(កំពង់ធំ)៖ លោកស្រី យស ថានារី សមាជិករដ្ឋសភា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានអញ្ជើញអធិបតីក្នុងពិធីប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥) ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សឃុំត្រពាំងឬស្សី ដោយមានអ្នកចូលរួម១០០នាក់។

លោកស្រី យស ថានារី បានអាននូវសុន្ទរកថាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជានកម្ពុជា ជូនអង្គមីទ្ទីងថា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ ជាថ្ងៃគម្រប់ខួប ៧៤ឆ្នាំ នៃការបង្កើតគណបក្ស ប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ មានប្រភពពីចលនាតស៊ូ របស់ប្រជាជនកម្ពុជាប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។ ចាប់ពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ក្នុងការ បម្រើបុព្វហេតុដ៏ឧត្តុង្គឧត្តមបំផុតរបស់ជាតិ និងប្រជាជន ឆ្លងកាត់ដំណាក់កាលធំៗរបស់ ប្រទេសជាតិប្រកបដោយវីរភាព គឺការតស៊ូប្រយុទ្ធដើម្បីឯករាជ្យជាតិ, ការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការតស៊ូរំដោះជាតិ, ការសង្គ្រោះជាតិពីរបបប្រល័យពូជ សាសន៍, ការការពារ ស្តារ និងកសាងប្រទេសឡើងវិញ និងការថែរក្សាសន្តិភាព ប្រឆាំង បដិវត្តន៍ពណ៌ និងការអភិវឌ្ឍ។ឆ្លងកាត់ក្នុងរយៈពេល ៤៦ឆ្នាំ មកនេះយើងអាចអះអាងប្រកបដោយ មោទនភាពបំផុត អំពីបណ្តាសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រដែលយើងសម្រេចបានក្នុងការស្តារ ការកសាង និងអភិវឌ្ឍសង្គមជាតិ ដោយចាប់ផ្តើមពីស្ថានភាពវិនាសអន្តរាយខ្ទេចខ្ទីដោយ អំពើប្រល័យពូជសាសន៍ និងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ មកកាន់ស្ថានភាពដែលប្រទេសជាតិ ទាំងមូលមានសន្តិភាព ឯកភាពជាតិពេញលេញ និងមានការផ្លាស់ប្តូររីកចម្រើនលើគ្រប់វិស័យ។

ការរស់ឡើងវិញរបស់ប្រជាជាតិខ្មែរយើង ដែលបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍, ការបង្កើតបានសន្តិភាពពេញលេញតាមរយៈ នយោបាយឈ្នះ ឈ្នះ និងការអភិវឌ្ឍដ៏រស់រវើករបស់សង្គមជាតិយើងបច្ចុប្បន្ននេះ គឺជាតថភាព ប្រវត្តិសាស្ត្រ ដែលយើងទាំងអស់គ្នាជាខ្មែរគប្បីមានការយល់ដឹងឱ្យបានច្បាស់ និងចងចាំជា និច្ចដើម្បីធានាការកសាងអនាគតមួយរបស់កម្ពុជាប្រកបដោយភាពរុងរឿង ដែលគ្មានអំពើប្រល័យពូជសាសន៍ គ្មានការបែកបាក់ជាតិ និងសង្គ្រាមជាថ្មីទៀត។ការសម្រេចបាននូវសន្តិភាពពេញលេញរយៈពេលជាង ២៦ ឆ្នាំមកនេះ បានអនុញ្ញាត ឱ្យយើងប្រមូលផ្តុំធនធានគ្រប់យ៉ាង និងកម្លាំងជាតិទាំងមូល ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យ មានការរីកចម្រើនយ៉ាងលឿន ដោយបានចេញផុតពីប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកំពុងប្រឹងប្រែងឆ្ពោះទៅសម្រេចចក្ខុវិស័យជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ ដើម្បីបន្តឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ឆ្លងតាមសមិទ្ធផលដ៏ថ្លៃថ្លាទាំងនេះ បានបង្ហាញច្បាស់ ថាព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ គឺមាគ៌ា សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។

មកដល់ពេលនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំគ្រប់គ្រងប្រទេសប្រកបដោយភាពជោគជ័យ សន្តិភាព និងស្ថិរភាពនយោបាយត្រូវបានការពារយ៉ាងរឹងមាំ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សង្គមមានភាពល្អប្រសើរ, សេដ្ឋកិច្ចបន្តមានកំណើន, សង្គមមានស្ថិរភាព ព្រមជាមួយនោះ កិត្យានុភាពជាតិក៏កាន់តែបានលើកកម្ពស់លើឆាកអន្តរជាតិ។ឆ្លងតាមការពិតជាក់ស្តែងទាំង អស់នេះ បានឆ្លុះបញ្ចាំងច្បាស់នូវការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ គណបក្សប្រជាជនកម្ពុជា ក្នុងការប្រគល់ភារកិច្ចដឹកនាំដល់ជួរអ្នកបន្តវេន។ ព្រមជាមួយនោះ តាមរយៈជ័យជម្នះដ៏ត្រចះត្រចង់របស់ គណបក្សប្រជាជនកម្ពុជាក្នុង ការបោះឆ្នោតទាំងអស់នេះ ក៏កាន់តែបង្ហាញឱ្យឃើញច្បាស់ថា ប្រជាជនកម្ពុជាត្រូវការចាំបាច់នូវតួនាទីដឹកនាំរបសគណបក្សប្រជាជនកម្ពុជាតទៅមុខទៀត ហើយបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះរាល់សកម្មភាពប្រទូសរ៉ាយរបស់ពួកប្រឆាំងជ្រុលនិយម មួយក្តាប់តូច ដែលប៉ុនប៉ងបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ បង្កភាពវឹកវរក្នុងសង្គម សំដៅឈានទៅបំផុសបដិវត្តន៍ពណ៌សាជាថ្មីទៀត។

គួរបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានឈ្មោះដើមថា បក្សប្រជាជនបដិវត្ដន៍ខ្មែរ បានបដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានប្រភពពីចលនាតស៊ូ របស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយម ដើម្បីឯករាជ្យជាតិ។ គណបក្សកសាងស្នាដៃ និងគុណបំណាច់ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជាជាច្រើន ជាពិសេស បានផ្ដូលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩៕