិធានការរបស់កម្ពុជា គ្មានអ្វីក្រៅពីការការពារកិត្តិយស សេចក្តីថ្លៃថ្នូភាពត្រឹមត្រូវ បូរណៈភាពទឹកដី និងឧត្តមប្រយោជន៍ខ្មែរតែប៉ុណ្ណោះ។
គួររម្លឹកថា ពាក់ព័ន្ធស្ថានភាពជម្លោះនៃប្រទេសកម្ពុជា-ថៃ កាលពីកណ្តាលខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ចេញសារសំឡេងសន្ទនាជាមួយនាយករដ្ឋមន្ត្រីថៃ ដែលមានរយៈពេល១៧៖០៦នាទី ដែលតាមរយៈសារសន្ទនានេះ នាយករដ្ឋមន្រ្តីថៃ បានបង្ហាញការសុំអង្វរ និងសុំយោបល់មេដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដើម្បីទប់ទល់ស្ថានភាពប្រេះស្រាំផ្ទៃក្នុងរបស់ថៃ ស្មើនឹងទង្វើក្បត់ជាតិ។ ជាមួយគ្នានេះ សម្តេចតេជោបានទម្លាយនូវទំនាក់ទំនងរបស់សម្តេច និងគ្រួសារថាក់ស៊ីន និងការព្យាករណ៍ពីផ្លាស់ប្តូរនាយករដ្ឋមន្រ្តីថៃថ្មីនៅពេលខាងមុខផងដែរ៕