(រតនគិរី)៖ ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ ជាមួយរដ្ឋបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំទិវាកីឡាសម្រាប់ទាំងអស់គ្នា (Sport for all) ក្រោមប្រធានបទ «សុខភាពជាទ្រព្យសកម្មដ៏មានតម្លៃសម្រាប់មនុស្សគ្រប់រូប»។ ទិវាដ៏មានសារៈសំខាន់នេះ បានប្រារព្ធធ្វើឡើង នៅទីតាំងរូបសំណាកគ្រួសារដំរី ក្រោមអធិបតីភាព លោកវ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។
លោក ញ៉ែម សំអឿន បានស្វាគមន៍ និងអបអរសាទរចំពោះវត្តមានថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងសហព័ន្ធកីឡាជាតិ និងក្រុមការងារទាំងអស់ និងសូមថ្លែងអំណរ ចំពោះការជ្រើសរើសយកខេត្តរតនគិរី រៀបចំទិវាកីឡាសម្រាប់ទាំងអស់គ្នា ដ៏មានសារៈសំខាន់នេះ។ លោកបន្ដថា ទិវានេះ ក្រោមប្រធានបទ «សុខភាពជាទ្រព្យសកម្មដ៏មាន តម្លៃសម្រាប់មនុស្សគ្រប់រូប» ស្របតាមបញ្ចកោណទី១ នៃយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ គឺការអភិវឌ្ឍមូលធនមនុស្ស គឺជាលក្ខណ្ឌចាំបាច់មិនអាចខ្វះបាន សម្រាប់ជំរុញពិពិធកម្ម និងកំណើន សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់។
លោកថា មូលធនមនុស្សមានគុណភាពខ្ពស់ និងសុខភាពល្អ គឺជាទ្រព្យសកម្មដ៏រឹងមាំ សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មីៗ សំដៅធានាចីរភាពកំណើន រយៈពេលវែង និងជីរភាពនៃការអភិវឌ្ឍសកម្ម-សេដ្ឋកិច្ច។ លោកបន្តថា វិស័យកីឡានៅខេត្តរតនគិរី បានបន្តលើកកម្ពស់វិស័យ កីឡា ដើម្បីកសាងមនុស្សគ្រប់រូបឱ្យមានសុខភាព និង សុខុមាលភាពល្អកាយ សម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាម មានវិន័យ មានស្មារតីក្រុមគំនិតច្នៃប្រឌិត និងមានការតស៊ូស្វិតស្វាញ។
ជាមួយគ្នានេះ បានពង្រឹងការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា ពង្រឹងយន្តការ ដែលមានស្រាប់រួមទាំងសហព័ន្ធកីឡា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡា ការបណ្តុះបណ្តាល ធនធានមនុស្ស និងការលើកទឹកចិត្ត ដែលជាកត្តាចម្បងក្នុងការបង្កើនប្រសិទ្ធភាព និងគុណភាពនៃការត្រៀមខ្លួនរបស់អត្តពលិក និងការពង្រឹងគុណភាពនៃ ការប្រកួតកីឡាគ្រប់កម្រិត។ ជាក់ស្តែង ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ខេត្តនគិរី បានបញ្ជូនប្រតិភូកីឡាចូលរួមព្រឹត្តិការណ៍ប្រកួតកីឡា សិស្សបឋមសិក្សា និងការប្រកួតកីឡាសិស្សមធ្យមសិក្សា នៅរាជធានីភ្នំពេញ ទទួលបានលទ្ធផលគួរជាទីមោទនៈសម្រាប់ខេត្ត និងប្រជាពលរដ្ឋខេត្តរតនគិរី ពិសេសទទួលបានការអបអរសាទរ ពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
រដ្ឋបាលខេត្ត នឹងបន្តគាំទ្រ និងលើកកម្ពស់អប់រំកាយ និង កីឡាក្នុងម៉ោងសិក្សា និងសកម្មភាពកីឡាក្រៅម៉ោងសិក្សា និងបំផុសសកម្មភាពកីឡាមហាជន តាមរយៈការរៀបចំទីកន្លែង ហាត់ប្រាណ ក្លឹបហាត់ប្រាណ ដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋធ្វើការហាត់ប្រាណ និងលេងកីឡាគ្រប់ប្រភេទ ចូលរួមដល់យុទ្ធនាការ «យុវជនម្នាក់លេងកីឡាមួយប្រភេទយ៉ាង តិចប្រចាំជីវិត»។
លោក វ៉ាត់ ចំរើន បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃស្វាហាប់ និងប្រកបដោយថាមពល របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា គឺជាទស្សនវិស័យថ្មីមួយ ដែលតម្រង់ ទិសវិស័យកីឡាជាតិ ឈានទៅរកការធ្វើទំនើបកម្ម ដើម្បីសុខុមាលភាពរបស់ប្រជាជនគ្រប់រូប និងដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចសង្គមជាតិ និងឧត្តមភាពជាតិ នៅលើឆាកអន្តរជាតិ។
បន្ទាប់ពីទទួលបានសមិទ្ធិផលជាប្រវត្តិសាស្ត្រ នៃព្រឹត្តិការណ៍ប្រកួតកីឡានានា រាជរដ្ឋាភិបាល បានប្រកាសទទួល ធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាយុវជនអាស៊ី នៅឆ្នាំ២០២៩ ផងដែរ និងបានយកចិត្តទុកដាក់ បណ្តុះបណ្តាលពង្រឹងសមត្ថភាពកីឡាករគ្រប់កម្រិត ជាពិសេសផ្ទាល យុវជនវ័យក្មេង អាយុក្រោម១៣ឆ្នាំ ឱ្យមានសមត្ថភាពខ្ពស់ បានចូលរួមប្រកួត ដណ្តើមមេដាយឱ្យបានច្រើន លើកស្ទួយកិត្តិយសប្រទេសជាតិ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នាពេលខាងមុខ។
លោកបន្តថា ថ្ងៃនេះក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំទិវាកីឡាសម្រាប់ទាំងអស់គ្នា «Sports for All» ឆ្នាំ២០២៥ នៅទីរួមខេត្តរតនគិរីនាពេលនេះ ក្រោមប្រធានបទ «សុខភាពជាទ្រព្យសកម្មដ៏មានតម្លៃសម្រាប់ មនុស្សគ្រប់រូប» ដើម្បីផ្សព្វផ្សាយ អំពីសារៈប្រយោជន៍ នៃការហាត់ប្រាណ និងលេងកីឡា និងឱ្យប្រជាជនយកចិត្តទុកដាក់ ដល់សុខភាពជាចម្បង តាមរយៈចូលរួមសកម្មភាពហាត់ប្រាណ និងលេងកីឡា ដោយមិន គិតថាក្មេង ចាស់ ភេទ ឋានៈតួនាទី ឱ្យបានគ្រប់ៗគ្នា ដើម្បីលើកកម្ពស់សុខភាពផ្លូវកាយ ផ្លូវចិត្ត បញ្ញា ស្មារតី ការពារជំងឺដូចជាឆាប់ហត់ លើសឈាម ទឹកនោមផ្អែម ជំងឺរ៉ាំរ៉ៃមួយចំនួន និងកាត់បន្ថយការចំណាយលើសេវាសុខាភិបាល ជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ សហគមន៍ សង្គមកម្ពុជាទាំងមូល ប្រកបដោយសុខដុមនីយកម្ម៕