(ក្រចេះ)៖ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានណែនាំបន្ថែមដល់ក្រុមការងាររាជរដ្ឋាភិបាល ត្រូវពង្រឹងការផ្តល់នូវសេវាតម្រូវការនានាជូនប្រជាពលរដ្ឋ ឱ្យរហ័ស ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់បំផុតនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ សេវាតម្រូវការនេះរួមមានបណ្ណស្នាក់នៅ សំបុត្រកំណើត (អត្រានុកូលដ្ឋាន) សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ ឬកិច្ចការងារផ្សេងៗទៀតដែលពាក់ព័ន្ធនឹងតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់បងប្អូនប្រជាលរដ្ឋ។

ការណែនាំបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញជាអអធិបតីនៃកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នាសាលមហោស្រពខេត្ត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក វ៉ា ថន អភិបាលខេត្តក្រចេះ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមទាំងប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋាន ក្រុង ស្រុក ប្រមាណ៤០០នាក់។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា​ ក៏ស្នើសុំដល់អាជ្ញាធរមូលដ្ឋានមេភូមិ មេឃុំ ចៅសង្កាត់ សុំបន្តបម្រើប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ ដែលរក្សាឱ្យបាននូវវប្បធម៌ នៃការផ្តល់សេវាមួយដែលមានប្រសិទ្ធភាព គុណភាព ហើយផ្តល់នូវជំនឿទុកចិត្តជូនដល់ប្រជាពលរដ្ឋ។ ចំពោះការផ្តល់សេវានានាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាកិច្ចការងារមួយដ៏ចាំបាច់បំផុតរបស់អាជ្ញាធរ។

ប្រធានក្រុមការងាររាជរដ្ឋាភិបាល ក៏បានកោតសរសើរដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានរួមសហការគ្នាក្នុងទិសដៅរួមតែមួយប្រកបទៅដោយការទទួលខុសត្រូវខ្ពស់ដើម្បីបម្រើប្រជាពលរដ្ឋឱ្យបានល្អ។ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ដែលបានបង្កើតឡើងនេះ គឺជាផ្នែកមួយតំណាងឱ្យរាជរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ ដើម្បីរួមគិត និងដោះស្រាយបញ្ហាក្នុងការអភិវឌ្ឍមូលដ្ឋានអោយកាន់តែមានការរីកចម្រើន។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានកោតសរសើរក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុកទាំង៧ នៃខេត្តក្រចេះ ដែលរួមសហការសាមគ្គីគ្នាខិតខំប្រឹងប្រែងបំពេញរាល់កិច្ចការងារប្រៀបបានទៅនឹងយុទ្ធសាស្រ្តខ្យងបណ្តាក់គ្នា មានន័យថាក្រុមការងារបានធ្វើជាប្រចាំ ដើម្បីក្តាប់បញ្ហា និងដោះស្រាយបញ្ហាជូនដល់បងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា។

បន្ថែមពីនេះ ប្រធានក្រុមការងារបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រធាន អនុប្រធាន សមាជិកទាំងនៃក្រុមការងាររារដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមក្នុងសកម្មភាពការងារចុះមូលដ្ឋាន ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលបានដាក់ចុះ គឺការផ្សារភ្ជាប់រវាងអ្នកបម្រើរាស្រ្ត និងរាស្រ្ត។ លទ្ធផលល្អដែលសម្រេចបានក្នុងរយៈពេលកន្លងមកនេះបានបង្ហាញពីការប្រឹងប្រែងរបស់អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ហើយក៏បង្ហាញពីការបន្តផ្តល់នូវសេវាសាធារណៈល្អ ដោយបានក្តាប់ជាប់នូវអ្វីដែលជាសេវាសំណូមពរ និងសេវាតម្រូវការ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា លទ្ធផលការងារដ៏ល្អនេះបានបង្ហាញឱ្យឃើញនូវស្មារតីរឹងមាំរបស់ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការបម្រើបងប្អូនប្រជាពលរដ្ឋ ជាពិសេសឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ នោះគឺការធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍដែលជាកត្តាសំខាន់ចាំបាច់បំផុតដែលទាំងអស់គ្នាត្រូវការ។ ដូច្នេះ ហើយក្រុមការងាររាជរដ្ឋាភិបាល អាជ្ញាធរដែនដី ក្រុង ស្រុក ចាំបាច់ណាស់ត្រូវមានវិធានការគ្រប់បែបយ៉ាងទាំងអស់ដើម្បីធានាឱ្យបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ។

ប្រធានក្រុមការងារ បានបញ្ជាក់ពីទិសដៅសំខាន់ៗរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត គឺបន្តបេសកកម្មរួមមួយដោយត្រូវអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។ ក្រុមការងារថ្នាក់ជាតិ គឺជាចំណងភ្ជាប់រវាងរដ្ឋាភិបាលថ្នាក់ជាតិជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិដោយជួយតម្រង់ទិស គាំទ្រ និងជួយជំរុញការលើកកម្ពស់សមត្ថភាពស្ថាប័ននៅមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋានក្នុងការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលសំដៅធ្វើការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបនឹងសំណើនិងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននីមួយៗប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

បន្ទាប់ពីស្តាប់របាយការណ៍លើកឡើងដោយលោក ដួង ពៅ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត អំពីលទ្ធផលនៃការចុះធ្វើសកម្មភាពការងារ និងជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាលទាំង ៧ក្រុង ស្រុករួចមក, លោក វ៉ា ថន អភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក លោកស្រីជាថ្នាក់ដឹកនាំ សមាជិកក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ដែលបានប្រឹងប្រែងរួមសហការសាមគ្គីក្នុងការបំពេញកិច្ចការងារ កន្លងមកបានយ៉ាងល្អ។ ទិសដៅការងារបន្តដើម្បីពង្រឹងប្រសិទ្ធិភាពការងារ និងពង្រីកភាពខ្លាំងរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដើម្បីបន្តសកម្មភាពបម្រើប្រជាពលរដ្ឋ នៅគ្រប់តំបន់មូលដ្ឋានក្នុងខេត្តបានកាន់តែល្អប្រសើរទ្វេឡើងទៀត៕