(ភ្នំពេញ)៖ មូលនិធិ ស៊ីធីអិន ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ដំណាក់កាលទី១ ត្រូវបានបិទបញ្ចប់ហេីយកាលពីរាត្រីថ្ងៃទី២៧ ខែមិថុនា ២០២៥ នេះ ក្រោមអធិបតីភាពលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Royal Group តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធាន «មូលនិធិ ស៊ីធីអិន ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដោយមានការអញ្ជេីញចូលរួមពីសំណាក់ដឹកនាំ សមាជិក សមាជិកា សិល្បករ-សិល្បការិនី នៃសមាគមសិល្បករខ្មែរជាច្រេីនរូប។
ជាដំណាក់កាលទី១នេះ មូលនិធិ ស៊ីធីអិន ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ នៃក្រុមហ៊ុន CBS របស់អ្នកឧកញ៉ា គិត ម៉េង ដែលបង្កើតឡើងតបតាមការអំពាវនាវពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមូលថវិកាបានថវិកាសរុបជាង ៥០ម៉ឺនដុល្លារ។
សូមរំឭកថា «មូលនិធិ ស៊ីធីអិន ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ចាប់ផ្ដេីដំណេីរការជាផ្លូវការកាលពីថ្ងៃទី១១ ខែមិថុនា កន្លងទៅ ក្រោមការដឹកនាំរៀបចំពីអ្នកឧកញ៉ា គិត ម៉េង ដោយគោរពអនុវត្តន៍តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចសហការចូលរួមពីសមាគមសិល្បករខ្មែរ ក្រុមហ៊ុន Cellcard និងធនាគារវីង។
ឆ្លៀតក្នុងឱកាសបិទបញ្ចប់ដំណាក់កាលទី១នេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ជាប្រធានសមាគមសិល្បករខ្មែរ ក្នុងនាមអ្នកឧកញ៉ា គិត ម៉េង ប្រធាន «មូលនិធិ ស៊ីធីអិន ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» សូមសម្ដែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្រៅពីបានផ្ដួចផ្ដេីមជំរុញលេីកទឹកចិត្តហេីយនោះ សម្ដេចទាំងទ្វេក៏បានបរិច្ចាគថវិកាចំនួន៣០០លានរៀល ដល់មូលនិធិក្នុងការទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ព្រមទាំងបន្តអំពាវនាវដល់សប្បុរសជនជិតឆ្ងាយឱ្យមានការចូលរួមរួមបន្ថែមទៀតផង។
ម្យ៉ាងវិញទៀត លោកជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរ ក៏សូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមបរិច្ចាគទៅតាមលទ្ធភាពជាបន្តបន្ទាប់តាំងពីមុនពេល អំឡុងពេលផ្សាយផ្ទាល់ និងរហូតមកដល់ថ្ងៃបិទបញ្ចប់នេះ។
ជាមួយគ្នានោះ លោកជំទាវអ្នកឧកញ៉ាក៏សូមថ្លែងនូវការកោតសរសេីរ ថ្លែងអំរគុណ និងចងចាំជាប់ជានិច្ចនូវស្មារតីមហាសាមគ្គីប្រកបដោយឆន្ទ:មនសិកាស្នេហាជាតិរបស់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមលះបង់កម្លាំងកាយចិត្ត ពេលវេលាផ្ទាល់ខ្លួនរួចំណែកក្នុងដំណេីរការនៃ «មូលនិធិស៊ីធីអិនទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» តាំងពីថ្ងៃចាប់ផ្ដេីមរហូតដល់បិទបញ្ចប់។ ក្រៅពីការចូលរួមក្នុងសកម្មភាពដោយផ្ទាល់យ៉ាងសស្រាក់សស្រាំហើយនោះ ថ្នាក់ដឹកនាំ ក្រុមការងារ សិល្បករ-សិល្បការិនី ជាសមាជិកទាំងអស់ ក៏មាននូវសន្ដានចិត្តដ៏ប្រពៃចូលរួមឧបត្ថម្ភជាថវិកាទៅតាមលទ្ធភាព។
លោកជំទាវអ្នកឧកញ៉ាប្រធានសមាគមប្ដេជ្ញាបន្តនាំយកថវិកា ក៏ដូចជាសម្ភារ:ដែលបានពីសប្បុរសជន ដេីម្បីប្រគល់ជូនដល់កងទ័ព ដែលកំពុងឈរជេីងការពារព្រំដែនជាតិយ៉ាងអង់អាចក្លាហានក្នុងពេលឆាប់ៗនេះផងដែរ៕