(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានលើកឡើងថា ចំនួនសហគ្រាសគ្រឹះស្ថាន នៅក្នុងប្រទេសកម្ពុជា បានកើនដល់៤៥,៣៨៦សហគ្រាស ដែលមានកម្មករនិយោជិត សរុប១,៨៧លាននាក់ កើនប្រមាណ៥ម៉ឺននាក់។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយដ៏ចំណាស់នៅកម្ពុជា និងជាគណបក្សនយោបាយបង្អែកដ៏រឹងមាំរបស់ជាតិកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ រៀបចំប្រារព្ធមិទ្ទិញអបអរសាទរខួប ៧៤ឆ្នាំថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥)។
ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន, សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសបក្ស អនុប្រធានបក្សទាំង៥រូប សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចក្រឡាហោម ស ខេង សម្តេចពិជ័យសេនា ទៀ បាញ់ សម្ដេចកិត្តិសង្គហបណ្ឌិត មែន សំអន សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នះថា «ចំនួនសហគ្រាសគ្រឹះស្ថាន បានកើនពីចំនួន ៤៤,៧៩៨ ដល់ចំនួន៤៥,៣៨៦ ដែលមានកម្មករនិយោជិតសរុប១.៨៧ លាននាក់ កើនប្រមាណ ៥ម៉ឺននាក់»។
លើសពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ការបង្កបង្កើនផលស្រូវ រដូវប្រាំងឆ្នាំ ២០២៥ សម្រេចបាន ៩០៧,៨៨៩ហិចតា លើសឆ្នាំមុន ៦៧,៧០១ហិចតា ឯការប្រមូលផលស្រូវរដូវប្រាំងសម្រេចបាន៤,២៥៤,៥០៨តោន លើសឆ្នាំមុន ៤១៨,០០០តោន ស្មើនឹង១០,៩០%។
សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា កម្ពុជាបានទទួលទេសចរអន្តរជាតិ ចំនួន២.៩៥លាននាក់ កើន១១.៧% ឯទេសចរជាតិមានចំនួន ១៣.១៦លាននាក់ កើន៥០% ធៀបនឹងរយៈពេល ៥ខែ ឆ្នាំ ២០២៤។
ជាមួយគ្នានេះ ការកសាងពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ប្រព័ន្ធធារាសាស្ត្រ ផ្លូវ ស្ពាន អគ្គិសនី ព្រែកជីក កំពង់ផែ
ព្រលានយន្តហោះ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន -ល- កំពុងត្រូវបានជំរុញយ៉ាងខ្លាំងថែមទៀត។ នេះការគូសបញ្ជាក់បន្ថែម របស់សម្ដេចតេជោ ហ៊ុន សែន។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ឆ្លងតាមលទ្ធផលជាក់ស្ដែងទាំងអស់នេះ បានបង្ហាញថា រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តនូវអ្វីៗ ដែលជាការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះមុខប្រជាជនប្រកបដោយជោគជ័យ៕