(ព្រះវិហារ)៖ ដើម្បីគាំទ្រកងទ័ពជួរមុខ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានណែនាំក្រុមការងារចុះមកដល់តំបន់មុំបីផ្ទាល់ ក្នុងស្រុកស្រអែម ខេត្តព្រះវិហារ ធ្វើសម្លម្ជូរគ្រឿងសាច់គោចំនួន ២ខ្ទះត្នោតធំជូនដល់បងៗកងទ័ពជួរមុខការពារព្រំដែនជាតិខ្មែរ។
ផេកហ្វេសប៊ុក សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានឲ្យដឹងថា ចលនានេះដើម្បីផ្ដល់នូវភាពកក់ក្តៅដល់កងទ័ពជួរមុខ ដែលជាខឿនការពារជាតិដ៏រឹងមាំ ធ្វើឡើងតាមការអំពាវនាវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីៗនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែររួមគ្នាលើកទឹកចិត្ត និងគាំទ្រដល់កងទ័ព ដែលការធ្វើបែបនេះគឺជាការស្នេហាជាតិ។
សូមជម្រាបជូនថា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដឹកនាំក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចុះមកគាំទ្រកងទ័ពជួរមុខដោយផ្ទាល់ ក្នុងនោះនាំយកអំណោយរួមមានថវិកាចំនួន ២០០លានរៀល មីជាតិ ២,០០០កេស និងអង្ករ ៥០តោន ជូនដល់កងកម្លាំងប្រដាប់អាវុធរបស់យើង ដែលបានលះបង់គ្រប់បែបយ៉ាងការពារសុខសន្តិភាព ការពារបូរណភាពដែនដី និងអធិបតេយ្យជាតិ។
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ចូលរួមជាមួយយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នាំយកនូវថវិកា និងសម្ភារៈរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគាំទ្រកងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារដែនអធិបតេយ្យភាពជាតិ នៅទីបញ្ជាការដ្ឋានអង្គរក្សទួល៩៥ ទិសព្រះវិហារ ស្ថិតនៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕