(ព្រះសីហនុ)៖ ក្រុមការងារអធិការកិច្ច នៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីតំណាងមន្ទីរបរិស្ថានខេត្តព្រះសីហនុ និងអាជ្ញាធរឃុំទឹកល្អក់ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យស្ថានភាពការបំពុលទឹកអូរព្រែកផ្អាវ និងជួបសម្ភាសន៍ជាមួយប្រជាពលរដ្ឋពាក់ព័ន្ធនឹងការប៉ះពាល់ការបំពុលទឹក ដោយក្រុមហ៊ុន KUBON (CAMBODIA) TECHNOLOGY CO., LTD. នៅឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រុមការងារបានជួបជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាននិងទទួលបានដូចខាងក្រោម៖ 

អាជ្ញាធរឃុំទឹកល្អក់បានលើកឡើងថា នៅក្នុងឃុំទឹកល្អក់ មានផលប៉ះពាល់ដោយការបង្ហូរសំណល់រាវដែលមានក្លិនស្អុយ ២ភូមិ គឺភូមិជ្រលង (មានប្រជាពលរដ្ឋប្រមាណ ២២៤គ្រួសារ ស្មើនឹង ៩៣៥នាក់) ទទួលរងផលប៉ះពាល់ប្រមាណ១៥គ្រួសារ និងភូមិកំពង់ស្មាច់តូច (មានប្រជាពលរដ្ឋប្រមាណ ៣២៣គ្រួសារ ស្មើនឹង ១២៨៧នាក់) ទទួលរងផលប៉ះពាល់ប្រមាណ ៧២គ្រួសារ។

រោងចក្របានបង្ហៀរសំណល់រាវដែលមានក្លិនស្អុយ ចូលអូរព្រែកផ្អាវ រួចបន្តចូលព្រែកកំពង់ស្មាច់ ជារៀងរាល់ថ្ងៃ ដោយមានប្រជាពលរដ្ឋបានឃើញជាក់ស្តែង ហើយរាយការណ៍មកអាជ្ញាធរភូមិ-ឃុំ។ នៅក្នុងភូមិក្បែររោងចក្រមានប្រជាពលរដ្ឋចិញ្ចឹមត្រីឆ្ពុង ក្តាមថ្ម ងាវភក់ បង្គា ជាលក្ខណៈគ្រួសារ និងមានការនេសាទសមុទ្រជាលក្ខណៈគ្រួសារផងដែរ។ នៅពេលមិនទាន់មានរោងចក្រ ប្រជាពលរដ្ឋអាចចិញ្ចឹម ត្រីឆ្ពុង ក្តាមថ្ម ងាវភក់ បង្គា ដោយទទួលបានផលជារៀងរាល់ឆ្នាំ ហើយប្រជាពលរដ្ឋអាចរកចំណូលបានប្រមាណ ៨ម៉ឺនរៀល ទៅ ១០ ម៉ឺនរៀល ក្នុងមួយថ្ងៃ ប៉ុន្តែបច្ចុប្បន្នអាចរកបាន ៥០០០ទៅ ១ម៉ឺនរៀល ប៉ុណ្ណោះ រីឯការចិញ្ចឹមត្រីឆ្ពុង ក្តាមថ្ម ងាវភក់ បង្គាមានការថយចុះ និងងាប់ស្ទើរទាំងស្រុង ព្រោះមានការបង្ហូរសំណល់រាវដែលមានក្លិនស្អុយចូលព្រែកកំពង់ស្មាច់ ជារៀងរាល់ថ្ងៃ និងធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋរស់នៅជុំវិញ ដោយមានជំងឺដូចជា ផ្លូវដង្ហើម អាលែហ្សី រមាស់ជាដើម។

ប្រជាពលរដ្ឋមួយចំនួនត្រូវបង្ខំចិត្ត ប្តូរមុខរបរទៅធ្វើការរោងចក្រ ដើម្បីរកថវិកាបង់សងបំណុលធនាគារ។

សំណូមពរ សូមឱ្យក្រុមហ៊ុនកុំបង្ហូរសំណល់រាវដែលបំពុលទឹក ចូលអូរព្រែកផ្អាវ និងព្រែកកំពង់ស្មាច់បន្តទៀត ធ្វើឱ្យធនធានធម្មជាតិមានការថយចុះ ពុលងាប់ និងមានក្លិនស្អុយ ធ្វើឱ្យប្រជាពលរដ្ឋពិបាករស់នៅ មានជំងឺផ្សេងៗ និងធ្វើឱ្យបាត់បង់ប្រាក់ចំណូលប្រចាំថ្ងែ។

ក្រុមការងារបានសម្ភាសន៍ប្រជាពលរដ្ឋចំនួន ២៧គ្រួសារតំណាងឱ្យប្រជាពលរដ្ឋដែលរងគ្រោះប្រមាណ២០០គ្រួសារ ក្នុងភូមិជ្រលង និងភូមិកំពង់ស្មាច់តូច ដោយទទួលបានយោបល់រួមដូចខាងក្រោម៖

*ចាប់តាំងពីដំណើរការមកក្រុមហ៊ុនបានបង្កឱ្យមានការបំពុលទឹកអូរព្រែកផ្អាវ និងព្រែកកំពង់ស្មាច់ធ្វើឱ្យទឹកស្អុយ ប្រើប្រាស់លែងកើត ជីវៈចម្រុះមិនអាចរស់នៅបាន
*បង្កឱ្យមានក្លិនស្អុយពេញភូមិ ពិបាករស់នៅ
*ការនេសាទមានការថយចុះខ្លាំង និងធ្វើឱ្យប៉ះពាល់ដល់ផលរបររបស់ពួកគាត់ បង្ខំឱ្យគាត់ទៅធ្វើការរោងចក្រ  និងចំណាកស្រុក
*ធ្វើឱ្យប៉ះពាល់ដល់ការចិញ្ចឹមត្រី ងាវ បង្គារ ក្តាម ដោយមិនអាចចិញ្ចឹមបាន ងាប់ជាបន្តបន្ទាប់ និងខាតបង់ថវិកាអស់
*មួយភាគធំបានជំពាក់ធនាគារដោយសារយកលុយទៅទិញឧបករណ៍នេសាទ ឬធ្វើវារីវប្បកម្ម តែមិនអាចនេសាទ ឬវារីវប្បកម្មបាន
*ប៉ះពាល់ដល់សុខភាព ដូចជារមាស់សើរស្បែកពេលចុះទឹក រលាកផ្លូវដង្ហើម ជាដើម។

ប្រជាពលរដ្ឋបានសំណូមពរ ឱ្យក្រុមហ៊ុនត្រូវសម្អាតទឹកឱ្យបានស្អាតមុននឹងបង្ហូរចេញធ្វើយ៉ាងណាឱ្យព្រែកស្អាតឡើងវិញ ដើម្បីឱ្យមានត្រី ងាវ បង្គា ក្តាម អាចរស់នៅបាន និងអាចរកនេសាទ ឬចិញ្ចឹមត្រី ងាវ បង្គា ក្តាម។ បើក្រុមហ៊ុនមិនអាចធ្វើបានទេសំណូមពរឱ្យបិទក្រុមហ៊ុន ដើម្បីកុំឱ្យបង្កផលប៉ះពាល់បន្តទៀត។

សូមបញ្ជាក់ថា ក្រុមការងារក្រសួងបរិស្ថាន នៅថ្ងៃដដែលបានចុះពិនិត្យអូរព្រែកផ្អាវ និងព្រែកកំពង់ស្មាច់ ហើយបានពិនិត្យឃើញថា ទឹកអូរព្រែកផ្អាវទាំមូលត្រូវបានបំពុលដោយសំណល់រាវបញ្ចេញពីរោងចក្រ KUBON ចាប់ពីទីតាំងក្រុមហ៊ុនរហូតដល់ចុងព្រែកដែលភ្ជាប់ទៅនឹងព្រែកកំពង់ស្មាច់ ដោយទឹកមានសភាពល្អក់ មានក្លិនស្អុយខ្លាំង មានកំណកខ្លាញ់ និងកំទេចស្បែកអណ្តែតពេញផ្ទៃទឹក និងកកជាប់ ឬសដើមកោងកាង និងគល់ដើមចាក៕