(ភ្នំពេញ)៖ ឧកញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណ និងគោរពជូនពរ ចំពោះវត្តមាន ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាភ្ញៀវជាតិ អន្តរជាតិ ចំពោះវត្តមានក្នុង ពិធីសំណេះសំណាលនិងពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និង សិប្បកម្មកម្ពុជា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សារលិខិតរបស់ឧកញ៉ា តែ តាំងប៉ មានខ្លឹមសារដូច្នេះថា៖ «តាងនាមប្រធាន អនុប្រធាន ក្រុមប្រឹក្សាភិបាល សមាជិក សមាជិកា និងអគ្គលេខាធិការដ្ឋាន នៃសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំបាទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមាន ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាភ្ញៀវជាតិ និងអន្តរជាតិ ដែលបានចូលរួមយ៉ាងច្រើនកុះករ និងឧបត្ថម្ភថវិកាយ៉ាងច្រើនកុះករជាកញ្ចប់ ដើម្បីជាកម្មវត្ថុផ្សេងៗសម្រាប់ប្រើប្រាស់ក្នុង ពិធីសំណេះសំណាលនិងពិសាអាហារភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសទិវាជាតិ សហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី២ របស់សមាគមមូលនិធិសម្តេចតេជោ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅ មជ្ឈមណ្ឌល សាលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

វត្តមាននិងការចូលរួមឧបត្ថម្ភថវិការបស់ ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី លោកអ្នក ឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាភ្ញៀវជាតិ និងអន្តរជាតិ ក្នុងឱកាសដ៏វិសេសវិសាលនេះ គឺបានបង្ហាញពី ការរួបរួមសាមគ្គីគ្នា ជាកម្លាំងដ៏រឹងមាំក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល។ ជាងនេះវិញទៀតកម្មវិធីខាងលើទទួលបានជោគជ័យ អាស្រ័យលើ ការជួយឧបត្ថម្ភថវិកា និងការជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល ការសហការពីគ្រប់ភាគីពាក់ព័ន្ធ និងជាពិសេសគឺការអញ្ជើញការចូល រួមលើសពីការរំពឹងទុក។ ប៉ុន្តែទោះជាយ៉ាងណា សូមមេត្តាយោគយល់អធ្យាស្រ័យដោយសេចក្ដីអនុគ្រោះ ចំពោះចំណុចខ្វះខាតនានាដូចជា ការរៀបចំចាត់ចែង ការទទួលស្វាគមន៍ ការបម្រើសេវាកម្មទូទៅ ដែលមិនបានឆ្លើយតបទាន់ពេលវេលា និងសមស្របទៅតាមការរំពឹងទុក។

ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណ និងសូមប្រសិទ្ធពរជ័យ សិរីមង្គល ជូនដល់ ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាភ្ញៀវជាតិ និងអន្តរជាតិ និង ម្ចាស់ឧបត្ថម្ភទាំងអស់សូមទទួលបានព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕⁩