(កំពង់ឆ្នាំង)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពីធីបើកការដ្ឋានសាងសង់ផ្លូវជនបទដោយក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុងចំនួន ៣ខ្សែ ប្រវែងសរុប ៤១,១០គីឡូម៉ែត្រ ស្ថិតនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងក្របខ័ណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ដើម្បីតភ្ជាប់តំបន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល និងរមណីដ្ឋានអន្លង់ស្វាយ។

ពិធីនេះត្រូវបានរៀបចំឡើងនៅក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យកោះកណ្តាល ស្ថិតក្នុងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ស្ថាប័នថ្នាក់ជាតិ, លោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត, លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត, ថ្នាក់ដឹកនាំខេត្ត, ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តគោលដៅ, អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, លោក អ្នកគ្រូ, យុវជន,សិស្សានុសិស្ស, និងប្រជាពលរដ្ឋ សរុបប្រមាណ ១,០០០នាក់។

ជាកិច្ចចាប់ផ្ដើម លោកបណ្ឌិត សួស គង់ រដ្ឋលេខាធិការ និងជានាយកគម្រោង CSLEP បានធ្វើរបាយការណ៍បញ្ជាក់ថា គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា មានរយៈពេល ៨ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ រហូត ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៧ ក្រោមហិរញ្ញប្បទានកិច្ចសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា, មូលនិធិបរិស្ថានសកល និងធនាគារពិភពលោអនុវត្តការងារពង្រឹងសមត្ថភាពក ក្នុងគោលបំណងគ្រប់គ្រងតំបន់ការពារធម្មជាតិ ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងខ្សែច្រវ៉ាក់តម្លៃអនុផលព្រៃឈើ ដោយក្រសួងអភិវឌ្ឍន៍ជនបទ ទទួលការងារសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុង សរុបប្រវែងប្រមាណ ១០០គីឡូម៉ែត្រ ដើម្បីតភ្ជាប់គោលដៅទេសចរណ៍ក្នុងតំបន់ការពារធម្មជាតិ និងការសាងសង់ប្រព័ន្ធទឹកស្អាត និងបង្គន់អនាម័យដល់សហគមន៍អេកូទេសចរណ៍ នៅក្នុងខេត្តគោលដៅចំនួន ៦ គឺ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង សៀមរាប ពោធិ៍សាត់ កោះកុង និងខេត្តបាត់ដំបង។

បន្ទាប់មក លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានធ្វើសុន្ទរកថាស្វាគមន៍អំពីស្ថានភាពភូមិសាស្ដ្រ សេដ្ឋកិច្ច ស្ថានភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍនានា ជាពិសេសសក្ដានុពលទេសចរណ៍ដែលជាឧស្សាហកម្មគ្មានផ្សែងនៅទូទាំងខេត្តកំពង់ឆ្នាំង។

នាឱកាសនោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានធ្វើសុន្ទរកថាស្វាគមន៍ ដោយបានថ្លែងអំណរគុណចំពោះ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលតែងតែផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងទេសចរណ៍ នៅក្នុងបុព្វហេតុគាំទ្រ និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ជាក់ស្ដែងពិធីបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទ តភ្ជាប់ទៅកាន់គោលដៅទេសចរណ៍ ក្នុងតំបន់ការពារធម្មជាតិនាឱកាសនេះ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានថ្លែងបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រដ៏មានសារៈសំខាន់នេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋផង និងក៏ជាកាតាលីករជំរុញការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យកាន់តែច្រើន និងបានប្រសិទ្ធនាមទេសចរណ៍កម្ពុជាជា «មាសបៃតង»។

ជាមួយគ្នានេះ លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ព្រមទាំងបានសម្ដែងសេចក្ដីសោមនស្សរីករាយចំពោះរីកចម្រើននៃវិស័យទេសចរណ៍ ដែលបានរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចគ្រួសារនៃប្រជាពលរដ្ឋ និងលើកស្ទួយវិស័យសេដ្ឋកិច្ចជាតិ ព្រមទាំងលើកស្ទួយកិត្យានុភាពជាតិឱ្យកាន់តែខ្ពស់ត្រដែតក្នុងឆាកអន្តរជាតិ។

លោករដ្ឋមន្រ្ដី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំបន្តវេនដោយ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបន្តយកចិត្តទុកដាក់ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យ អធិតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ក្នុងគោលដៅសម្រេចឱ្យបាននូវចក្ខុវិស័យ «កម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០» តាមរយៈការដាក់ចេញ និងអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បី «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» ព្រមទាំងបានកំណត់អាទិភាពគន្លឹះចំនួន ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល»

ដើម្បីចូលរួមចំណែកអនុវត្តន៍យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ជនបទ ដែលមានចក្ខុវិស័យ «កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន និងចីរភាព» ក្នុងគោលបំណងប្រែក្លាយតំបន់ជនបទនៃប្រទេសកម្ពុជា ឱ្យក្លាយទៅជាតំបន់អភិវឌ្ឍរីកចម្រើនប្រកបបរិយាបន្ន និងមាននិរន្តរភាព តាមរយៈយុទ្ធសាស្ដ្រចំនួន ៥របស់ក្រសួង។

ក្នុងនោះក្រសួង បាននិងកំពុងយកចិត្តទុកដាក់លើការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទពីផ្លូវក្រាលដីស និងផ្លូវល្បាយក្រួសទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ ឬផ្លូវបេតុងប្រកបដោយភាពធន់ ដើម្បីបង្កើនការតភ្ជាប់ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ ដូចពាក្យស្លោក «មានផ្លូវគឺមានក្តីសង្ឃឹម»

លើសពីនេះ លោករដ្ឋមន្ត្រីបានប្តេជ្ញាចិតបង្កើនកិច្ចសហការ ជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងការចូលរួមតភ្ជាប់ និងលើកកម្រិតផ្លូវជនបទទៅដល់តំបន់គោលដៅទេសចរណ៍ ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍នេះ ឱ្យក្លាយជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ។

បច្ចុប្បន្ននេះ ផ្លូវជនបទនៅទូទាំងប្រទេសមានប្រវែងសរុបជាង ៥ម៉ឺនគ.ម ដោយក្នុងនោះផ្លូវក្រាលកៅស៊ូ និងបេតុង ដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងអាចប្រើប្រាស់បានគ្រប់រដូវកាល មានប្រវែង ៨៥២៧ គ.ម ស្មើប្រមាណជិត ២០%ប៉ុណ្ណោះ។

ជាក់ស្ដែង ពិធីបើកការដ្ឋានសាងសង់ផ្លូវជនបទ មានប្រវែងសរុប ៤១,១០គ.ម នាពេលនេះ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនចំនួន ៦៨៨២ គ្រួសារ ស្មើនឹង ២៨ ៥៩៨នាក់ រស់នៅក្នុងភូមិចំនួន ១២ឃុំចំនួន៤គឺ ឃុំក្តុលសែនជ័យ ខ្លុងពពក ជៀប និងឃុំក្បាលទឹក នៃស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជាពិសេសជួយជំរុញកំណើនភ្ញៀវទេសចរណ៍ចូលមកទស្សនាកម្សាន្តនៅតំបន់សហគមន៍អេកូទេសចណ៍ទាំង៣ ដែលជាការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ទេសចរណ៍ធម្មជាតិ ឱ្យកាន់តែរីកចម្រើនថែមទៀត។

ក្នុងឱកាសដ៏អធិកអធមនេះ លោករដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបាន និងអង្គពិធីដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ «សុខសន្តិភាព» ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវឯកភាពជាតិ និងសន្ដិភាពពេញលេញទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំប្រកបដោយភាពឈ្លាសវៃ និងភាពប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានសម្ដែងគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៍ម៉ឺងម៉ាត់ និងច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្នុងការដាក់ពាក្យបណ្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីបញ្ចប់បញ្ហាលើការវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទន្ទឹមនឹងយន្តការទ្វេរភាគីដើម្បីថែរក្សាថែរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាឱ្យបានគង់វង់ ព្រមទាំងបានថ្លែងអំណរគុណ ដឹងគុណចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់កងកម្លាំងប្រដាប់អាវុធកម្ពុជាគ្រប់ប្រភេទដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជាតាមបន្ទាត់ព្រំដែនមិនឱ្យអ្នកណាចូលឈ្លានពានបានឡើយ។

ជាថ្មីម្ដងទៀត លោករដ្ឋមន្រ្ដីក្រសួងទាំងពីរ និងគណៈអធិបតី បានអញ្ជើញបញ្ជាគ្រឿងចក្រជានិមិត្តរូបបើកឱ្យដំណើរការការដ្ឋានសាងសង់ផ្លូវទាំង ៣ខ្សែខាងលើ៕⁩