(ភ្នំពេញ)៖ លោក ហួរ ឡាវី, លោក ណយ វណ្ណណេត, លោកស្រី ម៉េង កែវពេជ្ជចិន្តា, លោក ឈឿន ឧត្តម និងតារាចម្រៀងខ្មែរកណ្តាលដទៃទៀតប្រមាណ ១០នាក់ បានប្រណិប័តន៍សួរសុខទុក្ខចំពោះព្រះឧបជ្ឈាយ៍ ជយពហុលោ មហា ថាច់សេន នាវត្តរំដួល និគមមាត់សមុទ្រ ខេត្តព្រះត្រពាំង ព្រមទាំងបានថ្វាយប្រគេនទេយ្យទានបច្ច័យផងដែរ។
ជាមួយគ្នានេះ ខាងផ្នែកសិក្សាវិញ បណ្តាសប្បុរសជនបានប្រគេនបច្ច័យដល់ព្រះសង្ឃសិស្សានុសិស្សសាលាបឋមភូមិទី១ ទី៣ សាលាទុតិយភូមីទី១ និងជូនសៀវភៅបករណ៍ ប៊ិក ខ្មៅដៃ បច្ច័យដល់ប្អូនៗកុមារ រៀនសូត្រខេមរាភាសា ក្នុងវត្តរំដួលនេះ ដើម្បីជាការលើកស្ទួយ ពង្រឹងពង្រីកវិស័យសិក្សារៀនសូត្រអក្សរសាស្ត្រជាតិ។ ពិធីចែកអំណោយត្រូវបានរៀបចំឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក មាស រដ្ឋា ទីប្រឹក្សាក្រសួងការពារជាតិ ព្រមទាំងលោក ប៉ែន អៀតយៀន ជាសប្បុរសជនផ្តួចផ្តើម។
នាឱកាសនោះ លោក មាស រដ្ឋា បានសម្តែងក្តីសោមនស្សរីករាយ ដែលបានចូលរួមប្រគេន និងចែកអំណោយដល់សមណសិស្ស និងសិស្សានុសិស្សជាច្រើនអង្គ/នាក់ នៅក្នុងវត្តរំដួល។ លោកបានផ្តាំដល់សមណសិស្ស និងសិស្សានុសិស្ស ខិតខំរៀនសូត្រ និងក្រេបយកចំណេះដឹង ដើម្បីអនាគតរបស់ខ្លួន ព្រមទាំងធ្វើជាបុគ្គលល្អនៅក្នុងសង្គមផងដែរ។
ក្នុងកម្មវិធីនោះ លោក ហួរ ឡាវី, លោក ណយ វណ្ណណេត, លោកស្រី ម៉េង កែវពេជ្ជចិន្តា, លោក ឈឿន ឧត្តម និងតារាចម្រៀងខ្មែរកណ្តាល បានបន្សល់ទុកនូវអនុស្សាវរីយ៍ តាមរយៈការច្រៀងចម្រៀងដ៏ល្បីល្បាយរបស់ពួកគាត់ ស្របពេលសកម្មភាពចែកអំណោយ ក៏បានបញ្ចប់ដោយក្តីស្រលាញ់ និងរាប់រករាក់ទាក់គ្នាយ៉ាងសប្បាយរីករាយក្រៃលែង។
សូមជម្រាបថា ការចែកអំណោយនេះ ធ្វើឡើងស្របពេលសិល្បករសិល្បការិនីខ្មែរពីរាជធានីភ្នំពេញ ប្រមាណជាង ១០នាក់ បានចូលរួមច្រៀងកម្សាន្ត ក្នុងឱកាសព្រះធម្មវិមានត្ថេរ ថាច់ ញុឹក ព្រះចៅអធិការវត្តពោធិ៍គិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ស្ថិតនៅឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិញ ដែលពលរដ្ឋខ្មែរស្គាល់ជាទូទៅថា ខេត្តព្រះត្រពាំង ខ្មែរកម្ពុជាក្រោម នៅថ្ងៃទី២៧-២៨ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំប្រារព្ធធ្វើបុណ្យសម្ពោធសាលាធម្មសភា២ជាន់ សមណកុដិ ខ្លោងទ្វាររោងទាន និងខួបអនុស្សាវរីយ៍ ១២០ឆ្នាំកសាងវត្ត ព្រមទាំងមហាសង្ឃទានថ្វាយ ប្រគេនព្រះសង្ឃចំនួន ៥០០អង្គ នៅក្នុងវត្តស្វាយសៀមថ្មី។
ការចូលរួមច្រៀងកម្សាន្តខាងលើ ក៏រៀបចំឡើងតាមរយៈការរៀបចំរបស់លោក សាន សាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក មាស រដ្ឋា ទីប្រឹក្សាក្រសួងការពារជាតិ ដើម្បីការផ្សារភ្ជាប់សិល្បៈ វប្បធម៌ ប្រពៃណី រវាងបងប្អូនខ្មែរក្រោម និងបងប្អូនខ្មែរកណ្តាល ហើយជាការប្តូរបទពិសោធន៍គ្នា ជាការរឹតចំណងអនុស្សាវរីយ៍រវាងសិល្បករខ្មែរក្រោម និងខ្មែរកណ្តាល៕