(ភ្នំពេញ)៖ នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជា នាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាធិបតីភាពក្នុងពិធីពិធីបិទវគ្គបណ្តុះបណ្តាលមន្ត្រីកាកបាទក្រហមកម្ពុជា ជំនាន់ទី១ និងបើកវគ្គបណ្តុះបណ្តាលលមន្ត្រីកាកបាទក្រហមកម្ពុជា ជំនាន់ទី២ នៅសាលាភូមិរដ្ឋបាល។

នាឳកាសនោះលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បាននាំប្រសាសន៍សួរសុខទុក្ខ និងថ្លែងអំណរគុណរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគណៈគ្រប់គ្រងសាលា លោក យក់ ប៊ុនណា និងសាស្រ្តាចារ្យ ដែលបានអញ្ជើញចូលរួមក្នុងពិធីបិទ និងបើកវគ្គជូនមន្រ្តីនៃកាកបាទក្រហមកម្ពុជានាថ្ងៃនេះ។

លោកស្រីក៏បានកោតសរសើរថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ និងគណៈគ្រប់គ្រងសាលា សាស្រ្តាចារ្យ គ្រូសម្របសម្រួលវគ្គបណ្តុះបណ្តាលរយៈពេល៩០ម៉ោងដែលមាន៧មុខវិជ្ជា ដូចជា ១-ការងារការិយាល័យ, ២-ពិធីការ និងបដិសណ្ឋារកិច្ច, ៣-ការតាក់តែងលិខិតរដ្ឋបាល, ៤-រចនាសម្ព័ន្ធរដ្ឋបាលកម្ពុជា, ៥-នវានុវត្តន៍ក្នុងរដ្ឋបាលសាធារណៈ, ៦-ការគ្រប់គ្រងធនធានមនុស្ស, ៧-ព័ត៌មានវិទ្យាសម្រាប់កិច្ចការរដ្ឋបាល។

ការស្នើសុំឱ្យមានវគ្គបណ្តុះបណ្តាល ដែលមានសំខាន់ទាំងនេះឡើង ជូនមន្រ្តីក្រុមប្រតិបត្តិ ដើមម្បីពង្រឹងសមត្ថភាពដូជា ៖
១៖ ពង្រឹងគុណភាពការងាររបស់កាកបាទក្រហមកម្ពុជា បន្តអភិវឌ្ឍន៍មូលធនមនុស្សសម្រាប់ បច្ចុប្បន្ន និងទៅអនាគត បុរេសកម្ម ក្នុងឋានៈស្របច្បាប់ជាជំនួយឱ្យរាជរដ្ឋាភិបាលក្នុង វិស័យមនុស្សធម៌

២៖ ចូលរួមជំរុញការអភិវឌ្ឍធនធានមនុស្ស ដែលក្នុងនោះបន្ស៊ីជាមួយរាជរដ្ឋាភិបាលបន្តផ្តោតលើការធ្វើបរិវត្តកម្ម ការបណ្តុះបណ្តាលជំនាញ ឱ្យមានសមត្ថភាព ផលិតភាព សីលធម៌ គុណធម៌ ចរិយាធម៌ ភាពអំណត់ សុចរិតភាព វិន័យ និងការទទួលខុសត្រូវខ្ពស់ ក្នុងការលើកកម្ពស់ស្មារតី និងមនសិការស្នេហាជាតិ ការពារជាតិ ឯកភាពជាតិ ការចេះយកអាសារ គ្នា ការចែករំលែក ការចូលរួមគុណតម្លៃសង្គម និងស្មារតីគោរពច្បាប់ ស្រឡាញ់សន្តិភាព

៣៖ ចូលរួមអនុវត្តនូវប្រសាសន៍ណែនាំរបស់ប្រមុខថ្នាក់ដឹកនាំបានលើកឡើង គឺមូលធនមនុស្សត្រូវ រៀនគ្រប់ពេលវេលា រៀនពីគ្រប់គ្នា រៀនគ្រប់ទីកន្លែង និងរៀនពីខ្លួនឯង នឹងការកសាងធនធានមនុស្សដែលមានសុខភាពល្អ ប្រកបដោយចំណេះដឹង គឺមានសារៈសំខាន់និងចាំបាច់ណាស់សម្រាប់សង្គមជាតិ

៤៖ កសាងធនធានមនុស្ស បានផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍស្ថាប័នកាកបាទក្រហមកម្ពុជា ឱ្យទៅជាសមាគមជាតិមួយ ដែលមានដំណើរការល្អតាមទិសវិមជ្ឈការ និងវិសហមជ្ឈការ។

៥៖ សូមសមាជិក-សមាជិកាជាសិក្ខាកាមវគ្គទាំងចាស់ និងថ្មី ជំរុញការអភិវឌ្ឍសមត្ថភាព និងពង្រឹងភាពជាអ្នកដឹកនាំល្អ ការចាប់យកបច្ចេកវិទ្យាឌីជីថល ដើម្បីប្រសិទ្ធិភាព និងបម្រើសេវាកម្មមនុស្សធម៌បានទាន់ពេលវេលា។

ឆ្លៀតក្នុងឳកាសនោះលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល
បានថ្លែងថា «មន្ត្រីកាកបាទក្រហមកម្ពុជា ពិតជាមានឆន្ទៈដ៏មុតមាំក្នុងការសិក្សារៀនសូត្របន្ថែមដើម្បីតាមឱ្យទាន់នូវបច្ចុប្បន្នភាពរបស់គោលនយោបាយ និងការងារកំណែទម្រង់ ស្របតាមផែនការយុទ្ធសាស្ត្របញ្ជកោណ ដំណាក់ការទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ និងមានចក្ខុវិស័យខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។

លោកបានបន្តថា ជាការពិតណាស់ វគ្គបណ្តុះបណ្តាលមន្ត្រីកាកបាទក្រហមកម្ពុជាទាំងជំនាន់ទី១ និងជំនាន់ទី២ ត្រូវបានរៀបចំឡើងគាំទ្រដល់ការបំពេញតួនាទី ភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ត្រី ប្រកបដោយវិន័យ គុណភាព គុណធម៌ និងសមត្ថភាព វិជ្ជាជីវៈខ្ពស់ ក្នុងក្របខណ្ឌអភិបាលកិច្ចនិងបរិវត្តកម្មរដ្ឋបាលសាធារណៈដើម្បីធានាបានថារាល់ការបំពេញបេសសកម្មរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនប្រកបដោយ តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព ស័ក្កិសិទ្ធភាព បរិយាបន្ន និងអាចព្យាករណ៍បាន។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលមន្ត្រីកាកបាទក្រហមកម្ពុជា ជំនាន់ទី១ មានសិក្ខាកាម ចំនួន ៤៨នាក់ (ស្រី ២៦នាក់) សិក្សាលើ ៧មុខវិជ្ជា មានរយៈពេល ៩០ម៉ោង ដោយសិក្ខាកាមទាំងអស់ទទួលបានលទ្ធផលជាប់ជាស្ថាពរ និងត្រូវប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សានាថ្ងៃនេះផងដែរ។

សម្រាប់ដំណើរការវគ្គបណ្តុះបណ្តាលជំនាន់ទី២ មានសិក្ខាកាមសរុបចំនួន ៧០នាក់ (ស្រី២៥នាក់) ត្រូវសិក្សានៅថ្ងៃសៅរ៍(ព្រឹក-រសៀល) និងថ្ងៃអាទិត្យ(ព្រឹក) តាមប្រព័ន្ធអនឡាញ (Microsoft Teams) របស់សាលាភូមិន្ទរដ្ឋបាល៕