(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ ប្រធាន FTC នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានលើកឡើងថា អត្ថបទអត្ថាធិប្បាយ គឺជាអត្ថបទ ដែលផ្តល់នូវការបកស្រាយមតិ ឬទស្សនៈផ្ទាល់ខ្លួន លើព្រឹត្តិការណ៍បច្ចុប្បន្ន ឬបញ្ហាសង្គម ហើយការសរសេរអត្ថបទអត្ថាធិប្បាយ ត្រូវមានទស្សនៈច្បាស់លាស់ ឬស្ថានភាពគាំទ្រច្បាស់លាស់។
នៅក្នុងថ្នាក់សិក្សានេះ លោក ម៉ារ យ៉ារិទ្ធិ បានបន្ដថា៖ «គោលបំណងមិនមែនរាយការណ៍អំពីព្រឹត្តិការណ៍ទេ ប៉ុន្តែសម្រាប់បញ្ចេញមតិ ឬវិភាគ ដោយផ្អែកលើភស្ថុតាង។ អត្ថបទអត្ថាធិប្បាយ គឺដើម្បីវិភាគ រិះគន់ ការពារ ឬបកស្រាយព្រឹត្តិការណ៍ព័ត៌មាន, គោលនយោបាយ ឬប្រធានបទណាមួយ និងក្នុងបំណង់ចង់បង្កើនឥទ្ធិពលរបស់វាលើមតិសាធារណៈ។
លោក ម៉ារ យ៉ារិទ្ធិ បន្ថែមថា ការសរសេរ គឺត្រូវផ្តោតលើទស្សនៈរបស់អ្នក។ ត្រង់នេះមានន័យថា តើអ្នកជឿលើអ្វី? អ្នកត្រូវពន្យល់ពី អ្វីដែលអ្នកជឿ ជាមួយការទាញហេតុផល, យោងឧទាហរណ៍ ឬករណីជាក់ស្តែង រួមទាំងភស្ថុតាង, វិភាគផលប៉ះពាល់ (តើនរណាទទួលផល, តើនរណាទទួលទុក្ខ, តើអ្វីជាផលប៉ះពាល់វែង) ពិចារណាពីវិស័យនយោបាយ សង្គម សេដ្ឋកិច្ច ឬច្បាប់សីលធម៌។ ចុងបញ្ចប់ ត្រូវបង្ហាញភាពរឹងមាំ ឬអំពាវនាវ ឬសរសេរបញ្ចប់ ដោយសារសម្តីឱ្យគេត្រូវចងចាំសេចក្តីព្រមាន ឬស្នើអ្វីមួយឱ្យមានការផ្លាស់ប្តូរ លើកទឹកចិត្តអ្នកអានក្នុងឆ្លុះបញ្ចាំងសកម្មភាព ឬការគាំទ្រគំនិតរបស់យើង។
បន្ថែមពីនេះ លោក ម៉ារ យ៉ារិទ្ធិ បានបញ្ជាក់ពីលក្ខណៈសំខាន់ៗនៃការការសរសេរអត្ថបទអត្ថាធិប្បាយរួមមាន៖
១៖ បញ្ចេញមតិ ឬអំណះអំណាងច្បាស់លាស់
២៖ អាចដកស្រង់ការពិត ប៉ុន្តែផ្តោតលើការវិភាគ និងហេតុផល
៣៖ ជាញឹកញាប់ មានការរួមបញ្ចូលអារម្មណ៍ ឬភាសាបញ្ចុះបញ្ចូល
៤៖ Tone និងអត្តសញ្ញាណរបស់អ្នកនិពន្ធ គឺត្រូវឱ្យច្បាស់លាស់
៥៖ ជាធម្មតា គឺអត្ថបទអត្ថាធិប្បាយមានលក្ខណៈវែងជាង ជាមួយនឹងការដាក់ចំណងជើងដ៏ទាក់ទាញ, ការប្រើ Lead ដ៏ខ្លាំងមួយ, Nut-Graf, Body និងការសន្និដ្ឋាន។
សូមជម្រាបថា មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើង នៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។
FTC មាន លោក ម៉ារ យ៉ារិទ្ធ ជាប្រធាន ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។ នៅក្រោយការបញ្ចប់វគ្គសិក្សា សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ផងដែរ៕