(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូនបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) នៅថ្ងៃទី២៨-២៩ ខែមិថុនា ឆ្នាំ២០២៥។
សូមបញ្ជាក់ថា ផ្លូវថ្មើរជើង ត្រូវបានគ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២១ ខែមិថុនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រមុខរាជរដ្ឋាភិបាល និងលោកជំទាវបណ្ឌិត តែត្រូវបានលើកពេលវិញ ក្រោយពីដាក់ឲ្យដំណើរការសាកល្បង អស់រយៈពេលជាង៥ខែកន្លងមក ដោយដំណើរការ ២ថ្ងៃ ក្នុងមួយសប្តាហ៍ គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ។
គណៈអភិបាលរាជធានីភ្នំពេញ តែងបានយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបរិស្ថាន នៅតាមបណ្តោយផ្លូវថ្មើរជើង រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ការរៀបចំជាស្តង់លក់ដូរម្ហូបអាហារ នំចំណី ក៏ដូចសម្ភារប្រើប្រាស់ផ្សេងៗ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងបានណែនាំអាជ្ញាធរដែនដីពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ចត្រូវតែធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងមានអនាម័យស្អាតជានិច្ច ដែលវានឹងទាក់ទាញភ្ញៀវទេសចជាតិ-អន្តរជាតិ មកលេងកំសាន្តកាន់ច្រើនដូចប្រជាពលរដ្ឋបានលើកឡើងថា ផ្លូវថ្មើរជើងមាត់ទន្លេ មានមនុស្សមកលេងកាន់តែច្រើនឡើងៗ ដែលប្រៀបបាននឹងបុណ្យអុំទូករៀងរាល់ចុងសប្តាហ៍៕