(ព្រះសីហនុ)៖ អាជ្ញាធរខេត្តព្រះសីហនុ ចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រកែច្នៃឈើដាំ (ពីដើមអាកាស្យា និងដើមប្រេងខ្យល់) ដែលមានទុនវិនិយោគប្រមាណជិត៥លានដុល្លា មានទីតាំងស្ថិតនៅភូមិសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ការចុះពិនិត្យនេះ បានធ្វើឡើងនាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដឹកនាំដោយលោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ មានការចូលរួមពីតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេសជាច្រើនរូបទៀត។
លោក ឡុង ឌីម៉ង់ បានធ្វើការណែនាំដល់អ្នកវិនិយោគ ឲ្យសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីបំពេញលក្ខខណ្ឌនានាដែលច្បាប់បានកំណត់ និងបានពិនិត្យលទ្ធភាពជួយសម្របសម្រួលនីតិវិធីមួយចំនួនដែលស្ថិតនៅក្នុងដែនសមត្ថកិច្ច របស់អនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីកាត់បន្ថយរយៈពេលរង់ចាំច្បាប់អនុញ្ញាតរបស់ក្រុមហ៊ុន។
ជាមួយគ្នានេះ លោកអភិបាលរង បានស្នើដល់វិនិយោគិនត្រូវអនុវត្តតាមការណែនាំរបស់មន្ទីរអង្គភាពជំនាញ និងគោរពច្បាប់ គត្តិយុត្តនានារបស់កម្ពុជា និងត្រូវធ្វើយ៉ាងណាផ្តល់អាទិភាពការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន និងជាពិសេសពលករដែលត្រឡប់មកពីប្រទេសថៃវិញ។
សូមបញ្ជាក់ថា គម្រោងរោងចក្រកែច្នៃឈើដាំ (ពីដើមអាកាស្យា និងដើមប្រេងខ្យល់) មានទុនវិនិយោគសរុបប្រមាណ៤,៦៩លានដុល្លារអាមេរិច ស្ថិតនៅភូមិសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕