(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំមន្ទីរជំនាញ ចុះធ្វើពិសោធន៍ទិន្នផលត្រីនៅតំបន់បឹងទន្លេសាប នារដូវបិទនេសាទ ក្នុងភូមិសាស្ត្រឃុំកំពង់លួង ស្រុកក្រគរ ក្រោយពីកម្លាំងចម្រុះចុះប្រតិបត្តិការបង្ក្រាបដូចភ្លៀងរលឹម រយៈពេលជាង១ឆ្នាំមកនេះ។

លោក ខូយ រីដា បានថ្លែងថា ថ្ងៃនេះក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងដោយមានការសំណូមពរពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការនេសាទត្រី លោកបានចុះមកពិនិត្យជាក់ស្តែង និងធ្វើពិសោធន៍ឃើញថា ទិន្នផលត្រីមានការឡើនឡើង ជាងបណ្តាឆ្នាំកន្លងៗទៅ។ នេះដោយសារតែបងប្អូនប្រជានេសាទ បានយល់ដឹងជ្រួតជ្រាបពីច្បាប់ជលផលច្រើន ហើយនៅសេសសល់មួយចំនួនតូច មិនទាន់បានចូលរួម។ លោកសង្ឃឹមថា នៅថ្ងៃខាងមុខបងប្អូនប្រជានេសាទក្នុងខេត្តពោធិ៍សាត់របស់យើង នឹងចូលរួមគោរពច្បាប់ជលផលដែលបានដាក់ចេញ ដើម្បីឱ្យទិន្នផលត្រីរបស់យើងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ជាការពិតណាស់ថា តួអង្គក្នុងថ្ងៃនេះ គឺកម្លាំងចម្រុះ រួមមានកម្លាំងរដ្ឋបាលជលបាល និងកងកម្លាំងប្រដាប់អាវុធទាំង៣ សម្រាប់ជួយថែរក្សាធនធានមច្ឆាជាតិ ក្នុងផ្ទៃទឹកបឹងទន្លេសាប។ ប្រសិនបើគ្មានតួអង្គកម្លាំងទាំងអស់នោះទេ ប្រហែលជាគ្មានត្រីសម្រាប់បងប្អូននេសាទនោះដែរ ព្រោះថាបងប្អូនប្រកដជាត្រង និងជញ្ជាត់យកធនធានមច្ឆាជាតិទាំងអស់ ជាក់ជាពុំខាន។

លោក ខូយ រីដា បានឱ្យដឹងថា ផ្អែកតាមគោលការ​ការ​ណែនាំ ​របស់​ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រីនៃកម្ពុជា កម្លាំង​នៃយោធភូមិ​ភាគ​ទី​៥ បានដាក់ពង្រាយគ្រប់គោលដៅ ដើម្បីបង្ក្រាប​បទល្មើស​នេសាទ ​នៅ​តំបន់បឹង​ទន្លេសាប និង​បាន​បំផ្លាញ​ចោលនូវ​ឧបករណ៍​នេសាទខុសច្បាប់ បានយ៉ាងច្រើន។

លោកបន្ថែមថា គោលបំណងតែមួយគត់ នៃប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនេះ គឺចង់ឱ្យប្រជា​នេសាទយើង ​ប្រកប​របរ​នេសាទ​ដោយ​ស្របច្បាប់ មិន​ត្រូវ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ហើយ​ត្រូវ​ចូលរួម​សហការ​ជាមួយ​កងកម្លាំង​ចម្រុះ ដែល​កំពុង​អនុវត្ត​ការងារនៅទីតាំងនេះ ឈានទៅអភិរក្ស និងធានានិរន្តរភាព ធនធានជលផល និងជីវចម្រុះ សម្រាប់កូនចៅយើងជំនាន់ក្រោយ​៕