(ស្វាយរៀង)៖ លោកបណ្ឌិត សម តារា សមាជិកគណៈកម្មាធិការ កណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តស្វាយរៀង សមាជិកសភាមណ្ឌលស្វាយរៀង អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខនិវត្តជន និងចាស់ជរា ចំនួន៤គ្រួសារ នៅភូមិឬស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍។
ការចុះសួរសុខទុក្ខនិវត្តជន និងជរាមានជីវភាពខ្វះខាតនេះដែរ ក៏មានការចូលរួមពីក្រុមការងារ អាជ្ញាធរដែនដីជាច្រើនរូបទៀតផងដែរ។
ក្នុងឱកាសនោះ លោកបណ្ឌិត សម តារា បានថ្លែងពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង ដែលជានិច្ចការសម្ដេចតែងតែនឹករលឹក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងខេត្ត និងតែងតែចាត់ឱ្យក្រុមការងារចុះមូលដ្ឋាន យកចិត្តទុកដាក់ដោះស្រាយទុកលំបាក និងតម្រូវការ ក៏ដូចជាការសំណូមពរនានារបស់ប្រជាពលរដ្ឋផងដែរ។
លោកបណ្ឌិត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តពីសម្ដេចតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ជីវភាពអតីតយុទ្ធជនដែលជានិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនមានពិការភាព តាមរយៈចំណុចអាទិភាពសំខាន់ៗមួយចំនួន គឺសំដៅដល់ ការគិតគូរចំពោះអតីតយុទ្ធជន ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ។
ជាមួយគ្នានេះ លោកបណ្ឌិត សម តារា បានជំរុញដល់អាជ្ញាធរមូលដ្ឋាន លើកកម្ពស់បន្ថែមទៀត ក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងបង្កបរិយាកាស ដល់ប្រជាពលរដ្ឋ ក្នុងការប្រកបរបរចិញ្ចឹមជីវិត ជាពិសេសការពង្រីកមុខរបរកសិកម្ម ការបង្កបង្កើនផល និងចិញ្ចឹមសត្វ ក្នុងវិស័យវារីវប្បកម្ម ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិ។ ទន្ទឹមទាំងនេះ ត្រូវថែរក្សាសុខភាពឱ្យបានល្អ និងរស់នៅដោយហូបស្អាត ផឹកស្អាត និងអនាម័យល្អ ជាពិសេសត្រូវរៀបចំបរិវេណជុំវិញផ្ទះឲ្យមានបរិស្ថានល្អ។
បន្ថែមលើសពីនេះ លោកបណ្ឌិត សម តារា បានណែនាំដល់អាជ្ញាធរ ត្រូវចូលរួមក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ខិតខំធ្វើស្រូវរដូវវស្សាឲ្យបានទាន់ពេលវេលា ខណៈមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ដែលជាការអំណោយផលមួយ ក្នុងការធ្វើស្រែ ចម្ការ។ ជាមួយគ្នានេះត្រូវយកចិត្តទុកដាក់ចំពោះពលករ ដែលធ្វើការចំណាកស្រុកពីប្រទេសថៃ មកស្រុកកំណើត ត្រូវណែនាំពួកគាត់ឲ្យទៅចុះឈ្មោះ ចូលបម្រើការងារនៅតាមបណ្ដារោងចក្រសហគ្រាសនានា នៅក្នុងខេត្តស្វាយរៀងដែលបច្ចុប្បន្នខេត្ត ក៏មានតម្រូវការកម្លាំងពលកម្មជាច្រើននាក់ផងដែរ។
សូមបញ្ជាក់ថា នៅក្នុងឱកាសនោះ លោកបណ្ឌិត សម តារា បានឧបត្ថម្ភថវិកាជូនអ្នកចូលរួម និងចាស់ជរា សរុបថវិកាចំនួន១,២០០,០០០រៀល៕