(ភ្នំពេញ)៖ លោក ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំក្រុមការងារចុះជួយស្រុកចន្រ្ទា បូកសរុបលទ្ធផលការងារគណបក្សប្រចាំឆមាស ឆ្នាំ២០២៥នេះ ខណៈប្រាំមួយខែកន្លងទៅនេះក្រុមការងារគណបក្សប្រជាជនកម្ពុជា បានចុះជួយយ៉ាងដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសនោះគឹចុះជួយបូមទឹកសង្រ្គោះស្រែប្រាំងពលរដ្ឋបានរាប់ពាន់ហិកតា នៅតាម បណ្តាឃុំនានានៃស្រុកចន្ទ្រា។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះ លោក ម៉ឹង សំផន បានកោតសរសើរ ដល់សមាជិក-សមាជិកាគណបក្ស ដែលបានខិតខំប្រឹងប្រែងបម្រើការងារបក្ស និងបងប្អូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ ដោយបានប្រារព្ធកម្មវិធីសង្រ្កាន្តនៅក្នុងស្រុក បង្កើតកម្មវិធីកម្សាន្ត និងកម្មវិធីមនុស្សធម៌នានាដល់បងប្អូនប្រជាពលរដ្ឋ និងពិសេសទៅទៀត បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមានការសប្បាយចិត្ត និងគាំទ្រយ៉ាងខ្លាំងនោះ គឺបានដឹកនាំនាយទាហាននៃកង ពលតូចដឹកជញ្ជូនលេខ៩៩ ចុះអន្តរាគមន៍បូមទឹកសង្រ្គោះស្រែប្រាំងរបស់ ប្រជាកសិករបានរាប់ពាន់ហិកតា។ យ៉ាងណាក៏ដោយលោក ម៉ឹង សំផន ក៏បានធ្វើការចង្អុលបង្ហាញដល់ក្រុមការងារទាំងអស់ ត្រូវបន្តផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានសកម្មបន្ថែមទៀត ពោលគឺឲ្យដូចទៅនឹងភ្លៀងរលឹមយ៉ាងដូច្នេះដែរ។
លោក ម៉ឹង សំផន ប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា រំលឹកដល់ក្រុមការងារគណបក្សបន្ថែមទៀតថា ត្រូវខិតខំអនុវត្តតួនាទីភារកិច្ច និងលក្ខន្តិកៈគណបក្ស និងគោលនយោបាយ របស់គណបក្សព្រមទាំង ត្រូវចូលរួមសកម្មភាព ចិញ្ចឹមចលនានៅមូលដ្ឋានឲ្យកាន់តែសកម្ម និងកាន់តែខ្លាំងក្លាឡើងថែមទៀត ដោយធ្វើឲ្យបានជាប់ជាប្រចាំ ស្របតាមស្ថានភាពរបស់មូលដ្ឋាន និងការប្រកាន់ខ្ជាប់នូវទស្សនៈមហាជន ដោយចាត់ទុកការងារនេះជា ការងារដ៏មានសារៈសំខាន់មួយក្នុងការតស៊ូដណ្ដើម សាធារណមតិ និងកសាងកម្លាំងគណបក្សនៅមូលដ្ឋានជាដើម។
លើសពីនេះ លោក ម៉ឹង សំផន បានបន្ថែមថា ក្នុងនាមយើងជាមន្រ្តីគប្បីត្រូវខិតខំពង្រឹង ពង្រីកអំពើល្អក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការបម្រើប្រជាជន និងត្រូវលុបបំបាត់ ឲ្យបាននូវបាតុភាពអសកម្មនានា ដែលធ្វើឲ្យប្រជាជនមិនពេញចិត្ត ចំពោះគណបក្ស និងបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្សឲ្យបានល្អប្រសើរ បន្ថែមទៀតផងដែរ៕