(ភ្នំពេញ)៖ កម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ដែលផ្តួចផ្តើមឡើងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលបំណងបង្កើនការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាពសម្រាប់កូនចៅតជំនាន់ផង និងបង្កើនប្រសិទ្ធភាព ផលិតភាពនៃការប្រើប្រាស់ដីរដ្ឋផង តាមរយៈការផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានដីសម្រាប់សង់លំនៅឋានប្រកបដោយសមធម៌ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។

ពិធីចាប់ឆ្នោតអ្នកបានដាក់ពាក្យស្នើសុំដីជុំទី១ នៃកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិរក្សដោយចីរភាព ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក សរ សុវណ្ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អនុប្រធានប្រចាំការ គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីការអភិវឌ្ឍដោយចីរភាព និងជាប្រធានលេខាធិការដ្ឋាន ផ.ក.អ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន។

នាឱកាសនោះដែរលោក សរ សុវណ្ណ បានថ្លែងថា ការចាប់ឆ្នោតជ្រើសរើសនេះគឺធ្វើឡើងម្តងមួយខេត្តៗ និងធ្វើឡើងដោយតម្លាភាព សុក្រឹតភាព យុត្តិធម៌ និងអាចជឿទុកចិត្តបាន ដោយបង្ហាញឈ្មោះគ្រួសារដែលបានដាក់ពាក្យទាំងអស់ ទៅក្នុងប្រអប់ចាប់ឆ្នោត ដែលអាចមើលឆ្លុះបាន។ មុននឹងធ្វើការចាប់ឆ្នោតត្រូវបង្វិលធុងឆ្នោតដើម្បីច្របល់សន្លឹកឆ្នោតឱ្យបានសព្វល្អ ទើបអ្នកចាប់ឆ្នោតត្រូវចាប់យកសន្លឹកឆ្នោតម្តងមួយសន្លឹកៗហើយបង្ហាញជាសាធារណៈ ដោយប្រកាសឈ្មោះអ្នកដាក់ពាក្យសុំដី រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងលេខបង្កាន់ដៃទទួលពាក្យ។

ក្នុងការចាប់ឆ្នោតជុំទី១នេះនឹងជ្រើសរើសយកអ្នកមានសំណាងចំនួន ២,៥០០គ្រួសារ ដោយកំណត់អត្រាចំនួន ២០% តាមរាជធានី ខេត្ត ដូចនេះ ចំនួនសន្លឹកឆ្នោតអ្នកបានដាក់ពាក្យស្នើសុំដីដែលត្រូវចាប់យកតាមរាជធានី ខេត្តនីមួយៗ មានចំនួនខុសៗគ្នា អាស្រ័យដោយចំនួនអ្នកបានដាក់ពាក្យស្នើសុំដីតាមរាជធានី ខេត្ត។

ការចាប់ឆ្នោតនេះ ត្រូវធ្វើរហូតដល់គ្រប់ចំនួនកំណត់ខាង លើចំពោះគ្រួសារដែលនឹងមានសំណាងក្នុងការចាប់ឆ្នោតចំនួន ២ ៥០០គ្រួសារ តាមលំដាប់លេខរៀងដែល ចាប់ឆ្នោតបានក្នុងរាជធានី ខេត្តសាមី ក្នុងនោះ៖

ក. អ្នកបានដាក់ពាក្យស្នើសុំដី ចំនួន ៥០០គ្រួសារ ដែលមានសំណាងលំដាប់លេខរៀងតាមការចាប់ ឆ្នោតបានមុនគេនិងបន្តបន្ទាប់ (៤%) ក្នុងរាជធានី/ខេត្តសាមី ត្រូវបានចុះត្រួតពិនិត្យបុគ្គលមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ ដែលអាចមានសិទ្ធិទទួលដីសម្រាប់គម្រោងទី១ នៅភូមិសាស្ត្រ អូរកែវ ឃុំស្ដៅនិងឃុំសាមឃួយ ស្រុក សេសាន ខេត្តស្ទឹងត្រែង។

ខ. ក្នុងចំណោមអ្នកដាក់ពាក្យស្នើសុំដី ដែលមានសំណាង ចំនួន ២,០០០គ្រួសារ ដែលនៅសល់ពុំទាន់ បានចុះទៅត្រួតពិនិត្យលក្ខណៈសម្បត្តិនឹងត្រូវចុះត្រួតពិនិត្យបន្តបន្ទាប់ សម្រាប់ជំនួសបំពេញចំនួនកំណត់ ៥០០គ្រួសារ និង/ឬគម្រោងបន្ទាប់ តាមលំដាប់លេខរៀងបន្តបន្ទាប់ តាមលទ្ធផលនៃការចាប់ឆ្នោតក្នុង រាជធានី ខេត្តសាមី។

ក្រោយពេលចាប់ឆ្នោតនេះរួច ក្រុមការងារចម្រុះចុះត្រួតពិនិត្យបុគ្គលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មានសិទ្ធិទទួលដីរបស់លេខាធិការដ្ឋាន ផ.ក.អ. នឹងទំនាក់ទំនងជាមួយរដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ និងរាជធានី ខេត្ត ដើម្បីចុះពិនិត្យភាពសមស្របអ្នកចាប់ឆ្នោតបានទាំង៥០០គ្រួសារ ដែលមានសំណាងលំដាប់លេខរៀងតាម ការចាប់ឆ្នោតបានមុនគេនិងបន្តបន្ទាប់ (៤%) ក្នុងរាជធានី ខេត្តសាមី។ ក្នុងករណីពេលចុះពិនិត្យឃើញថា មានអ្នកដាក់ពាក្យស្នើសុំដីមួយចំនួនមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីអាចទទួលដីបាន អ្នកដាក់ពាក្យនោះនឹងពុំ ជាប់ឈ្មោះក្នុងកម្មវិធីនេះទេ ហើយក្រុមការងារចម្រុះនឹងជ្រើសរើសជំនួសបំពេញចំនួនកំណត់ឱ្យគ្រប់ចំនួន ៥០០គ្រួសារ តាមលំដាប់លេខរៀងបន្តបន្ទាប់តាមលទ្ធផលនៃការចាប់ឆ្នោតក្នុង រាជធានី/ខេត្តសាមី។ដោយឡែកសម្រាប់អ្នកបានដាក់ពាក្យស្នើសុំដីដែលនៅសល់ចំនួន ៩,៨២៩គ្រួសារ ដែលពុំទាន់មានសំណាងជាប់ឈ្មោះក្នុងលទ្ធផលនៃការចាប់ឆ្នោតជុំទី១នឹងត្រូវចាប់ឆ្នោតនៅជុំបន្តបន្ទាប់ទៀត។

គួរបញ្ជាក់ថា កម្មវិធីនេះរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ និងរួមគ្នាទទួលផល ព្រមទាំងដោះស្រាយ ការទន្ទ្រានដីរដ្ឋដោយខុសច្បាប់។ គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខនស/រកត/១១២៤/១៤១២ ចុះថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ២០២៤ ដែលមានសម្តេចធិបតី នាយករដ្ឋមន្ត្រីជាប្រធាន។

បន្ទាប់ពីបានបណ្តុះណ្តាលដល់មន្ត្រីឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ និងរាជធានី ខេត្តឱ្យបានយល់ច្បាស់ពីនីតិវិធីការងារពិសេសពីលក្ខណៈសម្បត្តិទាំង៤ រួមមាន គ្រួសារដែលមានសញ្ជាតិខ្មែរពីកំណើត គ្មានដី ក្រីក្រពិតប្រាកដ និងចង់ទៅរស់នៅទីតាំងអនុវត្តកម្មវិធី របស់អ្នក មានបំណងដាក់ពាក្យស្នើសុំដីរួចមក លេខាធិការដ្ឋាន ផ.ក.អ. បានផ្សព្វផ្សាយយ៉ាងទូលំទូលាយពីលក្ខណៈសម្បត្តិ ទាំង៤ដល់ប្រជាពលរដ្ឋហើយប្រជាពលរដ្ឋដែលមានលក្ខណៈវិនិច្ឆ័យស្របតាមលក្ខណៈសម្បត្តិទាំង៤ខាងលើ បានមកធ្វើស្វ័យប្រកាសនិងដាក់ពាក្យស្នើសុំដីចាប់ពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ នៅឃុំ/សង្កាត់ ចំនួន ១ ១៨២ឃុំ/សង្កាត់ ដោយអ្នកបានដាក់ពាក្យស្នើសុំដីមានចំនួនសរុប ១២ ៣២៩គ្រួសារ និង៤៧០ឃុំ/សង្កាត់ ពុំមានអ្នកដាក់ពាក្យស្នើសុំដីឡើយ ក្នុងចំណោម ១ ៦៥២ឃុំ/សង្កាត់ ទូទាំងប្រទេស៕