(តាកែវ)៖ នៅព្រឹកថ្ងៃអង្គារ ៦កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
ចាប់តាំងពីឆ្នាំ២០០៣មក ទិវាមច្ឆជាតិ១ កក្កដា ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងផ្សព្វផ្សាយនិងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមអភិរក្ស និងអភិវឌ្ឍធនធានជលផលប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ។ ជារៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និងវារីសត្វពូជក្នុងស្រុកប្រមាណ ៥លានក្បាល ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិ។
ទិវាមច្ឆជាតិដែលប្រារព្ធឡើងនៅបឹងទន្លេបាទីនាព្រឹកថ្ងៃនេះ ត្រីមេពូជ កូនត្រី និងវារីសត្វសរុបជាង ២០ប្រភេទ ប្រមាណ ១,៥លានក្បាល ដូចជា ត្រីប្រា ត្រីពោ ត្រីឆ្ពិន ត្រីកាហែ ត្រីគល់រាំង អណ្តើក កន្ធាយ បង្កងទឹកសាប។ល។ នឹងត្រូវលែងចូល ទៅក្នុងបឹងនេះ។
សូមបញ្ជាក់ថា បឹងទន្លេបាទីមានបណ្តោយប្រវែងប្រមាណ ៧គ.ម. និងទទឹងប្រវែង១គ.ម. ជម្រៅ៧ម៉ែត្រនៅរដូវវស្សា និង២ម៉ែត្រនៅរដូវ ប្រាំង និងដើរតួនាទីជាប្រភពទឹកដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់ ការធ្វើកសិកម្ម និងការរក្សាទុក នូវត្រីមេពូជសម្រាប់បន្តពូជ ដែលជាប្រភពស្បៀងអាហារ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋរាប់សែននាក់ ក្នុងស្រុកបាទី ខេត្តតាកែវ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលពឹងអាស្រ័យលើផលនេសាទ កសិកម្ម និងទេសចរណ៍៕