(កោះកុង)៖ លោក មាស ប៊ុនឡី ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង តំណាងលោក ចៅ​ ភិរិទ្ធ​ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញរៀបចំប្រារព្ធមិទ្ទិញអបអរសាទរខួប៧៤ឆ្នាំ ថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥)។

ពិធីនេះក៏មានការចូលរួមពីក្រុមការងារចុះជួយឃុំកណ្ដោល ស្រុកបទុមសាគរ ខេត្តកោះកុង ដែលមានសមាជិក សមាជិកា ចូលរួមប្រមាណជិត៦០០នាក់។

លោក មាស ប៊ុនឡី បានអានសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ថ្ងៃនេះជាទិវាដ៏ឱឡារិកនិងមានអត្ថន័យជ្រាលជ្រៅក្រៃលែងសម្រាប់ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់រូប ក៏ដូចជនរួមជាតិនៅទូទាំងប្រទេស និងនៅក្រៅប្រទេស ដែលកំពុងចូលរួមអបអរសាទរយ៉ាងក្លៀវក្លានូវខួបអនុស្សាវរីយ៍លើទី ៧៤ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។

លោកបានអានបន្តថា គណបក្សមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ ត្រូវបានបង្កើតនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩៥១ មានប្រភពពីចលនាតស៊ូរបស់ប្រជាជនប្រឆាំងអាណានិគមនិយមដើម្បីឯករាជ្យជាតិ ដោយរួមសាមគ្គី ប្រកៀកស្មាគ្នាយ៉ាងជិតស្និទ្ធជាមួយចលនាតស៊ូរបស់ប្រជាជនវៀតណាម និងប្រជាជនឡាវ ដែលមានសត្រូវរួម គឺពួកអាណានិគមនិយម។

ចាប់ពីពេលបដិសន្ធិមកដល់បច្ចុប្បន្ន គណបក្សបានផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ធ្វើដំណើរលើមាគ៌ាមួយយ៉ាងវែងឆ្លងកាត់ដំណាក់កាលជាច្រើន នៃប្រវត្តិសាស្ត្រប្រកបដោយវីរភាពដើម្បីបុព្វហេតុធំៗរបស់ជាតិ គឺការតស៊ូរំដោះជាតិពីពួកអាណានិគមនិយម, ការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការផ្ដួលរំលំរបបប្រល័យពូជសាសន៍សង្គ្រោះជាតិឲ្យរស់ឡើងវិញ, ការការពារជាតិ និងស្ដារកសាងប្រទេសឡើងវិញ, ការកសាងសន្តិភាព និងការថែរក្សាសន្តិភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។

លោក មាស ប៊ុនឡី បានបន្តថា ការប្រារព្ធពិធីនេះឡើង ក្នុងស្មារតីគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបុព្វការីជន សមាជិក សមាជិកាគណបក្ស កម្មាភិបាល យុទ្ធជន យុទ្ធនារីដ៏អង់អាច និងអ្នកស្នេហាជាតិខ្មែរនៅគ្រប់ទិសទីដែលបានធ្វើការតស៊ូ និងលះបង់យ៉ាងធំធេងនៅគ្រប់ដំណាក់កាល ដើម្បីបុព្វហេតុដ៏ឧត្ដុង្គឧត្តមទាំងនេះ ធ្វើឲ្យប្រជាជាតិមាតុភូមិជាទីស្នេហាបានស្ថិតស្ថេរ រីកចម្រើនរហូតមកដល់បច្ចុប្បន្ន។ យើងទាំងអស់គ្នាចងចាំជានិច្ចនូវគំរូវីរភាពដ៏ថ្លៃថ្លាបំផុតនេះ ហើយប្ដេជ្ញាយកអស់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីការពារមាតុភូមិ ការពាររាល់សមិទ្ធផលរបស់ជាតិ ឲ្យគង់វង្សជារៀងរហូត។

លោកបានបន្តថា តាមរយៈជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បានផ្តល់លទ្ធភាពពេញលេញឲ្យគណបក្សប្រគល់ភារកិច្ចដឹកនាំដល់ជួរអ្នកបន្តវេនវ័យក្មេង ដែលគណបក្សបានអប់រំបណ្ដុះបណ្ដាល និងត្រៀមលក្ខណសម្បត្តិ យ៉ាងម៉ត់ចត់បំផុត។ ឆ្លងកាត់រយៈពេលជិតពីរឆ្នាំមកនេះ រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ ដែលដឹកនាំដោយ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត បានពុះពារជម្នះបញ្ហាប្រឈមជាច្រើនសម្រេចបានសមិទ្ធផលលើគ្រប់វិស័យប្រកបដោយមោទនភាព ដែលបានឆ្លុះបញ្ចាំងឲ្យឃើញច្បាស់អំពីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះ លោក មាស ប៊ុនឡី និងលោកស្រី ហ៊ឹម ច្រឹប ក៏បានឧបត្ថម្ភកម្មវិធីប្រារព្ធមិទ្ទិញអបអរសាទរខួប៧៤ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា នូវថវិកាមួយចំនួនផងដែរ៕