(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា ចាប់តាំងពីថ្ងៃនៃការឈ្លានពានរបស់កងទ័ពថៃ មកលើទឹកដីកម្ពុជា នាថ្ងៃទី២៨ ខែឧសភា កន្លងទៅ ថៃ តែងតែបំភ្លៃការពិត ផ្សាយព័ត៌មានមិនពិត ជុំវិញឬសគល់នៃការឈ្លានពានរបស់ថៃ ចូលទឹកដីកម្ពុជា។ ស្ថិតនៅក្នុងកាលៈទេសៈបែបនេះហើយ ទើបកម្ពុជា ដាច់ខាតត្រូវតែប្ដឹងថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ។ នេះបើតាមការបញ្ជាក់ពីលោក ប៉ែន បូណា នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

បើតាមលោករដ្ឋមន្រ្តី នៅពេលដែលថៃឈ្លានពានចូលទឹកដីរបស់កម្ពុជា បាញ់សម្លាប់កងទ័ពកម្ពុជា ហើយទម្លាក់កំហុសមកលើប្រទេសកម្ពុជា បែបនេះហើយ ជាចំណុចចាប់ផ្ដើមនៃបញ្ហារវាងប្រទេសទាំងពីរ។ ថៃ មិនត្រឹមតែមិនទទួលខុសត្រូវលើការស្លាប់របស់កងទ័ពកម្ពុជា ប៉ុណ្ណោះទេ តែថែមទាំងចោទកម្ពុជា ថាបានឈ្លានពានចូលទឹកដីរបស់គាត់ ដោយសំអាងទៅលើផែនទីឯកតោភាគីរបស់ខ្លួន។

លោក ប៉ែន បូណា បានហៅនយោបាយរបស់ថៃ ថាជានយោបាយមិនស្មោះត្រង់ បំពានទឹកដីរបស់គេហើយ ចោទទម្លាក់កំហុសមកលើគេទៀត នេះគឺជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា មិនអាចទទួលយកបាន ហើយដាច់ខាតត្រូវតែប្លឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖