(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ក្នុងបរិវេណស្នាក់ការគណបក្សឃុំរំលេច ស្រុកស៊ីធរកណ្ដាល លោកបណ្ឌិត តុប នេត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុក សហការជាមួយគណៈកម្មាធិការគណបក្សស្រុក រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១- ២៨ មិថុនា ២០២៥)។

សមាសភាពអញ្ជើញចូលរួមនាឱកាសនោះរួមមាន៖ លោក លោកស្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក គណៈកម្មាធិការគណបក្សស្រុក គណៈកម្មាធិការគណបក្សឃុំទាំង១១ មន្ត្រីរាជការ យុវជនបក្ស អាចារ្យ គណៈកម្មការ សកម្មជន និងប្រជាជនសរុបចំនួន១០៤៦រូប។

បន្ទាប់ពីបានស្ដាប់នូវសុន្ទរកថាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកបាទពាំនាំនូវសេចក្ដីនឹករលឹក និងសួរសុខទុក្ខរបស់សម្តេចប្រធាន​ សម្តេចអនុប្រធាន​ និងថ្នាក់ដឹកនាំគណបក្ស​ប្រជាជនកម្ពុជា ជូនដល់អុំពូមីង បងប្អូន ជាសមាជិក សមាជិកា ដែលអញ្ជើញចូលរួមក្នុងអង្គកម្មវិធី។

ជាមួយគ្នានោះ លោកបានធ្វើការសំណេះសំណាលជាមួយសមាជិកសមាជិកា នៃអង្គពិធីទាំងអស់ ដោយលើកឡើងបញ្ហាមួយចំនួនរួមមាន៖

*ទី១៖ គុណបំណាច់ដែលមិនអាចបំភ្លេចបានរបស់គណបក្សប្រជាជនក្នុងការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍
*ទី២៖ ស្នាដៃនៃការកសាង និងអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា
*ទី៣៖ បច្ចុប្បន្នភាពនយោបាយអន្តរជាតិ ជាពិសេសការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលចំពោះបញ្ហាវិវាទព្រំដែនកម្ពុជា-ថៃ។ល៕