(កណ្តាល)៖ សមត្ថកិច្ចបានរកឃើញសពលោកតាលោកយាយម្ចាស់ទូកដកោះមាសនៅស្រុកកៀនស្វាយហើយ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ដែលមានចម្ងាយប្រហែលមួយគីឡូម៉ែត្រពីទីតាំងកើតហេតុ។
សពលោកតា លោកយាយ ត្រូវជាឪពុកម្ដាយរបស់លោក សុខុម អតីតអ្នកសារព័ត៌មានប្រចាំខេត្តកណ្ដាល ដែលលោកទើបស្លាប់ប្រមាណជាជិតមួយឆ្នាំកន្លងទៅនេះដោយរោគាពាធ។
គ្រួសារដ៏អភ័ព្ទនេះត្រូវបានក្រុមអ្នកសារព័ត៌មាននៅខេត្តកណ្ដាល បានសំដែងនូវក្ដីអាឡោះអាល័យ ស្រណោះ និងអាណិតជាពន់ពេក ដែលលោក សុខុម ជាអ្នកសារព័ត៍មាន មានជម្ងឺរ៉ាំរ៉ៃរហូតដល់ស្លាប់ រីឯឪពុកម្ដាយរបស់លោក ទោះមានជរាភាព មានជម្ងឺប្រចាំកាយយ៉ាងណាក្ដី ក៏ខិតខំតស៊ូរកស៊ីរត់ទូកដទាំងត្រដាបត្រដួសរហូតដល់ថ្នាក់ស្លាប់ដោយសារលិចទូកដរបស់ខ្លួននៅពាក់កណ្ដាលអាធ្រាតថែមទៀតខណៈដែលពួកគាត់កំពុងសម្រាន្តលង់លក់។
សមត្ថកិច្ចឲ្យដឹងថា សាកសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីហើយ។
សមត្ថកិច្ចនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា ហេតុការណ៍លិចទូកដ បានកើតឡើងកាលពីអំឡុងរំលងអាធ្រាត្រឆ្លងចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចកំពង់ចម្លងកោះមាស ស្ថិតក្នុងភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ។
លោកតានិងលោកយាយ ដែលបាត់ខ្លួនជាប្តីប្រពន្ធហ្នឹងគ្នា និងជាថៅកែទូកដខាងលើដោយប្តីឈ្មោះ ភោគ ផុន អាយុ៧៥ឆ្នាំ និងប្រពន្ធឈ្មោះ ព្រំ រ៉ុង អាយុ៧៣ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំ កើតហេតុ៕