(ភ្នំពេញ)៖ ចាប់ពីដើមខែមិថុនា ឆ្នាំ២០២៥ មន្រ្តីជំនាញ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ បានចុះត្រួតពិនិត្យឃ្លាំង និងដេប៉ូជី-ថ្នាំកសិកម្ម សរុបចំនួនជាង ២០០ទីតាំង នៅទូទាំងប្រទេស​ ដោយរាប់បញ្ចូលដេប៉ូចំនួន​ ៣៨ទីតាំង ដែលត្រូវបានចុះពិនិត្យ ក្នុងសប្តាហ៍ទី៤ នៃខែនេះ​ផងដែរ។

សូមបញ្ជាក់ជូនថា​ ការចុះត្រួតពិនិត្យឃ្លាំងជី-ថ្នាំកសិកម្ម គឺជាលក្ខខណ្ឌ ដែលក្រសួងត្រូវអនុវត្ត​ មុនពេលចេញវិញ្ញាបនបត្រ បញ្ជាក់ការចុះបញ្ជីឃ្លាំង ជូនក្រុមហ៊ុន ដើម្បីធានាថាឃ្លាំងក្រុមហ៊ុនត្រូវបានរៀបចំទុកដាក់​ស្របតាមបទដ្ឋានបច្ចេកទេស និងមិនប៉ះពាល់បរិស្ថានជុំវិញ។

ដោយឡែក​ ដេីម្បីធានាប្រសិទ្ធភាព នៃការគ្រប់គ្រងពាណិជ្ជកម្មជី-ថ្នាំកសិកម្ម​ មន្ត្រីជំនាញក្រសួង តែងចុះត្រួតពិនិត្យដេប៉ូលក់ជី-ថ្នាំកសិកម្មជាប់ជាប្រចាំ​ និងអប់រំណែនាំដល់អាជីវករ ឱ្យលក់ដូរផលិតផល ដែលមានគុណភាព​ និងបានចុះបញ្ជិកាដោយ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ។

សរុបរួមក្នុងខែមិថុនានេះ មន្ត្រីជំនាញ​បានចុះពិនិត្យ​ដេប៉ូជី​-ថ្នាំកសិកម្មជាង ២០០ទីតាំង នៅទូទាំងប្រទេស​ ដោយបាន​ធ្វេីការអប់រំណែនាំផ្ទាល់មាត់ ចំនួន ៣២ដេប៉ូ និងធ្វើកំណត់ហេតុកែតម្រូវចំនួន ២៣ដេប៉ូផងដែរ​ ខណ:ដែលដេប៉ូភាគច្រេីនបំផុត អនុវត្តបានយ៉ាងល្អប្រសេីរ៕