(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ និងលោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំគណបក្សស្រុកក្រគរ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបិទវគ្គអប់រំនយោបាយកម្រិត១ ជំនាន់ទី៣ ជូនដល់សិក្ខាកាមទាំង១៩៧នាក់ បន្ទាប់ពីបានដំណើរការ អស់រយៈពេល៣ថ្ងៃរួចមក។
លោកស្រី មិត្ត សុភាព សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ គណបក្សស្រុកក្រគរ បានឱ្យដឹងថា វគ្គអប់រំនយោបាយកម្រិត១ជំនាន់ទី៣ បានដំណើរការអស់រយៈពេល៣ថ្ងៃ មានសិក្ខាកាម១៩៧នាក់ ជាមន្ត្រីដែលមានតួនាទីនៅក្នុងអង្គការចាត់តាំងមូលដ្ឋាន។ ខ្លឹមសារសំខាន់ៗ នៃកម្មវិធីនយោបាយ ដែលបានសិក្សាអស់រយៈពេល៣ថ្ងៃនោះ រួមមាន៖ ១-ប្រវត្តិសកម្មភាព ស្នាដៃ និងបទពិសោធន៍, ២-កម្មវិធីនយោបាយ និងគោលនយោបាយ, ៣-ការយល់ដឹងចាំបាច់អំពីលក្ខន្តិកៈ, ៤-សភាពការណ៍ និងបណ្តាភារកិច្ចចំពោះមុខ និង៥-ការកសាងអត្តចរិក សីលធម៌ល្អប្រពៃ របស់មន្ត្រីគណបក្សប្រជាជនកម្ពុជា។ វិធីសាស្ត្ររៀនសូត្រ គឺអនុវត្តតាមគោលការណ៍ទ្រឹស្តីផ្សារភ្ជាប់នឹងការប្រតិបត្តិ ផ្លាស់ប្តូរបទពិសោធន៍ ធ្វើឱ្យសិក្ខាកាមអនុវត្តយ៉ាងម៉ឺងម៉ាត់ ខ្ជាប់ខ្ជួន លើកកម្ពស់នូវភាពស្វាហាប់ ឆន្ទះត្រិះរិះពិចារណា និងបញ្ចេញមតិ ពង្រឹងសាមគ្គី និងឯកភាពផ្ទៃក្នុង។
បន្ទាប់ពី តំណាងសិក្ខាកាម មានចំណាប់អារម្មណ៍ និងប្តេជ្ញាចិត្តនោះរួចមក, លោក ខូយ រីដា បានថ្លែងថា យោងតាមស្មារតីមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស កាលពីឆ្នាំ២០១៥ បានដាក់ចេញនូវទិសដៅអប់រំនយោបាយ ដល់មន្ត្រីគណបក្សនៅគ្រប់ថ្នាក់ ជាពិសេសមន្ត្រីវ័យក្មេង ដែលជាកម្លាំងបន្តវេណប្រកបដោយថាមពល។ ជាក់ស្តែងវគ្គអប់រំនយោបាយត្រូវបានបញ្ចប់នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ដូច្នេះក្នុងនាមប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត សូមផ្តាំផ្ញើដល់សិក្ខាកាមទាំង១៩៧នាក់៖ ១-ត្រូវក្តាប់ជាប់គោលការណ៍ដឹកនាំរបស់បក្ស គឺសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ភាគតិចគោរពភាគច្រើន ម៉ឺងម៉ាត់ រឹងមាំខាងគោលជំហរនិងគោរពច្បាប់, ២-ធ្វើជាគម្រូល្អដល់ថ្នាក់ក្រោម គោរពលក្ខន្តិកៈរបស់បក្ស, ៣-យកចិត្តទុកដាក់ចូលរួមជាមួយអង្គការចាត់តាំង បន្តពង្រឹង និងពង្រីកមន្ត្រីបក្សទទួលបានទាំងបរិមាណ និងគុណភាព ទាំងនយោបាយ សតិអារម្មណ៍ និងឆ្លើយតបទៅនឹងសំណូមពរទាំងក្នុងដំណាក់កាលបច្ចុប្បន្ន ក៏ដូចទៅអនាគត, ៤-បន្តរៀនសូត្រដុសខាត់នូវចំណេះដឹងជាប្រចាំតាមស្មារតីរៀនហើយរៀនទៀត រៀនពេញមួយជីវិត, ៥-បន្តតាមដានក្តាប់ឱ្យជាប់រាល់សកម្មភាពខុសច្បាប់ ដែលកើតមាននៅក្នុងមូលដ្ឋានរបស់ពួកជ្រុលនិយម និងពួកអមិត្តដែលវាយប្រហារមកលើគណបក្ស ថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាល, ៦-ចូលរួមយ៉ាងសកម្ម ចលនាទាក់ទាញកម្លាំងពីគណបក្សផ្សេងៗ ឱ្យងាក់មកគាំទ្រគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល, ៧- ថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ គ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈ ដោយប្រកាន់ខ្ជាប់នូវគោលជំហរសាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់ និង៨-ស្រុក ក្រុងបន្តរៀបចំវគ្គអប់រំនយោបាយ ដើម្បីលើកកម្ពស់សមត្ថភាព ជូនមន្ត្រីគណបក្ស ស្របតាមគោលការណ៍របស់គណអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល បានដាក់ចេញ។
តាមរយៈនេះដែរ លោកសូមអំពាវនាវដល់សិក្ខាកាមសូមរួមសាមគ្គីគ្នាជាធ្លុងមួយ ជុំវិញការដឹកនាំរបស់គណបក្ស ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទោះបីស្ថិតក្នុងកាលៈទេសៈ និងស្ថានភាពណាក៏ដោយ ត្រូវតែការពារឱ្យបានជាដាច់ខាត នូវសន្តិភាព ឯករាជ្យ និងអធិបតេយ្យជាតិ កសាង និងអភិវឌ្ឍប្រទេសជាតិរីកចម្រើន ជឿនលឿនទៅមុខ ដោយគ្មានការកើតឡើងវិញនូវសង្គ្រាម បែកបាក់ផ្ទៃក្នុងជាតិនោះឡើយ។
លោក ខូយ រីដា បានថ្លែងបញ្ជាក់ថា រូបលោកបានប្តេជ្ញាចិត្តរួមគ្នាជាមួយលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ធ្វើយ៉ាងណាឱ្យខេត្តពោធិ៍សាត់ មានការប្រែប្រួលជាវិជ្ជមាន តាមរយៈការអភិវឌ្ឍលើគ្រប់វិស័យ។ ជាក់ស្តែងដូចជាករណីសំរាម គឺជាប្រធានបទក្តៅ ដែលខេត្តរបស់យើងបាននឹងកំពុងអនុវត្តបោះជំហ៊ានឈានឡើង ហើយខេត្តក្រុងដ៏ទៃផ្សេងទៀតក៏បានយកទៅអនុវត្តបន្តផងដែរ។ នៅចំពោះមុខនេះ អំពូលភ្លើងសូឡាបំភ្លឺផ្លូវសាធារណៈ នឹងចាប់ដំណើរការតំឡើង ពីចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងបន្តរហូតដល់ព្រំប្រទល់ខេត្តបាត់ដំបង ដែរនេះទាមទៀរឱ្យមានការចូលរួមពីយើងទាំងអស់គ្នា។