(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ឡរ៉េន វ៉ុង (Lawrence Wong) នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ សិង្ហបុរី នឹងអញ្ជើញមកបំពេញទស្សនកិច្ចណែនាំខ្លួននៅកម្ពុជា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។
នៅក្នុងដំណើរទស្សនកិច្ចនេះលោក Lawrence Wong នឹងមានព្រះរាជសាវនាការជាមួយ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង, ហើយនឹងបន្តមានជំនួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជាផងដែរ។
ជាមួយគ្នានេះលោក ឡរ៉េន វ៉ុង (Lawrence Wong) នឹងមានជំនួបទ្វេភាគី ជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព ដែលនាយករដ្ឋមន្ត្រីទាំងពីរនឹងធ្វើការពិភាក្សាស៊ីជម្រៅបន្ថែមទៀត លើទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក រវាងកម្ពុជា និងសិង្ហបុរី។ ដំណើរទស្សនកិច្ចនេះកើតឡើងស្របពេលជាមួយនឹងការប្រារព្ធខួបលើកទី៦០ នៃការបង្កើត ទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរី។
* ប្រវត្តិសង្ខេបរបស់លោក លោក ឡរ៉េន វ៉ុង (Lawrence Wong)
លោក ឡរ៉េន វ៉ុង (Lawrence Wong) បានស្បថចូលកាន់តំណែង នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ។ លោក ឡរ៉េន វ៉ុង (Lawrence Wong) មិនត្រឹមតែជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៃប្រទេសសង្ហបុរីនោះទេ បច្ចុប្បន្ននេះលោកក៏ជាសមាជិកសភា, ជាអគ្គលេខាធិការគណបក្សសកម្មភាពប្រជាជន និងជាប្រធានគណៈកម្មាធិការយុទ្ធសាស្ត្រវិនិយោគ នៃសាជីវកម្មវិនិយោគ (GIC) របស់រដ្ឋាភិបាលសិង្ហបុរី និងជាសមាជិកក្រុមប្រឹក្សាភិបាល GIC ផងដែរ។
* ជីវិតឯកជន និងការអប់រំ
លោក ឡរ៉េន វ៉ុង (Lawrence Wong) មានទីកន្លែងកំណើត នៅប្រទេសសិង្ហបុរី, កើតនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៧២។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយភរិយាទីមួយ និងបានលែងលះក្រោយរយៈពេល៣ឆ្នាំ, បន្ទាប់មកលោកបានរៀបអាពាហ៍ពិពាហ៍ជាមួយភរិយាទីពីរ គឺលោកស្រី ជីលុយ លូ ដោយមិនមានបុត្រឡើយ។
នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៃប្រទេសសិង្ហបុរីរូបនេះ បានសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច នៅសាកលវិទ្យាល័យវីស្តុនសិន-មាឌីសុន សហរដ្ឋអាមេរិក នាឆ្នាំ១៩៩១ ដល់១៩៩៤ និងបានបន្តថ្នាក់អនុបណ្ឌិតផ្នែកសេដ្ឋកិច្ច នៅសាកលវិទ្យាល័យមីឈីហ្គេន-អានអាប័រ សហរដ្ឋអាមេរិក នៅឆ្នាំ១៩៩៤-១៩៩៥, ហើយនៅឆ្នាំ២០០៣-២០០៤ លោកបានបន្តសិក្សាថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យហាវ៉េត ខេនើឌី សហរដ្ឋអាមេរិក។
* តំណែងបច្ចុប្បន្ន៖
- ៤ ធ្នូ ២០២៤ - បច្ចុប្បន្ន៖ អគ្គលេខាធិការគណបក្សសកម្មភាពប្រជាជន
- ១៥ ឧសភា ២០២៤ - បច្ចុប្បន្ន៖ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី
- ឧសភា ២០២១ - បច្ចុប្បន្ន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ
- ឧសភា ២០១១ - បច្ចុប្បន្ន សមាជិកសភា
- ប្រធានគណៈកម្មាធិការយុទ្ធសាស្ត្រវិនិយោគ នៃសាជីវកម្មវិនិយោគ (GIC) របស់រដ្ឋាភិបាលសិង្ហបុរី និង
ជាសមាជិកក្រុមប្រឹក្សាភិបាល GIC
* បទពិសោធន៍ការងារ
- ២៣ ឧសភា ២០២៥៖ ស្បថចូលកាន់តំណែងនាយករដ្ឋមន្តី
- ០៣ ឧសភា ២០២៥៖ ដឹកនាំគណបក្សសកម្មភាពប្រជាជន ចូលរួមការបោះឆ្នោតសាកល ឆ្នាំ២០២៥
- ១៥ ឧសភា ២០២៤ ត្រូវបានតែងតាំងជានាយករដ្ឋមន្តី
- មិថុនា ២០២២-ឧសភា ២០២៖ ឧបនាយករដ្ឋមន្តី
- កក្កដា ២០២០-ឧសភា ២០២១៖ រដ្ឋមន្ត្រីក្រសួងអប់រំ
- សីហា ២០១៦-ឧសភា ២០២១៖ រដ្ឋមន្ត្រីទី២ នៃក្រសួងហិរញ្ញវត្ថុ
- តុលា ២០១៥-កក្កដា ២០២០៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជាតិ
- ឧសភា ២០១៤-កញ្ញា ២០១៥៖ រដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌ សហគមន៍ និងយុវជន និង រដ្ឋមន្ត្រីទីពីរក្រសួងទំនាក់ទំនង និងព័ត៌មាន
- វិច្ឆិកា ២០១២-មេសា ២០១៤៖ រដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌ សហគមន៍ និងយុវជន និង Senior Minister of State ក្រសួងទំនាក់ទំនង និងព័ត៌មាន
- សីហា ២០១២-តុលា ២០១២៖ Senior Minister of State ក្រសួងព័ត៌មាន ទំនាក់ទំនង និងសិល្បៈ និង Senior Minister of State ក្រសួងអប់រំ
- ឧសភា ២០១១-កក្កដា ២០១២៖ Minister of State ក្រសួងការពារជាតិ និង Minister of State ក្រសួងអប់រំ៕